អានតួអត្ថបទ
ចិន-តៃវ៉ាន់

តៃវ៉ាន់ធ្វើសមយុទ្ធការពារជាតិ បន្ទាប់ពីចោទចិនថារៀបចំការឈ្លានពាន

ថៃ្ងអង្គារនេះតៃវ៉ាន់បានធ្វើសមយុទ្ធការ ការពារប្រឆាំងនឹងការវាយប្រហារ ឆ្លើយតបទៅលើការសំដែងថាមពលយោធារបស់ចិន ជាច្រើនថ្ងៃកន្លងមកនៅជុំវិញកោះរបស់ខ្លួន។ ប្រមុខការទូតរបស់តៃវ៉ាន់បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានចោទប្រកាន់ចិនថា កំពុងធ្វើការររៀបចំផែនការឈ្លានពានលើដែនដីកោះតៃវ៉ាន់។

តៃវ៉ាន់ធ្វើសមយុទ្ធយោធា​នៅពីងតុង ភាគខាងត្បូងកោះតៃវ៉ាន់ ថ្ងៃអង្គារ​ ទី៩ ២០២២
តៃវ៉ាន់ធ្វើសមយុទ្ធយោធា​នៅពីងតុង ភាគខាងត្បូងកោះតៃវ៉ាន់ ថ្ងៃអង្គារ​ ទី៩ ២០២២ AP - Johnson Lai
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍នេះបានកើតឡើងក្រោយពី ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី​ កាលពីសប្តាហ៍មុន។ ដោយភាពខឹងសម្បារ ប្រទេសចិនបានធ្វើសមយុទ្ធដែនអាកាស និងជើងទឹកដ៏ធំបំផុតនៅជុំវិញកោះតៃវ៉ាន់។

ការឆ្លើយតបរបស់ចិននេះគឺ ឈរលើគោលការណ៍មួយចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្រកាសតាំងចិត្តថា ​នឹងយកកោះនេះមកវិញដោយវិធីសាស្រ្តណាក៏ដោយ ហេតុនេះកោះតៃវ៉ាន់តែងតែស្ថិតក្នុងភាពគ្រោះថ្នាក់នៃការឈ្លានពានរបស់ប្រទេសចិន។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានយកដំណើរទស្សនកិច្ចនេះជាលេសតែប៉ុណ្ណោះ ដើម្បីធ្វើសកម្មភាពយោធាគំរាម ​ត្រៀម​ខ្លួន​ឈ្លានពាន​តៃវ៉ាន់។

យ៉ាងណាមិញ ការធើ្វសមយុទ្ធរបស់ តៃវ៉ាន់នេះ បើយោងតាមអ្នកនាំពាក្យកងទ័ពក្រុមទី៨ គឺមិនមែនជាការឆ្លើយតបទៅលើសកម្មភាពយោធារបស់ចិននោះឡើយ ព្រោះសមយុទ្ធនេះគឺសិ្ថតនៅក្នុង កាលវិភាគយោធាប្រចាំឆ្នាំរួចមកហើយ។

យោង​តាម​យោធា​ចិន សមយុទ្ធនៅក្បែរ​តៃវ៉ាន់និងបន្តដល់​ថ្ងៃ​អង្គារនេះដោយប្រើ កង​ទ័ព​អាកាស​ និង​កង​ទ័ព​ជើង​ទឹក។ តបទៅនឹងការពង្រីកប្រតិបត្តិការយោធានេះ តៃវ៉ាន់បានធើ្វសមយុទ្ធប្រឆាំងប្រតិបត្តិការ វាយលុកឡើងគោក ហើយសហរដ្ឋអាមេរិកជឿជាក់ថា ចិននឹងមិនឆ្លើយតបលើសពីនេះទៀតឡើយ។

យោងតាមរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ចិនកំពុងព្យាយាមគ្រប់គ្រងច្រកសមុទ្រ និងដែនទឹករបស់តៃវ៉ាន់ ហើយលើសពីការធ្វើសមយុទ្ធយោធានេះ ចិនក៏កំពុងព្យាយាមបំបាក់ទឹកចិត្តប្រជាជនតៃវ៉ាន់ ដោយធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រនែតយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់សម្ពាធសេដ្ឋកិច្ចផងដែរ។

ក្នុងអំឡុងពេលសមយុទ្ធនេះតៃវ៉ាន់បានបញ្ចាក់ថា ពុំទាន់មានយន្តហោះ ឬកប៉ាល់របស់ចិនណាបានចូលដែនសមុទ្ររបស់ខ្លួនឡើយ តែតាមវីឌីអូមួយថតដោយអ្នកបើកយន្ដហោះចិនកាលពីសបា្ដហ៍មុន បានអោយឃើញថា យន្តហោះចិនបានចូលជិតកោះតៃវ៉ាន់ជាខ្លាំង។ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន ក្នុងអំឡុងពេលសមយុទ្ធកាលពីសប្តាហ៍មុន កាំជ្រួចផ្លោងត្រូវបានបាញ់រំលងទីក្រុងតៃប៉ិផងដែរ។

សហរដ្ឋអាមេរិកក៏បានបង្ហាញភាពមិនពេញចិត្តទៅលើ ទំហំ និងកម្លាំងសមយុទ្ធរបស់ប្រទេសចិន ក៏ដូចជាការដកខ្លួនចេញពីកិច្ចពិភាក្សាសំខាន់ៗកន្លងមកដែរ ។ ប៉ុន្តែ​ចិន​កាលពី​ថ្ងៃ​ចន្ទ​នេះបាន​ បញ្ចាក់ថាអាកប្បកិរិយានេះគឺឆ្លុះបញ្ចាំងពីភាព​រឹងមាំ និង​សមរម្យ ​តបទៅនឹងទង្វើរបស់អាមេរិកតែប៉ុណ្ណោះ ​។ ចិនក៏បាន​ជំរុញ​ឱ្យ​ ​អាមេរិក​ធ្វើការ​គិតពិចារណាឡើងវិញ ហើយ​កែ​កំហុស​របស់​ខ្លួន​ជា​បន្ទាន់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ