អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​អះអាង​ថា​បាន​ធ្វើសមយុទ្ធ​នុយក្លេអ៊ែរ​តាក់ទិក

កូរ៉េខាងជើង​អះអាង នៅថ្ងៃចន្ទ​នេះ​ថា ការសាកល្បង​មីស៊ីល​កាលពីពេលថ្មីៗចុងក្រោយ​នេះ គឺ​មាន​ការ​ហាត់សម​វាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក ហើយថា ការ​សាកល្បង​នេះ ដែល​​ត្រូវ​បាន​ធ្វើឡើងដោយ​មាន​ការ​មើល​ខុសត្រូវ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​គីម ជុងអ៊ុន គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​សមយុទ្ធរួមគ្នា​ រវាង​អាមេរិក និង​កូរ៉េ​ខាងត្បូង។

រូបភាពផ្តល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ដែល​អះអាង​ថា ជា​ការ​បាញ់សាកល្បងមីស៊ីល ធ្វើឡើងក្នុងចន្លោះ​ពីថ្ងៃទី២៥កញ្ញា ដល់ ៩តុលា
រូបភាពផ្តល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ដែល​អះអាង​ថា ជា​ការ​បាញ់សាកល្បងមីស៊ីល ធ្វើឡើងក្នុងចន្លោះ​ពីថ្ងៃទី២៥កញ្ញា ដល់ ៩តុលា AP
ផ្សាយពាណិជ្ជកម្ម

យោងតាមការផ្សាយ​របស់​បណ្តាញ​ព័ត៌មានរដ្ឋ​កូរ៉េ​ខាងជើង អង្គភាព​ទ័ពពិសេស ដែល​ទទួលបន្ទុក​ខាង​ប្រតិបត្តិការ​នុយក្លេអ៊ែរ​តាក់ទិក បាន​ចូលរួម​ធ្វើ​សមយុទ្ធ ក្នុង​ចន្លោះ​ពីថ្ងៃទី២៥កញ្ញា ដល់ថ្ងៃទី៩​តុលា ដើម្បី​វាយតម្លៃមើល​អំពី​សមត្ថភាព​ក្នុងការ​វាយបកលើ​សត្រូវ ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក។ កូរ៉េ​ខាងជើង​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា មីស៊ីល​ដែល​បាញ់សាកល្បង រំលង​ពីលើ​ទឹកដី​ជប៉ុន កាល​ពី​ថ្ងៃទី៤តុលា​​​កន្លងទៅនេះ គឺ​ជា​មីស៊ីល​ធុនទំនើប​ថ្មីចុងក្រោយ ដែល​ទើបនឹង​ផលិតបាន ហើយថា វា​គឺ​​ប្រភេទ​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយមធ្យម។

គួររំឭកឡើងវិញ​ថា នៅ​ក្នុង​អំឡុង​សមាជបក្ស កាល​ពី​ខែមករា ឆ្នាំ២០២១​កន្លងទៅ លោក​គីម ជុងអ៊ុន បាន​យកការ​អភិវឌ្ឍ​សមត្ថភាព​ខាង​នុយក្លេអ៊ែរ​តាក់ទិក​ជា​គោលដៅ​អាទិភាព​ចម្បងមួយ​ ហើយ​ក្រោយ​មក​ទៀត ប្រមុខដឹកនាំ​កូរ៉េខាងជើង​ក៏​បាន​លើកឡើង​ផងដែរ​ថា កម្មវិធី​អភិវឌ្ឍ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​​នឹង​បន្ត​ទៅមុខ ដោយ​គ្មាន​ថ្ងៃត្រឡប់​ក្រោយ​វិញ​នោះទេ ដែល​នេះ គឺ​មានន័យ​ស្មើនឹង​ការ​បិទបញ្ចប់​ទាំងស្រុង​នូវ​លទ្ធភាព​ក្នុងការ​ចរចា ដែល​ធ្លាប់​ធ្វើ​កាលពី​ពេល​កន្លងទៅ ក្នុងគោលដៅ​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

បន្ថែម​ពីលើ​នេះ​ទៅទៀត កាល​ពីខែកញ្ញា​កន្លងទៅ​ថ្មី​ៗ​នេះ កូរ៉េ​ខាងជើង​ថែមទាំង​បាន​កែប្រែច្បាប់​របស់​ខ្លួន​ផងដែរ ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​ថ្មី គឺអនុញ្ញាត​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​វាយប្រហារ​មុន​ទៅលើ​គូសត្រូវ។

ចាប់តាំងពីពេលនោះមក ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ​បាន​កើនឡើង​ជាប់ជាលំដាប់ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​កូរ៉េ​ខាងត្បូង និង​អាមេរិក ក៏​បាន​ធ្វើ​សមយុទ្ធ និង​ចាត់វិធានការ​យោធា​ផ្សេងទៀត ដោយ​លើកឡើង​ថា ជា​ការ​ឆ្លើយតប​នឹង​ទង្វើ​របស់​កូរ៉េ​ខាងជើង។ ចំណែក​កូរ៉េ​ខាងជើងវិញ ក៏​បាន​បង្កើន​ការសាកល្បង​មីស៊ីល​ ដោយ​អះអាង​ថា ជាការ​ឆ្លើយ​តប​ទៅនឹង​ទង្វើ​របស់​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។

អ្វីដែល​គេ​កំពុងតែ​បារម្ភ គឺ​កូរ៉េ​ខាងជើង​អាច​ឈាន​ទៅ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ ដែល​អាច​នឹង​រុញ​វិបត្តិ​ឲ្យ​កាន់តែ​ធ្លាក់​ចុះដុនដាប់​កាន់តែ​ខ្លាំង ហើយនៅក្នុងពេលដែល​ហានិភ័យ​នៃ​ការ​ប្រឈមមុខដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ កំពុងតែ​មាន​ខ្ពស់​ស្រាប់ នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន ពិភពលោក​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ប្រឈមមុខដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​មួយទៀត ចេញ​ពី​​ឧបទ្វីបកូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ