អានតួអត្ថបទ
ប៉ាគីស្ថាន-គ្រោះធម្មជាតិ

ស្លាប់​​យ៉ាង​ហោច​១០០០នាក់ ដោយ​​គ្រោះ​​ទឹកជំនន់​​ដ៏ធ្ងន់ធ្ងរ​បំផុត នៅ​​ភាគ​ខាងត្បូង​​ប៉ាគីស្ថាន

ភាគខាងត្បូង​ប៉ាគីស្ថាន កំពុងតែរងគ្រោះ​ដោយ​ទឹកជំនន់​ ដ៏ធ្ងន់ធ្ងរបំផុត ជាច្រើនថ្ងៃមកនេះ។ នៅថ្ងៃអាទិត្យនេះ យោងតាមការព្យាករណ៍ឧតុនិយម ទឹកជំនន់នៅតាមដងទន្លេ នឹងជន់ឡើងបន្ថែមទៀត ជាមួយចរន្តទឹកហូរកួចត្របាញ់ ដោយសារភ្លៀងធ្លាក់​យ៉ាងគំហុកនៅតំបន់ភ្នំ។ គិតមកត្រឹមពេលនេះ យោងតាមតួលេខចុងក្រោយ របស់អាជ្ញាធរប៉ាគីស្ថាន គឺមាន​ជនរងគ្រោះស្លាប់​ប្រមាណ​ជាង​១ពាន់​នាក់ហើយ​។

ប្រជាជនប៉ាគីស្ថានកំពុងតែភៀសខ្លួនចេញពីតំបន់ត្រូវជនលិច ដោយទឺកជំនន់ ក្នុងខេត្ត Baluchistan ថ្ងៃទី ២៧ សីហា ២០២២
ប្រជាជនប៉ាគីស្ថានកំពុងតែភៀសខ្លួនចេញពីតំបន់ត្រូវជនលិច ដោយទឺកជំនន់ ក្នុងខេត្ត Baluchistan ថ្ងៃទី ២៧ សីហា ២០២២ AP - Zahid Hussain
ផ្សាយពាណិជ្ជកម្ម

ទឹក​ទន្លេអ៊ីនឌុស (Indus) ដែលហូរកាត់ប៉ាគីស្ថានពីជើងទៅត្បូង បាន​ជន់ឡើងខ្លាំង​ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីមានភ្លៀងធ្លាក់​យ៉ាងគំហុក ព្រមទាំងការរលាយ​ទឹកកក នៅតំបន់ជួរភ្នំហិម៉ាល័យ ដោយសារតែសីតុណ្ហភាព​ក្តៅ​ខ្លាំង។ ក្រុង Sukkur ស្ថិតក្នុង Sindh នៅភាគខាងត្បូងប៉ាគីស្ថាន គឺជាតំបន់​រងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារគ្រោះទឹកជំនន់នេះ​។

ជាមួយនឹងកម្លាំងទឹកហូរ ប្រមាណ ៦សែនម៉ែត្រគូបក្នុងមួយ​វិនាទី អាជ្ញាធរបានបើកចំហរទ្វារទំនប់​ ដើម្បី​ចៀសវៀងកុំឲ្យ​ទំនប់​បាក់ ដែលតាមធម្មតា​វាមាន​តួនាទី​គ្រប់គ្រងលំហូរទឹក​។ អាជ្ញាធរខេត្ត Sindh បាន​លើកឡើងថា ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខ ទឹកទន្លេនឹងឡើងកំពស់បន្ថែមទៀត ធ្វើឲ្យជនលិច​ផ្ទះសំបែងភូមិឋានរបស់ប្រជាពលរដ្ឋ ជាច្រើនលាន​នាក់​។

តួលេខចុងក្រោយ ផ្សាយ​កាលពីរសៀលថ្ងៃអាទិត្យទី ២៨សីហា ដោយអាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​ប៉ាគីស្ថាន គឺមានមនុស្សស្លាប់ចំនួន ១០៣៣នាក់ ដែលក្នុងនោះ មាន​១១៩នាក់ នៅក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ ដែលទឹកជនហូរខ្លាំង​។ យ៉ាងហោចណាស់ ប្រជាជនប៉ាគីស្ថានចំនួន​៧លាននាក់ ក្នុ​ងចំណោម​៣៣លាននាក់ ដែលកំពុងតែរងគ្រោះ​ដោយ​គ្រោះទឹកជំនន់នេះ។

យោងតាម​អាជ្ញាធរប៉ាគីស្ថាន គ្រោះទឹកជំនន់លើកនេះ មានភាពធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងឆ្នាំ​២០១០ ដែល​កាលនោះ ១ភាគ៥ នៃផ្ទៃដី​ប៉ាគីស្ថានទាំងមូល ត្រូវទឹកជន់លិច ហើយ​មនុស្សយ៉ាងហោចណាស់​២០០០នាក់បានស្លាប់។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាល​ប៉ាគីស្ថាន បានប្រកាសអាសន្នជាតិកម្រិតធ្ងន់បំផុត ព្រមទាំងបាន​បញ្ចេញកម្លាំងទ័ព ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។ ក្រៅពីបញ្ហាគ្មានស្បៀងអាហារបរិភោគ អាជ្ញាធរកំពុងតែព្រួយបារម្ភអំពីបញ្ហាអនាម័យសុខភាព ដែល​អាចបណ្តាល​មក​ជំងឺឆ្លងនានា ដូចជាជំងឺអាសន្នរោគជាដើម។

គួរបញ្ជាក់ថា យោងតាម​អង្គការ Germanwatch ប៉ាគីស្ថានជាប្រទេស​ស្ថិតនៅលេខរៀងទី៨ ក្នុងចំណោម​ប្រទេស ដែលងាយ​រងគ្រោះបំផុត ដោយ​ហន្តរាយឧតុនិយមធ្ងន់ធ្ងរ ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ។ ក្រៅពីហេតុផល​អាកាសធាតុសកល នៅមានហេតុផលមួយចំនួនទៀតដែលធ្វើ​ឲ្យ​ប្រទេសនេះ ជាប្រទេសងាយរងគ្រោះបំផុត តួយ៉ាងដូចជា អំពើពុករលួយ គ្មានអភិបាលកិច្ច ភាពអសកម្មរបស់​មន្ត្រីរដ្ឋាភិបាល ព្រមទាំងកង្វះ​ផែនការ​ជាក់ច្បាស់ ក្នុងការរៀបចំសំណង់ផ្ទះសំបែង និង​ហេដ្ឋារចនាសម្ព័ន្ធជាតិឲ្យ​បានរឹងមាំ ដើម្បីទប់ទល់នឹង​គ្រោះធម្មជាតិ​​។​ គ្រោះទឹកជំនន់នាពេលនេះ គឺវាជួនចំពេល​ដែល​ប៉ាគីស្ថាន កំពុងតែឆ្លងកាត់​ស្ថានភាពលំបាកខ្លាំងណាស់ទៅហើយ ដោយសារតែអតិផរណា សេដ្ឋកិច្ចដួលរំលំ រួមជាមួយនឹងវិបត្តិនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ