អានតួអត្ថបទ
ឥណ្ឌា-សត្វ​ព្រៃ

ឥណ្ឌាផ្តើមកម្មវិធី​​អភិរក្សសត្វ​ព្រៃ​ផុតពូជ ដោយ​នាំ​ចូល​សត្វ​​ខ្លារខិន​ពី​ណាមីប៊ី

ឥណ្ឌា​បាន​ចាប់​ផ្តើម​ផែនការអភិរក្ស​សត្វ​ព្រៃ​​ប្រកប​ដោយ​មហិច្ឆតា​បំផុត​មួយ​ គឺ​បញ្ជូល​សត្វ​ខ្លា​រខិន (Guépard) ដែល​ផុត​ពូជ​តាំងពី៧០​ឆ្នាំ​មុន ទៅក្នុង​ព្រៃអភិរក្ស​​​ធម្មជាតិ​វិញ។ ​ខ្លា​​រខិន​ណាមីប៊ី​៨​ក្បាល​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះអស់​ ១១​ម៉ោង មក​ដល់​ប្រទេស​ឥណ្ឌា​នៅថ្ងៃសៅរ៍​ទី ១៧ កញ្ញា​២០២២។ ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​ខ្លះ ការអភិរក្ស​សត្វ​ឆ្លង​ទ្វីប អាច​​នឹង​ទទួល​បរាជ័យ ព្រោះ​ខ្លារខិន​​ពិបាក​នឹង​សម្របខ្លួនក្នុង​​បរិស្ថានថ្មី។

ខ្លារខិន​ដែល​ណាមីប៊ី ធ្វើ​អំណោយ​ទៅ​ឥណ្ឌា ក្នុង​ទ្រុង​មុន​ឡើងយន្តហោះ​
ខ្លារខិន​ដែល​ណាមីប៊ី ធ្វើ​អំណោយ​ទៅ​ឥណ្ឌា ក្នុង​ទ្រុង​មុន​ឡើងយន្តហោះ​ AP - Dirk Heinrich
ផ្សាយពាណិជ្ជកម្ម

គឺ​លោក​នាយករដ្ឋមន្ត្រី ណារិនដ្រា​ ម៉ូឌី ផ្ទាល់​ជា​អ្នក​បើកទ្វារ​ឱ្យ​ខ្លា​ទាំង​៨​ក្បាល​(​ញី៥ ​ឈ្មោលបី) ចេញ​ទ្រុង​  ទៅ​សម្រប​ខ្លួន​នៅលើ​ទឹក​ដី​ថ្មី។ មាន​អាយុ​ពីរ ទៅ​៥ឆ្នាំ កន្លះ សត្វ​នីមួយៗ​មាន​ពាក់​ខ្សែក សម្រាប់​តាមដាន​សកម្មភាព​តាម​ប្រព័ន្ធ​ផ្កាយរណប។ បន្ទាប់​ពី​ឆ្លង​កាត់​ដំណាក់កាល​ចត្តាឡីស័ក ក្នុង​សួន​សត្វ​មួយ​ខែ គេ​នឹង​យក​វា​ទៅ​ព្រលែង​ក្នុងឧទ្យាន​អភិរក្ស​ធម្មជាតិ​​​​គូណូ ដែល​ជា​សួន​សត្វ​ដ៏​សម្បូរ​បែប​អាហារ​និង​វាល​ស្មៅ​ខៀវខ្លី​ជាង​គេ​របស់​ឥណ្ឌា។

ឥណ្ឌា​ធ្លាប់​មាន​សត្វ​ខ្លា​រខិន​អាស៊ី​រស់​នៅ​ដែរ ប៉ុន្តែ​សត្វ​ខ្លា​ប្រភេទ​នេះ​បាន​ផុត​ពូជ​ តាំងពីឆ្នាំ​១៩៥២មក ដោយហេតុ​តែ​ការ​ប្រមាញ់​ និង​ការ​បាត់បង់(ព្រៃ)​ទី​លំនៅ។ ចាត់​ទុក​ជា​ប្រភេទ​សត្វ​ រង​ការ​គំរាមកំហែង​កំរិតអន្តរជាតិ និងប្រឈម​នឹង​គ្រោះថ្នាក់ ​​ជិត​ផុតពូជខ្លាំងនៅអាស៊ីនិងនៅអាហ្វ្រិក​ខាង​ជើង​ ពូជ​ខ្លារខិន​អាស៊ី ដែល​ពី​មុន​ មាន​រស់​នៅច្រើន​តាំងពី​​តំបន់​ដើម​បូព៌ា រហូត​ដល់​អាស៊ីកណ្តាល​និង​ឥណ្ឌា មាន​នៅសល់​តិច​តួច​តែប៉ុណ្ណោះ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ជា​សរុប​​នៅលើពិភពលោក គេ​រាប់​ឃើញ​មាន​សត្វ​ខ្លារខិន តែ​ប្រមាណ​តែ​៧០០០ក្បាល រស់​នៅ​ផ្តុំ​គ្នា​ជាពិសេស​នៅ​ក្នុង​ព្រៃសាវ៉ាន​អាហ្វ្រិក។ ណាមីប៊ី​ជា​ប្រទេស​ដ៏​កម្រ​មួយ​នៅអាហ្វ្រិក​ដែល​ខ្លារខិនបន្ត​រស់​តាម​បែប​ធម្មជាតិ។ ​​

​ខ្លារខិន​ដែលរដ្ឋាភិបាល​​ណាមីប៊ី​បាន​ធ្វើ​អំណោយ​មក​ឱ្យ​ឥណ្ឌា​ ជា​ពូជ​ខ្លារខិន​ផ្សេង ខុស​ពី​ខ្លារខិន​អាស៊ីទេ ប៉ុន្តែតាំងពី​ឆ្នាំ​២០២០មក ឥណ្ឌា​​បាន​ពន្លឿន​ផែនការ​អភិរក្ស​សត្វ​ព្រៃ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​យល់​ព្រម​ឱ្យ​​បញ្ចូល​សត្វ​ខ្លារខិន​អាហ្វ្រិក​ ក្នុង​ទឹក​ដី​ឥណ្ឌា ត្រង់​តំបន់​ជាក់លាក់​មួយ និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ដក​ពិសោធន៍។ ឥណ្ឌា​កំពុង​ចរចាជាមួយ​អាហ្វ្រិក​ខាង​ត្បូង ដើម្បី​បាន​​ខ្លារខិន​ចំនួនប្រមាណ​​១២​ក្បាល​ផ្សេង​ទៀត។

នេះគឺ​​ជា​ករណី​ផ្ទេរ​សត្វ ឱ្យ​រស់​នៅ​​ឆ្លង​ទ្វីប​លើក​ទីមួយហើយ ទើប​មាន​ការ​ប្រទាញ​ប្រទង់​គំនិត​គ្នា​ខ្លាំង​ក្នុង​រង្វង់​អ្នក​ជំនាញ ដោយ​ខ្លះ​យល់​ថាខ្លារខិន​ទំនង​ជា​ពិបាក​សម្រប​ខ្លួន​លើក​ទឹក​ដី​ថ្មី។ ផែនការ​​អភិរក្សសត្វ​ព្រៃ​ដោយមហិច្ឆតា អាច​មិន​សម្រេច​ជោគជ័យ ព្រោះ​ខ្លារខិន​ប្រភេទ​នេះ ត្រូវ​ការរស់​នៅក្នុង​​ព្រៃ​ធំ​ទូលាយ និងដង់ស៊ីតេ​សត្វ​ទាប។ ប៉ុន្តែ​ព្រៃឧទ្យាន​Kuno តូច​ណាស់ សម្រាប់​ខ្លារខិន​ដល់​ទៅ​២១ក្បាល។ ឧបមា​ថា​ផែនការ​អាច​សម្រេច​ ក៏មិន​ធារ​យូរ​ដែរ ព្រោះ​បើ​អ្នក​ជំនាញជីវសាស្ត្រ​ Ravi Chellam ​ដែល​ជា​នាយក​មជ្ឈមណ្ឌជីវៈចម្រុះ​Collaborative គេ​ត្រូវ​ការ​សត្វខ្លា​រខិន​យ៉ាង​ហោច​ដល់​ទៅ​៥០​ក្បាល​ទើប​សត្វ​នេះ​អាច​បន្ត​​​បង្កបង្កើន​កូន​ចៅ​ជាប់​ស្ថិតស្ថេរបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ