អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក-កូរ៉េខាងត្បូង

លោកស្រី​កាម៉ាឡា ហារីស​​ទៅកូរ៉េខាងត្បូង ខណៈ​មាន​ការបារម្ភ​ថា​កូរ៉េខាងជើង​គ្រោង​​សាកគ្រាប់​​បែក​​បរមាណូ

បន្ទាប់ពីបានទៅចូលរួមពិធីបុណ្យសពរបស់​លោកស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូ លោកស្រីកាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានទៅដល់កូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍​នេះ។ ក្រៅពីជួប​ប្រជុំជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រីបាន​ធ្វើដំណើរទៅកាន់តំបន់ព្រំដែន ពុំចែកកូរ៉េទាំង២ផងដែរ។ ទស្សនកិច្ចរបស់​លោកស្រីអនុរដ្ឋមន្ត្រីអាមេរិកនាពេលនេះ គឺត្រូវ​បានធ្វើឡើង ២ថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើងបានសាកល្បង​មីស៊ីល​បាលីស្ទីក ហើយ​យោងតាមការសង្ស័យ​កូរ៉េខាងជើង គ្រោងនឹងបាញ់សាកល្បងគ្រាប់​បែបបរមាណូថ្មី ក្នុងពេលឆាប់ៗនេះ​។

លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ចាប់រលាក់ដៃជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅក្រុងសេអ៊ូល ថ្ងៃទី២៩កញ្ញា ២០២២
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ចាប់រលាក់ដៃជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅក្រុងសេអ៊ូល ថ្ងៃទី២៩កញ្ញា ២០២២ AP - Leah Millis
ផ្សាយពាណិជ្ជកម្ម

ដំណើរទៅដល់​របស់​លោកស្រី កាម៉ាឡា ហារីស​ នៅតំបន់ស ព្រំដែនពុះចែក​រវាងបងប្អូនកូរ៉េទាំង២ នៅថ្ងៃព្រហស្បតិ៍ទី​២៩កញ្ញានេះ អាចនឹងក្លាយជា​កម្មវត្ថុ​នៃ​សំដីវាយ​ប្រហារ របស់​របបផ្តាច់ការព្យុងយ៉ាង។ កាលពីពេលលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅទស្សនកិច្ចនៅទីនោះ កាលពីដើម​ខែសីហា កូរ៉េខាងជើង​បានហៅ​លោកស្រីថា គឺជា “​មេបំផ្លាញ​សន្តិភាព​អន្តរជាតិ ខ្លាំងដៃជាងគេ”។

មុននឹងចេញពីជប៉ុន លោកស្រីកាម៉ាឡា ហារីស បានថ្លែងសុន្ទរកថា ពីលើនាវាចម្បាំងអាមេរិក ដោយបាន​ចោទ​របប​ផ្តាច់ការ​កូរ៉េខាងជើង ថាជាអ្នក​គំរាម​ស្ថិរភាពតំបន់ តាមរយៈការបាញ់សាកល្បងមីស៊ីល ព្រមទាំង​កម្មវិធីផលិត​សព្វាវុធដែល​ខុសច្បាប់។

សូមបញ្ជាក់ថា ទៅដល់ក្រុងសេអ៊ូលនៅព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រីកាម៉ាឡា ហារីស​ បានទៅជួប​ប្រជុំជាមួយ​លោក យូន ស៊ុក​យោល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលទើបបានចូលកាន់តំណែង កាលពីខែឧសភា។ មេដឹកនាំទាំង២ បាននិយាយអំពីទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាទំនើប​ ដោយភាគីកូរ៉េខាងត្បូង បានថ្លែងការបារម្ភ ទាក់ទិននឹងច្បាប់ថ្មីរបស់អាមេរិក ដែលបាន​លុប​ចោល​នូវជំនួយ​ថវិកា សម្រាប់ការទិញរថយន្ត​​អគ្គិសនី​​ ដែលមិនមែនផលិតនៅសហរដ្ឋអាមេរិក​។​ ច្បាប់ថ្មីនេះ អាចនឹងប៉ះពាល់ដល់ទីផ្សារលក់រថយន្តរ បស់ក្រុមហ៊ុន​រថយន្ត​​កូរ៉េខាងត្បូង។

សំណុំរឿងសន្តិសុខ ទាក់ទិននឹងការគំរាម​របស់​កូរ៉េខាងជើង​ គឺជា​សំណុំរឿងធំផងដែរ នៅក្នុងការជជែកគ្នា។ យោងបណ្តាញចារកិច្ច​កូរ៉េខាងត្បូង អះអាងថា គឺកូរ៉េខាងជើង​ មានគម្រោង​បាញ់សាកល្បងគ្រាប់បែកបរមាណូថ្មីមួយ នៅរវាងខែតុលាខាង​មុខនេះ ព្រោះថ្ងៃទី​១៦តុលា គឺជាថ្ងៃបើក​មហាសន្និបាតបក្សកុម្មុយនីស្តចិន ហើយថ្ងៃ៧វិច្ឆិកា គឺជាថ្ងៃបោះឆ្នោត​ពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ជានិច្ចជាកាល កូរ៉េខាងជើងតែងតែ​ឆក់ឱកាសល្អៗ ដើម្បី​ធ្វើឲ្យ​ការបាញ់សាកល្បងសព្វាវុធរបស់ខ្លួន ​មានគេចាប់អារម្ភច្រើន។

គួរបញ្ជាក់ដែរថា ក្នុងសប្តាហ៍នេះ កងទ័ពកូរ៉េខាងត្បូងនិងអាមេរិក កំពុងធ្វើសមយុទ្ធយោធារួមគ្នា។ ព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កងទ័ពកូរ៉េខាងត្បូង បានប្រកាសពីការរៀបចំធ្វើសមយុទ្ធរួមគ្នា ត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង​ ដោយ​ប្រើ​នាវាមុជទឹកបាតសមុទ្រ។ សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញ​កងទ័ពបានសង្កេតឃើញថា កូរ៉េ​ខាងខាងជើង កំពុងតែត្រៀមបាញ់សាក​ល្បង​មីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹកបាតសមុទ្ររបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ