អានតួអត្ថបទ

តៃវ៉ាន់ចោទ​ចិន​ថាប្រើ​លេស​ធ្វើ​​សមយុទ្ធដើម្បី​ឡោម​ព័ទ្ធកោះ

នៅ​តៃវ៉ាន់ ថ្ងៃទី៦កក្កដា អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​កម្មវិធី​ផលិត​មីស៊ីល របស់ក្រុង​តៃប៉ិ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ព្រោះតែ​ជំងឺ​គាំងបេះដូង។ អាយុ​៥៧ឆ្នាំ លោក អ៊ូយ៉ាង លីស្ស៊ីង (Ouyang Li-hsing) ជា​អនុប្រធានវិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេទេស​ ដែល​ទទួល​បន្ទុក​កិច្ច​ការ​ផលិត​មីស៊ីល​របស់​កោះតៃវ៉ាន់។ លោក​​ទើបតែ​ចូល​កាន់តំណែង​ក្នុង​នៅ​ឆ្នាំ​នេះតែប៉ុណ្ណោះ។ មរណភាព​ដោយ​សារ​គាំង​បេះ​ដូង​នេះ គឺ​ជួនចំពេល​ដែល​កោះ​តៃវ៉ាន់​ រង​ការ​«ឡោមព័ទ្ធ»​ ដោយសារតែ​សមយុទ្ធយោធា​ដ៏​ធំសម្បើម​របស់​ចិនប៉េកាំង។

យោងតាមប្រភពពីអាជ្ញាធរតៃវ៉ាន់ កាលពីថ្ងៃសុក្រ មានយន្តហោះចម្បាំងចិនចំនួន ៦៨គ្រឿង ព្រមទាំងនាវាចម្បាំង១៣គ្រឿង បានបោះពួយឈានចូលហួសបន្ទាត់ពុះចែក ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលចែកតៃវ៉ាន់ ដីកោះ ពីចិនដីគោក។
យោងតាមប្រភពពីអាជ្ញាធរតៃវ៉ាន់ កាលពីថ្ងៃសុក្រ មានយន្តហោះចម្បាំងចិនចំនួន ៦៨គ្រឿង ព្រមទាំងនាវាចម្បាំង១៣គ្រឿង បានបោះពួយឈានចូលហួសបន្ទាត់ពុះចែក ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលចែកតៃវ៉ាន់ ដីកោះ ពីចិនដីគោក។ AFP - HECTOR RETAMAL
ផ្សាយពាណិជ្ជកម្ម

ក្រុង​ប៉េកាំង​ បាន​បើក​សមយុទ្ធ​​យោធា​ទ្រង់​ទ្រាយ​ធំ ដែល​គ្រោង​ធ្វើ​ចំនួន​៤ថ្ងៃ​ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ និង​បន្ត​ទៀត​រហូត​ដល់​ថ្ងៃអាទិត្យ​​។ ការ​បំផ្លោងពាក្យ​​សម្តី​ពីក្រុង​តៃប៉ិ មាន​ជាហូរហែ តាំងពី​ថ្ងៃ​ធ្វើ​សមយុទ្ធដំបូង​មកម្ល៉េះ​។   នៅសៅរ៍​នេះទៀត​ តៃវ៉ាន់ បាន​ចោទ ចិន ថាប្រើលេសធ្វើសមយុទ្ធដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់។

អាជ្ញាធរតៃវ៉ាន់ ​ថ្ងៃ​សៅរ៍ទី​៦កក្កដា បាន​អះអាងថា ចិន​បន្ត​ធ្វើ​សមយុទ្ធ​ធំ ហើយ​ហាក់​ដូចជា​មាន​លក្ខណៈ​​សមយុទ្ធ​ឡោមព័ទ្ធ​ បិទផ្លូវ បិទច្រក កោះ​តៃវ៉ាន់ តែម្តង។ គឺមិនធ្លាប់​មានទេ ពីមុន​មក។​ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ បញ្ជាក់ទៀត​ថា យន្តហោះ​និង​នាវាចិន បាន​ចូល​ម​កកៀក​កោះ​តៃវ៉ាន់​មែនទែន និង​ឆ្លង​ផុត​គំនូរ​បន្ទាត់​ហាមឃាត់​ទៅទៀត។​

យោងតាមប្រភពពី​អាជ្ញាធរ​តៃវ៉ាន់ កាលពីថ្ងៃសុក្រ ​មានយន្តហោះចម្បាំងចិនចំនួន ៦៨គ្រឿង ព្រមទាំងនាវាចម្បាំង១៣គ្រឿង បានបោះពួយឈានចូលហួសបន្ទាត់ពុះចែក ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលចែកតៃវ៉ាន់ ដីកោះ​ ពីចិនដីគោក។ ខ្សែបន្ទាត់​នេះ គឺ​គូស​កំណត់​ដោយ​សហរដ្ឋអាមេរិក នា​អំលុង​ពេល​សម័យ​សង្គ្រាមត្រជាក់ ដែល​ ចិន ​មិន​ដែល​ទទួល​ស្គាល់​ឡើយ​។​

សារព័ត៌មាន​រដ្ឋ​ចិន ជាច្រើន​ និង​ ទូរទស្សន៍​ចិន CCTV បាន​អះអាង​ថា​ មាន​មីស៊ីលចិន​ជា​​ច្រើន​គ្រាប់ ​បាន​ហោះ​រំលង​និងហោះ​លើ​កោះតៃវ៉ាន់ ហើយ​នេះ​ជា​លើកទី១​ មិន​ដែលធ្លាប់​ឃើញ​ពីមុនសោះ​​។​

ភាគីពី​ជប៉ុន ក៏​បញ្ជាក់ថា យ៉ាងហោចណាស់ មានមីស៊ីល​បាលីស្ទីកចិន ចំនួន៥គ្រាប់ បានហោះរំលងពីលើតៃវ៉ាន់ ហើយ​បាន​ធ្លាក់ចូលដែនទឹករបស់ជប៉ុន។​

ពីចំណែកភាគី​ចិន​ប៉េកាំង​វិញ ទីបញ្ជាការ​យោធាចិន បាន​ប្រកាសថា បា​នដាក់​ពង្រាយ​យន្តហោះ​ចម្បាំង នាវា​ច​ម្បាំង ​​យន្តហោះ​ពិឃាត ហើយ​និង​នាវា​អម​ដំណើរ​ជាច្រើន ដែល​ចូលរួម​ប្រតិបត្តិការណ៍​សមយុទ្ធ​យោធានានេះ «ទាំង​ថ្ងៃទាំងយប់»។​

ទំហំ​នៃ​សមយុទ្ធ​របស់​ចិន ធំធេង ធ្វើ​ឲ្យប្រទេស​បច្ចិមលោក​ថ្លែងក្តីព្រួយ​ ហើយ​ប្រទេស​ធំៗ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ G7 រួម​និង​សហរដ្ឋអាមេរិក ដែល​ជា​មិត្តរបស់​តៃវ៉ាន់ផង​ បាន​ថ្កោលទោស​រដ្ឋអំណាច​ក្រុង​ប៉េកាំង។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោនថែមទាំងបាន​កោះ​ហៅ​ឯកអគ្គរដ្ឋចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក​ Qin Gang ទៅ​សួរ​ដេញដោល​ ហើយ​និង​អង្អុល​បង្ហាញ​ពី​សកម្មភាព​ដែល​មាន​គ្មាន​ការ​ទទួល​ខុសត្រូវ​ពី​សំណាក់​ក្រុង​ប៉េកាំងថែមទៀត​។​

ទោះ​ជា​យ៉ាងនេះក្តី  ក្រសួង​ការបរទេស​ចិន បានប្រកាសស្រេច​ហើយថា​ ចិន​ផ្អាកទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការមួយចំនួនជាមួយ​សហរដ្ឋអាមេរិក ក្នុងនោះ គឺមានសំណុំរឿងអាកាសធាតុ និង​ការប្រយុទ្ធប្រឆាំង​នឹងការកើនឡើងកម្តៅ​ផែនដីជាដើម ដែល​បាន​រដ្ឋ​ទាំងពីរ​ព្រម​ព្រៀង​គ្នា​​កាល​ពីឆ្នាំទៅមិញ។

អ្នក​ជំនាញ​អាកាសធាតុ Alden Meyer នៃ E3G បាន​សម្តែងក្តីបារម្ភខ្លាំង​ចំពោះ​វិបត្តិអា​កាសធាតុ ប្រសិន​បើ​ប្រទេស​មហាសេដ្ឋកិច្ចទាំងពី​រ​បែរខ្នង​ដាក់​គ្នាចំពោះ​កិច្ចសហការ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​អាកាសធាតុ​នេះ​។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ក៏​ថប់​អារម្មណ៍​ដែរ និងបញ្ជាក់តាម​អ្នក​នាំពាក្យ​ថា គេ​មិន​អាច​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ការ​ចរចាគ្នា​បាន​ទេ ហើយ​និងថា គ្មាន​កិច្ចសហការ​​ដ៏មាន​ប្រសិទ្ធភាពអាច​ធ្វើ​ទៅបាន​​ ប្រសិន​បើ​គ្មានការ​ចូលរួម​ពីប្រទេស​ទាំងពីរទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ