អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនចេញ “សៀវភៅស” រៀបរាប់​​ពីផែនការ​យុទ្ធសាស្ត្រ ដើម្បី​​​បង្រួម​​បង្រួម​​​ជាមួយ​​​តៃវ៉ាន់

នៅថ្ងៃពុធទី​១០សីហា រដ្ឋាភិបាលចិន បានចេញផ្សាយ​ “សៀវភៅស” ដែលរៀបរាប់ពីផែនការយុទ្ធសាស្ត្រ ដែលចិនចង់អនុវត្ត ដើម្បី​ធ្វើឲ្យ​តៃវ៉ាន់ ងាកមកបង្រួម​បង្រួម​ជាមួយ​មហាគ្រួសារចិនតែមួយ ដោយសន្តិវិធី។ ជាផែនការ​ដែលចិននឹងផ្តល់អាទិភាព ​ដល់​ការធ្វើ​សមាហរណ្ណកម្ម​សេដ្ឋកិច្ចឲ្យ​បានទូលំទូលាយ។ តែទន្ទឹមគ្នានេះ ចិនអះអាងថា នឹងមិនបោះបង់ចោលជម្រើសប្រើកម្លាំងទេ ប្រសិន​បើ​ក្រុម​ផ្តាច់ខ្លួនទាមទារឯករាជ្យនៅតែរឹងទទឹង។

ទាហានចិនកំពុងឈរឆ្លុះកែវយឹត មើលទៅនាយសមុទ្រ ថ្ងៃទី៥ សីហា ២០២២។ រូបថតប្រគល់ឲ្យ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន  Xinhua
ទាហានចិនកំពុងឈរឆ្លុះកែវយឹត មើលទៅនាយសមុទ្រ ថ្ងៃទី៥ សីហា ២០២២។ រូបថតប្រគល់ឲ្យ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន Xinhua AP - Lin Jian
ផ្សាយពាណិជ្ជកម្ម

ការិយាល័យកិច្ច​តៃវ៉ាន់ ដែល​ជាអង្គភាពមួយនៃរដ្ឋាភិបាលចិន បានចេញផ្សាយ​​ “សៀវភៅស” រៀបរាប់លំអិត អំពី​ផែន​ការ​ ដែល​ចិននឹងអនុវត្ត ដើម្បី​ក្តោបក្តាប់យកកោះតៃវ៉ាន់ ឲ្យ​មករួមរស់ក្នុងមហាគ្រួសារចិនឡើងវិញ។ ជាផែនការ ដែល​រដ្ឋាភិបាលចិន អះអាងថា នឹងធ្វើដោយសន្តិវិធី តាមរយៈវិធានការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌​។

ចិននឹង​បង្កើត ឲ្យ​មានចំណងសហប្រតិបត្តិការ​ និង​ការធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ច ឲ្យបាន​ធំទូលំទូលាយជាមួយតៃវ៉ាន់ ដើម្បី​ចែករំលែកការរីកចម្រើន​ធូរធាដល់តៃវ៉ាន់​។ ទន្ទឹមគ្នានេះ ចិននឹងរៀបចំ​ពង្រឹង ​ទំនាក់ទំនងវប្បធម៌  ផ្នែក​សន្តិសុខសង្គម និង​វិស័យ​សុខាភិបាល​ជាដើម។ ឯកសារនេះ បានបន្ថែមថា នៅពេល​ណាប្រទេសជាតិចិនរឹងមាំ មានឯកភាព នោះជនរួមជាតិចិន ដែលរស់នៅតៃវ៉ាន់ នឹងកាន់​តែ​មានកម្លាំង មានទំនុកចិត្ត មានសុខសុវត្ថិភាព ហើយ​កាន់តែត្រូវគេគោរព​នៅ​លើឆាកអន្តរជាតិថែមទៀត។

ដោយឡែក “សៀវភៅស” របស់រដ្ឋាភិបាលចិននេះ​ បាន​បញ្ជាក់ផងដែរថា ចិននឹងមិនទុក​ផ្លូវដើរ ឲ្យ​ក្រុម​ចលនាបំបែកទឹកដី ដែលចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់បានជាដាច់ខាត។ រដ្ឋាភិបាល​ចិន នៅតែអាចសម្រេច ប្រើកម្លាំង ដែលជាជម្រើសចុងក្រោយ ដើម្បី​បោសសំអាត សកម្មភាពរបស់ក្រុម​​បំបែកទឹកដី និង​ក្រុម​កម្លាំង​ក្រៅប្រទេស ប្រសិន​បើក្រុមទាំងនេះ ហ៊ានតែឈានជើងដើរហួស​​គំនូសក្រហម។​

គួរបញ្ជាក់ថា នេះ​ជាលើកទី២ហើយ ដែលចិនបោះផ្សាយ​សៀវភៅស ស្តីពី​គោលនយោបាយ​​អនុវត្តជាមួយ​កោះតៃវ៉ាន់ ដែលលើកទី​១ ធ្វើនៅឆ្នាំ២០០០។ គួរកត់សំគាល់ថា នៅលើកនេះ “សៀវភៅស” របស់ចិនហាក់មានខ្លឹមសារ ប្រៀបបីដូចជាការបោះដៃទៅឲ្យ​តៃ​វ៉ាន់ចាប់ ដោយសន្តិវិធី។ ក៏ប៉ុន្តែបើតៃវ៉ាន់នៅតែរឹងទទឹង នោះចិនរក្សាជម្រើសប្រើកម្លាំង ដើម្បី​គ្រប់គ្រងតៃវ៉ាន់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៨០មក តៃវ៉ាន់បានងាក​ឆ្ងាយ​ពីចិនកាន់តែខ្លាំង ដោយបានដើរឆ្ពោះទៅ​កាន់របបនយោបាយ​ប្រជាធិបតេយ្យសេរី។ ប្រជាជនតៃវ៉ាន់ទាំង២៣លាននាក់ ជាពិសេសក្នុងចំនោម​យុវជនជំនាន់ក្រោយ​ៗ បានកសាង និង​ពង្រឹងអត្តសញ្ញាណរបស់ពួក​គេកាន់តែច្បាស់ ខុសពី​អត្តសញ្ញាណរបស់ជនជាតិចិនដីគោក ដែលស្ថិតក្រោមនឹមរបបផ្តាច់ការកុម្មុយនីស្ត។ ទំនោរប្រជាធិបតេយ្យ និយម​សិទ្ធិ​សេរីភាពនេះ ត្រូវបានជំរុញ​កាន់តែខ្លាំងក្រោយការឡើងកាន់អំណាច របស់​លោកស្រី ឆៃ អ៊ីងវេន នៅឆ្នាំ​២០១៦។ យ៉ាងណាមិញ គណបក្ស​របស់​លោកស្រីឆៃ អ៊ីងវេន ត្រូវបាន​រដ្ឋាភិបាលចិន ចាត់ទុកថាជា “ចលនានយោបាយ​បំបែកទឹកដី” ហើយដែលចិនត្រូវតែប្រយុទ្ធកំចាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ