អានតួអត្ថបទ
ថៃ

តុលាការធម្មនុញ្ញថៃ សម្រេចព្យួរ​តំណែង​​លោក​ប្រាយុទ្ធ ចាន់អូចា

តើជីវិតនយោបាយ​ របស់​លោក​ប្រាយុទ្ធ ចាន់អូចា ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ កំពុងតែជួយគ្រោះថ្នាក់ឬ? ​ក្រុម​គណបក្សប្រឆាំងថៃ ​បានទាមទារទៅ​​តុលាការធម្មនុញ្ញថៃ ឲ្យ​បញ្ចប់អាណត្តិ​របស់​លោក​ប្រាយុទ្ធ ចាន់អូចា ព្រោះ​ថា​លោក ​បាន​កាន់មុខតំណែង​ជានាយករដ្ឋមន្ត្រី គ្រប់រយៈពេល​៨ឆ្នាំហើយ ដែល​ជារយៈពេល​អតិបរមា កំណត់​ដោយ​រដ្ឋធម្មនុញ្ញឆ្នាំ​២០១៧។ នៅថ្ងៃពុធ ទី​២៤​សីហា តុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរលោក​ប្រាយុទ្ធ ចាន់អូចា ពីមុខតំណែងនាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នសិន ដើម្បីរងចាំការសម្រេចសេចក្តី​​​ជាផ្លូវការ​។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍ តុលាការធម្ម​នុញ្ញ​បាន​​ឲ្យដឹង​ថា ចៅក្រម​បានសម្រេច​ជាឯកច្ឆន្ទ​ ទទួល​យក​បណ្តឹង​ជំទាស់​នឹង​ការ​បន្ត​កាន់តំណែងរបស់​លោក​ប្រាយុទ្ធ ចាន់អូចា ដោយលើកឡើង ពី​ការ​កំណត់​អាណត្តិ​​នាយករដ្ឋមន្រ្តី​ត្រឹម ៨ឆ្នាំ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្នុងពេល​ជាមួយគ្នា តុលាការ​ក៏​បាន​សម្រេច​ផងដែរ ក្នុងសំឡេង​ភាគច្រើន ៥ ទល់នឹង ៤ ​ព្យួរ​តំណែង​​លោក​ប្រាយុទ្ធ ចាន់អូចា ជា​បណ្តោះអាសន្ន រហូត​ដល់​មាន​ការ​សម្រេច​សេចក្តីជាចុងក្រោយ។

ក្នុងអំឡុងពេលនេះ លោកប្រាយុទ្ធ ចាន់អូចា​ នៅតែបន្តមុខងារជារដ្ឋមន្ត្រីក្រសួង​​ការពារជាតិ​ជាធម្មតា ចំណែក​លោកឧបនាយករដ្ឋមន្ត្រី​ ប្រាវីត វង់ស៊ូវ៉ាន នឹងឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះ​អាសន្ន។ គួរបញ្ជាក់ដែរថា ​ចាប់ពីថ្ងៃពុធនេះទៅ តុលាការធម្មនុញ្ញថៃ ចាប់​ផ្តើម​ពិភាក្សាវែកញែក ទាក់ទិននឹងសំណួរដែលចោទថា តើ លោកប្រាយុទ្ធ ចាន់អូចា បាន​កាន់មុខតំណែង​នាយករដ្ឋមន្ត្រី គ្រប់៨ឆ្នាំហើយឬយ៉ាងណា? រយៈពេល៨ឆ្នាំ គឺជារយៈពេល​អតិបរមា កំណត់​ដោយ​រដ្ឋធម្មនុញ្ញឆ្នាំ​២០១៧​។

យ៉ាងណាក៏ដោយ ថ្វីបើ​ការសម្រេចព្យួរលោក​ប្រាយុទ្ធ ចាន់អូចា ពី​មុខតំណែងនាយករដ្ឋមន្ត្រីនៅពេលនេះ បាន​បង្កឲ្យ​​មានភ្ញាក់ផ្អើលមែន តែអ្នកវិភាគមួយចំនួនធំ បាន​អះអាងថា គេមិនជឿថា តុលាការធម្មនុញ្ញថៃ នឹងសម្រេច​សេចក្តី​ ​បិទបញ្ចប់ជាស្ថាពរនូវអាណត្តិនាយករដ្ឋមន្ត្រី របស់​លោក​ប្រាយុទ្ធ ចាន់អូចានោះទេ។ ឆ្លើយ​ប្រាប់អ្នកយកព័ត៌មាន​បារាំង AFP លោក ធីទីណាន់ ភង់សុទ្ធីរ៉ាក់ សាស្ត្រា​ចារ្យ​​វិទ្យាសាស្ត្រ​នយោបាយ​ នៅសកលវិទ្យាល័យជូឡាឡុងកន បាន​លើកឡើងថា បើយើងក្រឡេកមើល​​បទពិសោធន៍​ ៨ឆ្នាំមកនេះ គឺស្ថាប័ន​កំពូលថៃ តែងតែសម្រេចអនុម័ត កាន់ជើងលោក​ប្រាយុទ្ធ ចាន់អូចា ជានិច្ច។ ហើយ​លោក​ប្រាយុទ្ធ​ ចាន់អូចា តែងតែបានឆ្លងផុតគ្រោះកាច ដែល​បាន​​បោកបក់ គំរាម​ជីវិតនយោបាយរបស់​លោកជានិច្ច ជាក់ស្តែងចលនាបាតុកម្មធំនៅឆ្នាំ​២០២០ ដែលបានរលាយ​អស់ឥទ្ធិពល​ទៅវិញ។

លោក ធីទីណាន់ ភង់សុទ្ធីរ៉ាក់ អះអាងថា មួយវិញទៀត មានការបកស្រាយ​ច្រើនសណ្ឋាន ទាក់ទិននឹង​មាត្រា​ ដែលកំណត់​រយៈពេល​កាន់តំណែង​នាយករដ្ឋមន្ត្រី​ មិន​ឲ្យ​លើស៨ឆ្នាំ។ ថ្វីបើលោក​ប្រាយុទ្ធចាន់ អូចា ចាប់ផ្តើមធ្វើជា​នាយករដ្ឋ​មន្ត្រី​ ក្រោយការធ្វើរដ្ឋប្រហារឆ្នាំ​២០១៤មែន តែ​ការបកស្រាយខ្លះលើកឡើងថា មាត្រាកំណត់​រយៈពេល​៨ឆ្នាំនេះ គឺ​ចាប់​មាន​សុពលភាព ក្រោយ​រដ្ឋធម្មនុញ្ញ​ចូលជាធរមាន ពោលគឺនៅឆ្នាំ​២០១៧។ ការបកស្រាយ​ខ្លះ ហ៊ាន​ដល់ទៅ​អះអាងថា ចំណុចចាប់ផ្តើម​ នៃការកាន់មុខតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ របស់​លោក​ប្រាយុទ្ធ ចាន់អូចា គឺនៅឆ្នាំ២០១៩ ក្រោយ​លោក​បានឈ្នះឆ្នោតដោយស្របច្បាប់​។

នគរបាលថៃ ដាក់រនាំង បង្កើនការ​ការពារសន្តិសុខ នៅជុំវិញ​វិមាន​រដ្ឋាភិបាល ទីក្រុងបាងកក ថ្ងៃទី ២៣ សីហា ២០២២
នគរបាលថៃ ដាក់រនាំង បង្កើនការ​ការពារសន្តិសុខ នៅជុំវិញ​វិមាន​រដ្ឋាភិបាល ទីក្រុងបាងកក ថ្ងៃទី ២៣ សីហា ២០២២ AP - Sakchai Lalit

គួរកត់សំគាល់ដែរថា នៅព្រឹកថ្ងៃពុធនេះ នៅជុំវិញ​វិមានរដ្ឋាភិបាលថៃក្នុងក្រុងបាងកក គេឃើញ​សមត្ថកិច្ចថៃ បាន​យកកុងទឺន័រជាច្រើន​គ្រឿងមកដាក់បាំង ការពារសន្តិសុខ ខណៈក្រុម​បាតករ​ បានចាប់ផ្តើមប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម​ទាមទារឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ កាលៈទេសៈពេលនេះ អាចនឹងធ្វើឲ្យ​ប្រែប្រួល​ដល់​បរិបទ​នយោបាយថៃ ខណៈការបោះឆ្នោតសភាអាណត្តិថ្មី នឹងមកដល់នៅ​ខែមីនា ឆ្នាំ​២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ