អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

តៃវ៉ាន់៖ ចិន​ផ្អាក​​ទំនាក់ទំនង​ និង​​កិច្ចសហប្រតិបត្តិការ​​មួយ​ចំនួន ជាមួយ​​សហរដ្ឋ​​​អាមេរិក

ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះទាបបំផុត បន្ទាប់ពី​លោកស្រីណាន់ស៊ី ប៉េឡូស៊ី បានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់។​ ជាវិធានការប្រឆាំងនឹងទស្សនកិច្ចនេះ រដ្ឋាភិបាលចិន បានប្រកាស​ ផ្អាកទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយ​សហរដ្ឋអាមេរិក ក្នុងនោះគឺមានសំណុំរឿងអាកាសធាតុ ការប្រយុទ្ធប្រឆាំង​នឹងការកើនឡើងកំដៅផែនដីជាដើម។​

លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និង​លោក​អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក ក្នុងពេលជួបគ្នានៅកោះបាលី ថ្ងៃទី២ កក្កដា ២០២២
លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និង​លោក​អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក ក្នុងពេលជួបគ្នានៅកោះបាលី ថ្ងៃទី២ កក្កដា ២០២២ AP - Stefani Reynolds
ផ្សាយពាណិជ្ជកម្ម

ក្រៅពីការ​ធ្វើសមយុទ្ធយោធា រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃសុក្រទី​៥សីហាថា ខ្លួននឹង​ផ្អាក​ទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិក នៅលើ​សំណុំរឿងមួយចំនួន។ កិច្ចសហប្រតិបត្តិការ​ និងការចរចាគ្នា រវាងអាមេរិក និងចិន ពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំង នឹងការកើនឡើងកំដៅផែនដី នឹងត្រូវផ្អាកចាប់ពីពេលនេះទៅ។ កិច្ចប្រជុំមួយឆ្នាំម្តង រវាង​ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំង២ ព្រមទាំង​កិច្ចប្រជុំចំនួន​២ស្តីពីបញ្ហាសន្តិសុខ ក៏ត្រូវបាន​រដ្ឋាភិបាលចិន សម្រេចលុបចោលដែរ។ បន្ថែមពីនេះទៀត ភាគីចិនអះអាងថាគេក៏នឹងផ្អាកកិច្ចសហការជាមួយអាមេរិកដែរ នៅក្នុងកិច្ចការអន្តោប្រវេសន៍ វិស័យ​យុត្តិធម៌ ឧក្រិដ្ឋកម្ម និង​ការប្រយុទ្ធប្រឆាំង​ការ​ជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងតែធ្លាក់ចុះខ្លាំងបំផុត ដោយសារតែសំណុំរឿងកោះតៃវ៉ាន់។ ការព្យួរកិច្ចសហប្រតិបត្តិការ​ ក្នុងសំណុំរឿងអាកាសធាតុ វាគឺជារឿងមួយគួរឲ្យសោកស្តាយខ្លាំងណាស់ សំរាប់ភពផែនដីយើង ខណៈចិន និងអាមេរិក គឺជាមហាអំណាចបញ្ចេញឧស្ម័នកាបូនិក​ ច្រើនជាងគេបំផុត។

ក្រសួងការបរទេសចិន បានចេញលិខិតប្រកាសដំណឹងនេះ ដោយ​បាន​លើកឡើងថា នេះគឺជាវិធានការ​ឆ្លើយតប ចំពោះអាកប្បកិរិយាបំពាន និងមើលងាយ​ របស់​លោកស្រីណាន់ស៊ី ប៉េឡូស៊ី។ ភាគីចិនបន្ទោសថា លោកស្រី​ប្រធានសភាអាមេរិករូបនេះ មិន​ឲ្យតម្លៃដល់រដ្ឋាភិបាលចិនទាល់តែសោះ ដែលបានចចេស មិនស្តាប់​ការ​​​ជំទាស់របស់ចិន​។ ក្រសួងការបរទេសចិន បានថ្កោលទោស ថាលោកស្រី​ប៉េឡូស៊ី បានលូកដៃកកូរកកាយ​ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើ​ឲ្យ​ប៉ះពាល់ដល់​អធិបតេយ្យភាពជាតិ និងបូរណភាពជាតិចិន។

ដោយ​មិនបានបញ្ជាក់លំអិត ក្រសួងការបរទេសចិនអះអាងថា គេនឹងដាក់ទណ្ឌកម្មទៅលើ​រូបលោកស្រីណាន់ស៊ី ប៉េឡូស៊ី ព្រមទាំង​ក្រុមគ្រួសារផង​។ រី​ឯសមយុទ្ធយោធា គឺកងទ័ពចិន នឹងបន្តអនុវត្តរហូតដល់ថ្ងៃអាទិត្យ តាមការគ្រោងទុក។

ទាក់ទិននឹងការធ្វើសមយុទ្ធយោធារបស់ចិននេះ រដ្ឋបាលអាមេរិក បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន ឲ្យចូលទៅបំភ្លឺនៅសេតវិមាន។ លោក John Kirby អ្នកនាំពាក្យសេតវិមាន​បាន​លើកឡើងថា រដ្ឋបាល​អាមេរិក បាន​ប្រាប់ទៅភាគីចិន ថាការធ្វើសមយុទ្ធយោធានេះ ជា​ទង្វើគ្មានការទទួលខុសត្រូវ ព្រោះវា​ធ្វើ​ឲ្យ​ខូច ដល់ស្ថិរភាព​ សន្តិភាពតំបន់។

យោងតាមប្រភពពី​រដ្ឋាភិបាលតៃវ៉ាន់ យ៉ាងហោចណាស់ មានយន្តហោះចម្បាំងចិនចំនួន ៦៨គ្រឿង ព្រមទាំងនាវាចម្បាំង១៣គ្រឿង បានបោះពួយឈានចូលហួសបន្ទាត់ពុះចែក ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលចែកតៃវ៉ាន់ ពីចិនដីគោក។ ភាគីជប៉ុនវិញអះអាងថា យ៉ាងហោចណាស់ មានមីស៊ីល​បាលីស្ទីកចិន ចំនួន៥គ្រាប់ បានហោះរំលងពីលើតៃវ៉ាន់ ហើយ​បាន​ធ្លាក់ចូលដែនទឹករបស់ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ