អានតួអត្ថបទ
ចិន-អាមេរិក-តៃវ៉ាន់

គណៈកម្មការ​សភា​អាមេរិក អនុម័ត​សំណើច្បាប់ ផ្តល់​​ជំនួយ​យោធា​ដោយ​ផ្ទាល់​ជា​លើកទី១​ ទៅឲ្យ​​តៃវ៉ាន់

គណៈកម្មការ​កិច្ចការបរទេស នៃព្រឹទ្ធ​សភាអាមេរិក បានបោះឆ្នោតអនុម័ត​លើសំណើច្បាប់ថ្មីមួយ ដែល​នឹង​អនុញ្ញាតឲ្យ​សហរដ្ឋអាមេរិក ផ្តល់ជំនួយ​យោធាដោយ​ផ្ទាល់ ទៅឲ្យ​កោះតៃវ៉ាន់។ បើទោះបី​ត្រឹមពេលនេះ សំណើ​ច្បាប់នេះ​ នៅមិនទាន់ត្រូវបាន​អនុម័តជាស្ថាពរ ដោយ​សភាខុនហ្ក្រេសក៏ដោយ តែវាគឺសញ្ញាណ នៃការបោះជំហានថ្មីមួយ នៅក្នុងទំនាក់ទំនង ក៏ដូចជាការគាំទ្រយ៉ាងបើកចំហ ដែលអាមេរិក​មានចំពោះកោះតៃវ៉ាន់​។​

គណៈប្រតិភូ​អាមេរិក ទៅជួប​លោក​ស្រីឆៃ អ៊ីងវេន នៅវិមានប្រធានាធិបតី​តៃវ៉ាន់ ក្រុង​តៃប៉ិ ថ្ងៃទី ២២ សីហា ២០២២
គណៈប្រតិភូ​អាមេរិក ទៅជួប​លោក​ស្រីឆៃ អ៊ីងវេន នៅវិមានប្រធានាធិបតី​តៃវ៉ាន់ ក្រុង​តៃប៉ិ ថ្ងៃទី ២២ សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លោក Bob Menendez និង លោក​ Lindsey Graham ព្រឹទ្ធសមាជិក ដែលជាអ្នកផ្តួចផ្តើមគំនិត​ តាក់តែងសំណើ​ច្បាប់នេះ បាន​ទទួលស្គាល់ថា តាមរយៈច្បាប់ថ្មីនេះ គឺ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក ក្នុងសំណុំរឿងកោះតៃវ៉ាន់ ត្រូវបាន​វិវឌ្ឍន៍​ប្រែប្រួលខ្លាំង។

សំណើច្បាប់ ដែលត្រូវបាន​គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភា បោះឆ្នោត​យល់ព្រមនេះ បានកំណត់ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ​យោធាដោយ​ផ្ទាល់ ក្នុងតម្លៃទឹកប្រាក់​សរុប​ចំនួន ៤ពាន់លានដុល្លារ សម្រាប់រយៈពេល​៤ឆ្នាំទៅមុខ។ គម្រោងច្បាប់​នេះ ក៏បាន​ចែងផងដែរ ថាប្រធានាធិបតីអាមេរិក ត្រូវចាត់វិធានការទណ្ឌកម្ម ទៅលើ​ស្ថាប័ន​ហិរញ្ញវត្ថុរបស់ចិន ដើម្បីឆ្លើយតបទៅនឹង​សកម្មភាព​រករឿង គំរាមសំឡុតរបស់ចិន មកលើកោះតៃវ៉ាន់។ បន្ថែមពីនេះ សំណើច្បាប់ដែលគេដាក់ឈ្មោះហៅថា Taiwan Policy Act of 2022 ក៏បាន​កំណត់ដែរ សហរដ្ឋអាមេរិកត្រូវទទួលស្គាល់កោះតៃវ៉ាន់ ក្នុងនាមជា​ “សម្ព័ន្ធ​មិត្តសំខាន់ ក្រៅក្របខណ្ឌអង្គការអូតង់”។

នៅថ្ងៃព្រហស្បតិ៍ទី​១៥កញ្ញា ខុទ្ទការល័យលោកស្រីប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីងវេន បាន​ចេញលិខិតមួយ ថ្លែងអំណអរគុណ ចំពោះសហរដ្ឋអាមេរិក ដែល​ជាថ្មីម្តងទៀត បាន​បង្ហាញ​មិត្តភាព និង​ការគាំទ្រ​យ៉ាង​ច្បាស់លាស់ មក​លើកោះតៃវ៉ាន់។

គួរបញ្ជាក់ថា សំណើរច្បាប់ថ្មីនេះ ត្រូវឆ្លងកាត់នីតិវិធីអនុម័តច្រើនដំណាក់ទៀត ដូចជាត្រូវយកទៅឆ្លងកាត់​ ការ​អនុម័ត នៅ​ក្នុង​ព្រឹទ្ធិសភា និង​សភាតំណាង មុននឹងត្រូវបាន​លោក​ប្រធានាធិបតី​ ចូ បៃដិន ចុះហត្ថលេខាប្រកាសឲ្យ​អនុវត្ត​។ យ៉ាងណាក៏ដោយ វាគឺជាសញ្ញានៃការបោះជំហានយ៉ាងច្បាស់ និងបើកចំហ ទាក់ទិននឹងការគាំទ្រកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក។

សូមរំលឹកថា គិតចាប់ពីឆ្នាំ​១៩៧៩មក សហរដ្ឋអាមេរិក បានប្រកាសគាំទ្រជាផ្លូវការ ប្រទេសចិនតែមួយ តែទន្ទឹមគ្នានេះ អាមេរិកបាន​រក្សាជំហរ អនុញ្ញាតឲ្យ​តៃវ៉ាន់ មានលទ្ធភាពការពារខ្លួន តាមរយៈការលក់គ្រឿងសព្វាវុធ​ទៅឲ្យ​កោះតៃវ៉ាន់។ ការប្រែប្រួលគោលនយោបាយ ឈានទៅ​ផ្តល់ជាជំនួយយោធាដោយ​ផ្ទាល់ទៅ​ឲ្យតៃវ៉ាន់ អាចនឹងត្រូវ​ចិនចាត់ទុក​ថា ជាការដើរហួសគំនូសក្រហមដែលខ្លួនបានកំណត់។

កាលពីថ្ងៃពុធ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យ​សេតវិមានអាមេរិក បាន​ឆ្លើយ​ប្រាប់អ្នកកាសែតថា សម្រាប់ពេលនេះ រដ្ឋាភិបាល​កំពុង​ទាក់ទងជាប្រចាំជាមួយ​សភាខុនហ្ក្រេ ទាក់ទិននឹងខ្លឹមសារ ក៏ដូចជា​ការអនុម័តច្បាប់ថ្មី​នេះ។ លោកស្រីអះអាងថា រដ្ឋាភិបាលអាមេរិក នឹងបន្ត​ពង្រីក​ទំនាក់ទំនងជាមួយតៃវ៉ាន់ តាមរយៈជំនួយ​គាំទ្រ​​ផ្នែកការទូត សេដ្ឋកិច្ច និង​កងទ័ពផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ