អានតួអត្ថបទ

កូរ៉េខាងត្បូង​និងអាមេរិក ​បាញ់​​មីស៊ីល​បាលីស្ទិក​ច្រើនគ្រាប់ ក្រោយ​​កូរ៉េខាងជើង​បាញ់មីស៊ីល​​ហោះរំលង​​ជប៉ុន

មួយថ្ងៃក្រោយ​កូរ៉េខាងជើង បានបាញ់មីស៊ីល​បាលីស្ទីក ហោះរំលងពីលើជប៉ុន នៅថ្ងៃពុធនេះ កងទ័ពកូរ៉េខាងត្បូង និង​អាមេរិក បាន​ប្រកាសថាគេបានបាញ់​មីស៊ីលចំនួន៤គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ជាការបាញ់​ ដើម្បី​បង្ហាញកម្លាំង ប្រាប់ទៅកូរ៉េខាងជើង ថាអាមេរិក និង​កូរ៉េខាងត្បូង​ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកម្ទេច​ចំ​គោលដៅ​ណាមួយ យ៉ាងច្បាស់ប្រាកដបំផុត។​

យន្តហោះចម្បាំងកងទ័ពកូរ៉េខាងត្បូង F15K និងយន្តហោះចម្បាំងអាមេរិក F-16 ហោះរួមគ្នា​នៅថ្ងៃអង្គារ ទី​៤ តុលា ២០២២ ក្នុងពេលធ្វើ​សមយុទ្ធ។
យន្តហោះចម្បាំងកងទ័ពកូរ៉េខាងត្បូង F15K និងយន្តហោះចម្បាំងអាមេរិក F-16 ហោះរួមគ្នា​នៅថ្ងៃអង្គារ ទី​៤ តុលា ២០២២ ក្នុងពេលធ្វើ​សមយុទ្ធ។ AP
ផ្សាយពាណិជ្ជកម្ម

អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង បាន​ចេញលិខិតប្រកាសថា នៅព្រឹកថ្ងៃពុធទី​៥តុលា កងទ័ពកូរ៉េខាងត្បូង និង​កងទ័ពអាមេរិក បានបាញ់មីស៊ីល​ម្នាក់ចំនួន​២គ្រាប់។ ជាប្រភេទមីស៊ីល​បាលីស្ទិក ចម្ងាយមធ្យម ATACMS សំដៅកម្ទេចគោលដៅ ដែលគេសន្មត់ដើម្បី​សាកល្បង​ នៅក្នុងសមុទ្រជប៉ុន។ លិខិតរបស់កងទ័ពកូរ៉េខាងត្បូងនេះ សរសេរ​បញ្ជាក់ថា ការបាញ់ហាត់សមនេះ គឺជា​ការបង្ហាញប្រាប់ថា យើងមាន​សមត្ថភាព​គ្រប់គ្រាន់ និង​បាន​ត្រៀម​ខ្លួនរួចរាល់​ ដើម្បី​កម្ទេចគោលដៅណាមួយ ដែលជាប្រភព​បង្កបញ្ហា។​

ជាមួយគ្នានេះ កងទ័ពកូរ៉េខាងត្បូង បាន​ទទួលស្គាល់​ថា ការបាញ់សាកល្បង មីស៊ីល​បាលីស្ទីកចំងាយ​ខ្លីរបស់ខ្លួន មួយទៀត ឈ្មោះ Hyunmoo-2 មិនបានជោគជ័យទេ កាលពីថ្ងៃពុធ ដោយមីស៊ីលបានធ្លាក់វិញភ្លាម​ក្រោយ​បាញ់ចេញបានបន្តិច។ ជាសំណាងល្អ មីស៊ីល​មិនបានផ្ទុះ តែបាន​បង្កឲ្យ​មានអគ្គិភ័យ​នៅទីលានបាញ់បង្ហោះ និង​បាន​ធ្វើ​ឲ្យប្រជាជនរស់នៅទីក្រុង​ Gangneung  ភ័យជ្រួលច្របល់ផងដែរ។​

គួរបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរបស់​កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បាន​រួ​មគ្នាហាត់សម បើកការវាយប្រហារ លើគោលដៅកំណត់​សាកល្បង ក្នុងសមុទ្រលឿង។ ឆ្លើយទៅអ្នកកាសែតទូរទស្សន៍ CNN លោក John Kirby អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខអាមេរិក បាន​លើកឡើងថា ការហាត់សមសាកល្បងទាំងនេះ គឺជា​ការឆ្លើយតប ចំពោះការគំរាមកំញើញពីសំណាក់របបផ្តាច់ការព្យុងយ៉ាង និង​ដើម្បីប្រាប់​ទៅ​របបនេះថា យើងមាន​សមត្ថភាព​​​កម្លាំង​គ្រប់គ្រាន់អាចវាយបកវិញ​​។ តែលោក​បានបញ្ជាក់ តែយ៉ាងណាភាគីអាមេរិក មិនចង់ឲ្យ​មាន​រឿងនោះកើតឡើងទេ ហើយអាមេរិកបានប្រាប់ទៅកូរ៉េខាងជើងយ៉ាងច្បាស់ ច្រើនដងហើយ ថាអាមេរិក​ត្រៀមចូលតុចរចា ដោយ​គ្មានលក្ខខណ្ឌអ្វីទាំងអស់។

គួររំលឹកថា របបផ្តាច់ការកូរ៉េខាងជើង បានអនុម័ត​ទ្រឹស្តីគោលនយោបាយ​ថ្មី ដោយ​ចាត់ទុកកម្មវិធីអាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​​ មិនអាចត្រូវ​បាន​​ដកថយ​វិញបាន​ជាដាច់ខាត។ ប្រមាណ​១០ថ្ងៃចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន​៥ដង ដោយ​​កាលពីថ្ងៃអង្គារទី​៤តុលា​ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចំងាយ​ឆ្ងាយ ហោះរំលងពីលើជប៉ុន។ យោងតាមអ្នកជំនាញ​ មីស៊ីល​ដែលកូរ៉េខាងជើងបានបាញ់​​កាលពីថ្ងៃអង្គារ រត់បានចំងាយ​ ៤៦០០គីឡូម៉ែត្រ អាចជាប្រភេទ Hwasong-12 IRBM អាចមានសមត្ថភាពនាំ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយ​អាចហោះទៅដល់​មូលដ្ឋានទ័ពអាមេរិក នៅលើកោះGuam៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ