អានតួអត្ថបទ
ប៉ាគីស្ថាន-ចិន-អាមេរិក

ប្រមុខ​ការទូត​​អាមេរិក ប្រាប់ទៅ​​សមភាគី​​​ប៉ាគីស្ថាន​ថា គួរទៅ​សុំចិន​ឲ្យ​​បន្ធូរបន្ថយ​​ការប្រាក់

បន្ទាប់ពីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក លោក​រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានជួប​គ្នា​ជាមួយ​លោក​អង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ នៅក្រុងវ៉ាស៊ីនតោន។ នៅក្នុងជំនួបនោះ ភាគីប៉ាគីស្ថានបានស្នើសុំឲ្យ​សហរដ្ឋអាមេរិកជួយ​ជំនួយហិរញ្ញវត្ថុ ដើម្បីឲ្យ​ខ្លួនដោះស្រាយ​បញ្ហាទឹកជំនន់។ លោកអង់តូនី ប្លីងកិន បានប្រាប់ទៅវិញថា អាមេរិកនឹងជួយ តែអ្វីដែលចាំបាច់​ គឺ​ប៉ាគីស្ថានគួរទៅសុំចិន ឲ្យ​បន្ធូរបន្ថយ​ការប្រាក់បំណុល​ ទើបជាដំណោះស្រាយល្អ។​

លោកអង់តូនី ប្លីងកិន ពេលជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន Bilawal Bhutto-Zardari នៅក្រសួងការបរទេសអាមេរិក ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦កញ្ញា ២០២២
លោកអង់តូនី ប្លីងកិន ពេលជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន Bilawal Bhutto-Zardari នៅក្រសួងការបរទេសអាមេរិក ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦កញ្ញា ២០២២ AP - Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលជួបជាមួយ​លោកអង់តូនី ប្លីងកិន លោក Bilawal Bhutto Zardari ​រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន​ បានលើកឡើងថា ប៉ាគីស្ថានជាប្រទេសរងគ្រោះ ដោយវិបត្តិអាកាសធាតុ ដែលបង្កឡើងដោយ​ប្រទេសឧស្សាហកម្មជឿនលឿន។ មានប្រជាជនច្រើនជាងគេលំដាប់ទី៥នៃពិភពលោកមែន តែប៉ាគីស្ថានបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ត្រឹមតែ​​០,៨%ប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាន​អំពាវនាវទៅកាន់​លោកចូ បៃដិនថា ត្រូវតែប៉ះប៉ូវផ្តល់យុត្តិធម៌ផ្នែកអាកាសធាតុឲ្យ​បានច្រើន ដល់​ប្រទេស​រងគ្រោះ។​

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានថ្លែងប្រាប់ទៅ​លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានវិញ​ថា អាមេរិកនឹងមានវត្តមានជួយប៉ាគីស្ថាន ដូចកាលពីលើកមុនៗ​ ដែលប៉ាគីស្ថានបានរងគ្រោះដោយ​គ្រោះធម្មជាតិ។ អាមេរិកមានគម្រោងជួយប៉ាគីស្ថាន ក្នុងការកសាងប្រទេសឡើងវិញ បន្ទាប់ពី​គ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតថ្មីៗនេះ។ តែទន្ទឹមគ្នានេះ លោកអង់តូនី ប្លីងកិន បានបញ្ជាក់ថា លោក​បានប្រាប់ទៅភាគីប៉ាគីស្ថានថា ប៉ាគីស្ថានគួរតែ​ទៅនិយាយចរចាជាមួយចិន ដើម្បីបន្ធូរបន្ថយ​ការប្រាក់ ដែលប៉ាគីស្ថានជាប់បំណុលចិន​។ ប្រការនេះ គឺវាអាចជួយ​ដល់​ប៉ាគីស្ថាន ក្នុងការបង្វែរថវិកា​មក​ដោះស្រាយ​​បញ្ហា​បន្ទាន់​ចំពោះមុខ ដែល​បណ្តាល​មកពី​គ្រោះ​ទឹកជំនន់។

សូមរំលឹក​ថា សម្ព័ន្ធភាពរវាងប៉ាគីស្ថាន ជាមួយអាមេរិក គឺជាកេរតំណែលតាំងតែពីសម័យសង្គ្រាមត្រជាក់។ អាមេរិក​ ធ្លាប់​បាន​ក្រើនរំឭកប៉ាគីស្ថាន អំពីគ្រោះថ្នាក់បំណុលចិនវ័នក។ យោងតាមរបាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិ ៣០%នៃ​បំណុលក្រៅស្រុករបស់​ប៉ាគីស្ថាន គឺជាប្រាក់​កម្ចីរបស់​ចិន។ ប៉ាគីស្ថានបាន​ចុះកិច្ចព្រមព្រៀងជាមួយចិន​ សាងសង់គម្រោង​ ហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនមហិមា ក្នុងទឹកប្រាក់សរុប ចំនួន​៥ម៉ឺន៤ពាន់លានដុល្លារ។ បំណុល​ដ៏សន្ធឹកនេះ ធ្វើ​ឲ្យ​គេបារម្ភថា ប៉ាគីស្ថាន អាចនឹងក្លាយ​ជាស្រីលង្ការទី​២។​

គួរបញ្ជាក់ដែរថា ថ្មីៗនេះ គ្រោះទឹកជំនន់បានជន់លិច ១ភាគ៣​នៃផ្ទៃដីប៉ាគីស្ថាន បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​១៦០០នាក់ និង​ប្រជាជន​៧លាននាក់ ត្រូវភៀសខ្លួន។ ជាមួយ​នឹងបញ្ហាសេដ្ឋកិច្ច​កាន់តែធ្ងន់ធ្ងរ ប៉ាគីស្ថានកំពុងតែដង្ហើយហៅរកជំនួយហិរញ្ញវត្ថុ ពីសហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិក បានសន្យា​ផ្តល់​ជំនួយមនុស្សធម៌ ចំនួន ៥៦លានដុល្លារ ព្រមទាំងបាន​បញ្ជូន​ស្បៀង​និង​សម្ភារៈចាំបាច់ ចំនួន​១៧យន្តហោះ ទៅជួយប្រជាជន​​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ