អានតួអត្ថបទ

ចិន ​និង ​ថៃ ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​ រយៈពេលជាង​​១០ថ្ងៃ

នៅ​ថ្ងៃអាទិត្យ ទី១៤ ចិននិងថៃ ចាប់ផ្តើមសមយុទ្ធយោធា​រួម​គ្នា នៅប៉ែក​​ឥសាន​នៃប្រទេស​ថៃ​។ នេះគឺ​សមយុទ្ធ​លើកទី១ បន្ទាប់ពី​អាក់​ខានផ្អាក​ធ្វើ ជាច្រើន​ខែ​ឆ្នាំមក ព្រោះតែ​ជំងឺ​កូវីដ​១៩។​ សមយុទ្ធចាប់ផ្តើមជាថ្មីនៅរដូវក្តៅនេះ គឺផ្តើមរៀបចំធ្វើ ចាប់ពី​ថ្ងៃទី១៤ រហូតដល់២៥ សីហា។ សមយុទ្ធ រយៈពេល១១ថ្ងៃជាប់គ្នានេះ មានវត្ថុបំណងពង្រឹងទំនាក់ទំនងនិងការយោគយល់គ្នា រវាងមហាយក្សចិននិងរាជអាណាចក្រថៃ។ នេះបើតាមយោងតាមសេចក្តីប្រកាសរបស់ប្រធាន​អាកាសចរណ៍ថៃ និងជាអ្នក​នាំពាក្យ​ នៃ​រាជកងទ័ព​ជើង​អាកាសថៃ​ លោក Prapas Sornchaidee។

រូបភាព​តំណាង​។ ថ្នាក់ដឹកនាំចិន​និងថៃជួបគ្នាពេល​កន្លងមក។
រូបភាព​តំណាង​។ ថ្នាក់ដឹកនាំចិន​និងថៃជួបគ្នាពេល​កន្លងមក។ REUTERS/Pornchai Kittiwongsakul/Pool
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធរួម រវាងថៃនិងចិន ចាប់ធ្វើជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៥រហូតមក និងដែលទើបនឹងផ្អាកនៅពេលផ្ទុះមេរោគកូវីដ១៩។ ក្រសួង​ការពារជាតិ​ចិន ប្រកាសក្នុង​សប្តាហ៍នេះ​​ថា ចិន​បញ្ជូន​យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះឈ្លប​យកការណ៍​ ដើម្បី​ចូលរួម​សមយុទ្ធ​ជាមួយ​ថៃ។ បើតាម​ក្រសួងការពារជាតិចិនដដែល​ សមយុទ្ធរួម​គ្នា​​ជាមួយ​ថៃ ក៏​មាន​ដែរ​ការ​ហ្វឹកហាត់​​សង្គ្រោះ​តាម​ផ្លូវ​អាកាស ការប្រហារ​ផ្លូវ​ពី​លើមេឃ​ទៅចំណុច​គោល​ដៅ​នៅ​លើដី ហើយ​និង​​ដាក់​ពង្រាយ​កទ័ព​ជាច្រើនក្រុមផង។​

សមយុទ្ធ​ថៃ-​ចិន ត្រូវប្រទេសទាំងពីរ​​ឲ្យ​ឈ្មោះថា «ការវាយប្រហារ​ឥន្ទ្រី​»។ នេះ​អាច​មាន​ន័យ​យ៉ាងហោច​ពីរ គឺ​១ ការវាយ​ប្រហារ​​ផ្លូវ​អាកាស ហើយទី២ គឺ​ទំនង​ជាអាច​សំដៅ​ទៅ​និមិត្ត​សញ្ញាតំណាង​ជាតិរបស់​សហរដ្ឋអាមេរិក ដែល​មាន​សត្វ​ឥន្ទ្រី​ត្រដាង​ស្លាប នោះ​ផង ក៏អាច​ថាបាន។​

សហរដ្ឋអាមេរិក ពីចំណែក​ខ្លួន​ បាន​ថ្លែង​ក្តីព្រួយ​បារម្ភពីការ​បង្កើន​វត្តមាន​ចិន​នៅ​ក្នុង​តំបន់។ អាមេរិក​ខ្លួន​ឯង​ ក៏បាន​ផ្តើម​សមយុទ្ធយោធា​រួម​គ្នា​ជាមួយ​ កង​ទ័ព​ឥណ្ឌូនេស៊ី ដែល​ទើប​តែចប់​ថ្មីៗនេះ​។

​ទិដ្ឋភាព​មួយ​បែប​ទៀត ថៃ គឺជា​សម្ព័ន្ធ​មួយ​ដៃគូ​​របស់​សហរដ្ឋអាមេរិក តែ ​ថៃ ​ក៏​បង្កើន​ចំណង​ទាក់ទង​ស្អិត​ខ្លាំង​មួយ​ចិន និងកាន់​តែ​ខ្លាំងឡើង​នៅ​ក្នុង​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី ​ឧត្តមសេនីយ ប្រាយុទ្ធ ចាន់​អូចារ ដែល​ធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​អំណាច​តាំងពី​ឆ្នាំ២០១៤។

ជាច្រើន​ឆ្នាំមកហើយ ដែល​មហាយក្ស​ចិន​និងថៃ​បាន​ពង្រឹង​ទំនាក់ទំនងទ្វេភាគី ហើយ​ ថៃ​បាន​ព្យាយាម​ទិញ​សម្ភារៈ​សឹក​សង្គ្រាម​ពីចិន​ បន្ទាប់ពីបាន​ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នាមួយ នៅឆ្នាំ២០១៧។ នៅឆ្នាំ២០២០ ថៃបាន​គ្រោង​ទិញ​នាវាមុជទឹក​របស់​ចិន ចំនួន​២គ្រឿង​ ក្នុងតម្លៃ​ទឹក​ប្រាក់ ៧២៤​លាន​ដុល្លារ​។ ការ​ទិញ​ដូរ​នេះ​ត្រូវ​ពន្យារពេល ដោយ​ត្រូវ​រក​ការ​រិះគន់​មិន​សូវ​ល្អ​ពីសំណាក់​ប្រជារាស្ត្រ​ថៃ។

ទោះ​ជាម្តេច​ក្តី នាវា​មុជ​ចិន ប្រភេទ​ស៊ី​ប្រេង​ម៉ាស៊ូត អាចគ្រោង​នឹង​បញ្ចូន​ទៅ​ស្រុក​ថៃ នៅឆ្នាំ២០២៤។ ថៃ​ជាប្រទេស​ដំបូងៗ​ទី១នៅអាស៊ី​អាគ្នេយ៍​ ជាមួយ​នឹង​ស្រីលង្កា ​ដែល​ទិញ​គ្រឿង​សព្វាវុធ​ពីចិន។ កងទ័ព​ជើង​ទឹក​ថៃ ប្រកាស​ដែរថា បើ​បាន​នាវាមុជទឹក​ចិន​មក នឹង​បាន​ជា​ប្រយោជន៍​ដើម្បី​ការពារ​ចំពោះ​អំពើ​ឈ្លាន​ពាន​នៅ​ឈូង​សមុទ្រ​សៀម ហើយ​និង​រក្សា​សន្តិសុខ​សុវត្ថិ​ភាព​ក្នុង​តំបន់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ