អានតួអត្ថបទ

អាមេរិក ពង្រឹង​ទំនាក់ទំនង​កាន់តែ​ខ្លាំង ជាមួយក្រុងតៃប៉ិ ក្រោយ​ពេល​ ចិន​សមយុទ្ធយោធា

នៅពេលឆាប់ៗខាងមុខ​នេះ កងទ័ព​សហរដ្ឋអាមេរិក កងនាវានិងយន្តហោះ​ចម្បាំង​អាមេរិក នឹង​ធ្វើ​ដំណើរឆ្លងកាត់​​ទៅ​កាន់​សមុទ្រ​តៃវ៉ាន់​ ជាទី​ដែល​ មហាយក្ស​ចិន ​ធ្វើ​សមយុទ្ធដ៏​ធំ​សម្បើម​នៅ​សប្តាហ៍​មុន។ នេះគឺ​ជាការឲ្យដឹង​​របស់​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក និង​​ដែលបញ្ជាក់ទៀតថា សហរដ្ឋ​អាមេរិក នឹងបន្ត​​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​តៃប៉ិ ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀត។

Le Bureau des affaires de Taïwan, une agence gouvernementale chinoise, a publié mercredi un livre blanc détaillant la manière dont Pékin envisage de prendre possession de Taïwan.
Le Bureau des affaires de Taïwan, une agence gouvernementale chinoise, a publié mercredi un livre blanc détaillant la manière dont Pékin envisage de prendre possession de Taïwan. AP - Lin Jian
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត រដ្ឋបាល​សហរដ្ឋអាមេរិក បានរិះគន់​​ថ្កោលទោស ចិន ដែល​ធ្វើ​សមយុទ្ធនៅ​ក្បែរ​កោះតៃវ៉ាន់ ដោយបាន​ចោទ​ថា​នេះការ​ញុះញង់​បង្កហេតុ ហើយ​នាំឲ្យ​រង្គោះ​រង្គើរ​ដល់​ស្ថិរភាព​សន្តិភាព​នៅតៃវ៉ាន់ និងក្នុង​តំបន់។ នេះជាការ​បញ្ជាក់​របស់ លោក Kurt Campbell អ្នក​ទីប្រឹក្សា​ប្រចាំ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក របស់​លោកប្រធានាធិបតី ចូ បៃឌិន។

មន្ត្រីជាន់​ខ្ពស់​រូបនេះ​ សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែបន្ត​ធ្វើ​នាវាចរណ៍ ហោះហើរ និង​ សហការតាម​ផ្លូវ​សមុទ្រ តាម​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។ ហើយ​ទន្ទឹម​នឹង​គ្នា​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិ នឹង​បង្កើន​មហិច្ចតា​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ច្រើន​និង​ខ្លាំង​ក្លា​ជាងមុន​ទៅទៀត ដែល​គម្រោង​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​ប្រកាស​ឲ្យដឹង​នៅពេល​ដ៏ខ្លី​ខាងមុខ។

ពីចំណែក​ខ្លួន រដ្ឋបាល​ទីក្រុង​តៃប៉ិ បាន​ថ្លែង​អំណរគុណដ៏​ជ្រាលជ្រៅ​និងដ៏ស្មោះស្មគ្រ ចំពោះ​សហរដ្ឋអាមេរិក ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច ព្រ​មទាំង​គូស​បញ្ជាក់ថា សកម្ម​ភាព​របស់​សហរដ្ឋ​អាមេរិក បង្ហាញ​ជាក់​ច្បាស់​ពីការ​ខិត​ខំប្រឹង​ក្នុង​ការ​ជួយ​ធានា​សន្តិសុខសុវត្ថិភាព​នៅ​កោះ​តៃវ៉ាន់ និង​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​ផង។ នេះជាខ្លឹមសារ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​របស់​ តៃវ៉ាន់។​

នៅក្នុង​បរិបទ​ដែល​មហាយក្ស​ចិន​ដំឡើង​សាច់​ដុំ​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​សម្បើម​នៅ​ជាប់​កោះតៃវ៉ាន់​និងដែលធ្វើ​​ច្រើ​នថ្ងៃ​​ជាង​ការ​គ្រោង​ទុក, សហរដ្ឋ​សហរដ្ឋ​អាមេរិកនិងសម្ព័ន្ធ វិញ បានដំឡើង​សម្តី​និងសកម្មភាព​វិញដែរ។ នៅថ្ងៃ​សុក្រ សហរដ្ឋអាមេរិក​ បាន​ធ្វើ​សមយុទ្ធ​យោធា ជាមួយ​ឥណ្ឌូនេស៊ី ដែល​មាន​ទាហាន​ ប្រមាណ​៤ ពាន់​នាក់។ សមយុទ្ធនេះ ក៏មាន​ទាហាន​​អូស្ត្រាលី និងសិង្ហបុរី​ចូលរួម​ផង​។ ក្នុងនេះ ក៏មាន​​ប្រទេស​ជាមិត្តផ្សេងទៀត ចូលរួម​សង្កេតការណ៍ដែរ តួយ៉ាង បារាំង អង់គ្លេស កូរ៉េ​ខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ជាដើម។ ទោះ​ជា​ម្តេច​ក្តី អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី  Andika Perkasa លើកឡើង​ថា​ សមយុទ្ធ​រួម​ច្រើ​នភាគីនេះ បាន​គ្រោង​ទុក​យូរហើយ តាំងពី​មុន​ពេល​​ផ្ទុះ​ភាព​តានតឹង​រវាង​ អាមេរិក ចិន​ និងតៃវ៉ាន់ មក​ម្ល៉េះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ