អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើងអះអាងថាសកម្មភាពបាញ់សាកល្បងមីស៊ីលនេះស្របច្បាប់

ថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានអះអាងថាការបាញ់សាកល្បង មីស៊ីល កាលពីពេលថ្មីៗនេះ ជាការប្រឆាំងតបដោយស្របច្បាប់តែប៉ុណ្ណោះ ចំពោះទង្វើគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក។ ប្រទេសកុម្មុយនិស្តនេះ បានធ្វើការបាញ់សាកល្បង​មីស៊ីលចំនួន​៦ រួចមកហើយ ក្នុងកំឡុងពេលពីរសប្តាហ៍កន្លងទៅនេះ។ ជាក់ស្តែងកាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម ឆ្លងកាត់ពីលើប្រទេសជប៉ុន ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់រត់រកកន្លែងសុវត្ថិភាពជាបន្ទាន់។

នាវាថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក្នុងការធ្វើសមយុទ្ធយោធារបស់អាមេរិក-កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ
នាវាថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក្នុងការធ្វើសមយុទ្ធយោធារបស់អាមេរិក-កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Montreal កាលពីថ្ងៃសុក្រនេះ​​ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)  ថ្កោលទោសទៅលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថាបានបង្កើនហានិភ័យ គ្រោះថ្នាក់ដល់អាកាសចរណ៍ស៊ីវិល។

ទីភ្នាក់ងារកូរ៉េខាងជើង បានឆ្លើយតប និងចោទប្រកាន់ សេចក្តីថ្លែងការណ៍របស់អង្គការអាសកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)នេះ ថាជាការញុះញង់ផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសខ្លួន។

មិនតែប៉ុណ្ណោះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA សកម្មភាពបាញ់មីស៊ីលសាកល្បងនេះ គឺជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាជាប្រចាំតែប៉ុណ្ណោះ  ដើម្បីការពារសន្តិសុខ និងសន្តិភាពរបស់ប្រទេស ពីការគំរាមកំហែងយោធា របស់សហរដ្ឋអាមេរិក ដែលបានអូសបន្លាយជាងកន្លះសតវត្សរួចមកហើយ។

ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនេះ ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធារួមគ្នា យ៉ាងខ្លាំងខ្លាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ចាក់ថា ប្រទេសទាំងបី រួមជាមួយនិង អង្គការសហប្រជាជាតិ នឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតប ទៅលើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងររបស់ ទីក្រុងព្យុងយ៉ាងនេះ។

ម្យ៉ាងទៀតសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រនេះ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួននៅក្នុងតំបន់អាស៊ី ដែលត្រូវបានចោទប្រកាន់ថាបានជួយ កូរ៉េខាងជើងក្នុងការទិញប្រេងឥន្ធនៈ រំលោភបំពានទៅលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកុម្មុយនិស្តមួយនេះ ។

ប្រទេសកូរ៉េខាងជើងវិញ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយនិយាយថា ប្រទេសខ្លួនកំពុងមានការព្រួយបារម្ភជាខ្លាំងទៅលើស្ថានភាពបច្ចុប្បន្ននេះ ដោយសំដៅទៅលើការប្រើប្រាស់នាវាថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក្នុងការធ្វើសមយុទ្ធយោធារបស់អាមេរិក-កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដោយចាត់ទុកថាជាការធ្វើសមយុទ្ធត្រៀមការឈ្លានពាន។ ដូចនេះហើយការសាកល្បងមីស៊ីល របស់ពួកគេគឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុត។

លើសពីនេះទៅទៀតក្រុមអ្នកវិភាគវិញបាននិយាយថា ទីក្រុងព្យុងយ៉ាងបានចាប់យកឱកាសនៃការជាប់គាំងនៅអង្គការសហប្រជាជាតិ ដើម្បី ធ្វើតេស្តអាវុធបន្ថែមទៀត ដោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមានជាច្រើនខែមកហើយថា ទីក្រុងព្យុងយ៉ាងក៏នឹងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរមួយផ្សេងទៀតផងដែរក្នុងពេលឆាប់ៗនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ