អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

នាវា​​ចម្បាំង​២​របស់​អាមេរិក​ ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​ចិន​ប្រឹង​តាមដាន

ថ្ងៃអាទិត្យ​ទី​២៨សីហានេះ​ នាវាចម្បាំងរបស់អាមេរិក ចំនួន​២គ្រឿង កំពុង​ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែល​ខណ្ឌចែក ចិនដីគោក​ និង​កោះតៃវ៉ាន់។ ក្រសួងការពារជាតិអាមេរិក អះអាងថា ការធ្វើដំណើរចល័តរបស់​នាវាចម្បាំងនេះ គឺដើម្បី​បង្ហាញ​ពី​ការសន្យារបស់សហរដ្ឋ​អាមេរិក ក្នុងការការពារស្ថិរភាព ក៏ដូចជាសន្តិសុខ នៃតំបន់នេះ ដែលជាច្រកឆ្លងកាត់​នៃនាវា​ដឹកទំនិញ ដោយគោរពទៅតាមច្បាប់អន្តរជាតិ ជាធរមាន។

នាវាចម្បាំង USS Antietam (CG 54) របស់អាមេរិក ចេញដំណើរពី​មូលដ្ឋាន​ Yokosuka ភាគខាងត្បូងជប៉ុន។ រូបថតថ្ងៃទី៣១ មករា ២០១៧
នាវាចម្បាំង USS Antietam (CG 54) របស់អាមេរិក ចេញដំណើរពី​មូលដ្ឋាន​ Yokosuka ភាគខាងត្បូងជប៉ុន។ រូបថតថ្ងៃទី៣១ មករា ២០១៧ AP - MC2 Marcus Stanley
ផ្សាយពាណិជ្ជកម្ម

យោងតាមកងបញ្ជាការជើងទឹកលេខ៧ របស់អាមេរិក បានឲ្យដឹង​ថា​ នាវា២គ្រឿងប្រភេទនាវាបាញ់​មីស៊ីល លំដាប់ Ticonderoga មួយឈ្មោះ USS Antietam មួយទៀតឈ្មោះ USS Chancellorsville កំពុងតែធ្វើដំណើរឆ្លងកាត់ច្រក​សមុទ្រហ្វ័រម៉ូស ឬច្រកសមុទ្រតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការ​សាមញ្ញ នៅក្នុងដែនទឹក​ដែលជាតំបន់ ដែលត្រូវបាន​ការពារ​ដោយច្បាប់អន្តរជាតិ លើ​​សេរីភាព​ក្នុងការធ្វើដំណើរតាមនាវា ក៏ដូចជាការហោះហើរ។​

ចំណែក អគ្គបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក បានចេញលិខិតប្រកាសមួយ ដោយ​បាន​លើកឡើងថា ដំណើរឆ្លងកាត់របស់​នាវាចម្បាំងអាមេរិកទាំង២គ្រឿង នៅ​ច្រកសមុទ្រតៃវ៉ាន់នេះ គឺជាការបង្ហាញវត្តមាន​របស់សហរដ្ឋអាមេរិក ដែល​គោរពការសន្យា និងការប្តេជ្ញាចិត្ត​ ក្នុងការការពាររក្សាស្ថិរភាព ព្រមទាំងសន្តិសុខនៃតំបន់នេះ​។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាមេរិក ចង់​ការពារឲ្យស្ថិតនៅជាតំបន់សេរី និង​បើកចំហរជានិច្ច​។

ពីខាងភាគីចិនវិញ លោក Shi Yie អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋានកងទ័ពចិន ទទួលបន្ទុក​តំបន់ខាងកើត បានឲ្យដឹង​ថា កងទ័ពចិនកំពុងតែ​តាមដានសង្កេតគ្រប់​សកម្មភាព​ និង​អាកប្បកិរិយារបស់នាវាចម្បាំងអាមេរិក ដែលកំពុងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ លោក​បានបញ្ជាក់ថា​ កងទ័ពចិនបានទទួលបញ្ជា ឲ្យ​ឈរប្រុងប្រៀងជើងជាប្រចាំ ដើម្បីឆ្លើយតបវិញក្នុងករណី មានការ​បង្កបញ្ហារករឿងណាមួយ​។​

ដោយឡែក ក្រសួងការពារជាតិតៃវ៉ាន់ បានចេញ​លិខិតប្រកាសខ្លីមួយ ដោយ​គ្រាន់​តែ​បាន​បញ្ជាក់ថា នាវាចម្បាំង២គ្រឿង នៃកងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពីជើងទៅត្បូង ហើយ​កងទ័ពតៃវ៉ាន់​ទាំងផ្លូវទឹក និងផ្លូវអាកាស​ បានតាមដាន​ការធ្វើដំណើរនេះ ដែលបានប្រព្រឹត្តិដោយ​រលូនប្រក្រតី។

គួរបញ្ជាក់ថា កងបញ្ជការកងទ័ពជើងទឹកលេខ៧ របស់អាមេរិក ដែល​មានមូលដ្ឋាន​ឈរជើង​ នៅភាគខាងត្បូងជប៉ុន គឺជា​កម្លាំង​វត្តមាន​ដ៏សំខាន់បំផុត របស់​កងទ័ពអាមេរិក ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។​ តំបន់នេះ បាន​និង​កំពុងតែឆ្លងកាត់ភាពតានតឹងខ្លាំងបំផុត​ រវាង​ចិន និង​អាមេរិក បន្ទាប់ពីលោកស្រីប្រធានរដ្ឋសភាអាមេរិក បានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅដើមខែសីហានេះ​​។ ក្រោយ​ទស្សនកិច្ចដ៏ចម្រូងចម្រាសនេះ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ​ធំមិនធ្លាប់មាន ហាត់សមការឡោមព័ទ្ធកោះតៃវ៉ាន់ និង​បាន​បាញ់​មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលដែនទឹករបស់ជប៉ុនថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ