អានតួអត្ថបទ
ប៉ាគីស្ថាន- អាមេរិក

ប៉ាគីស្ថានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកទៅសួរនាំជុំវិញការលើកឡើងរបស់លោក Biden

ថ្ងៃសៅរ៍ ទី១៥​តុលា ប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរបស់ខ្លួន មកបកស្រាយ លើការលើកឡើងរបស់ លោកប្រធានាធិបតីអាមេរិក។​ លោក Biden បានពណ៌នាប្រទេសអាស៊ីខាងត្បូងនេះ ថាជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក មិនតែប៉ុណ្ណោះលោកក៏បានចោទសួរអំពីវិធានការ ក្នុងការការពារ និងរក្សា អាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានផងដែរ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន​ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ២៧កញ្ញា២០២២
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន​ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ២៧កញ្ញា២០២២ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងកម្មវិធីមួយរបស់គណបក្សប្រជាធិបតេយ្យ លោក Biden បានធ្វើការកត់សម្គាល់ថា ប៉ាគីស្ថានអាចចាត់ទុកជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយ​ក្នុងស្ថានភាពបច្ចុប្បន្ននេះ។​ ការលើកឡើងនេះបាន បង្កឱ្យមានកំហឹងគួរឲ្យកត់សម្គាល់ពីសំនាក់ប្រទេសប៉ាគីស្ថាន។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុង Karachi ថាលោកនាយករដ្ជមន្ត្រី មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកនេះ។

យ៉ាងនេះក្តី លោករដ្ឋមន្ត្រីការបរទេសបានបញ្ចាក់ថា វាមិនអាចជះឥទ្ធិពលអវិជ្ជមានអ្វី ទៅដល់ទំនាក់ទំនងរវាងប៉ាគីស្ថាន និងសហរដ្ឋអាមេរិកនោះទេ។ លោកជឿជាក់ថានេះពិត​ គ្រាន់តែជាការយល់ច្រឡំមួយតែប៉ុណ្ណោះ យោងថាមតិនេះមិនបានធ្វើឡើងក្នុងកម្មវិធីផ្លូវការណ៍។

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកបានសម្រេចដកទ័ពចេញពីអាហ្វហ្គានីស្ថាន ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប៉ាគីស្ថានបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ប៉ាគីស្ថានធ្លាប់ជាដៃគូរដ៏សំខាន់របស់អាមេរិកនៅ ក្នុងសង្គ្រាមបំបាត់ភារវកម្មនៅអាហ្វហ្គានីស្ថាន ប៉ុន្តែមន្ត្រីអាមេរិកជឿជាក់ថា ទីក្រុងអ៊ីស្លាម៉ាបាដក៏បានឆ្លៀត សហការណ៍ជាមួយពួកតាលីបង់ផងដែរ។ វ៉ាស៊ីនតោនប្រាកដថា ប៉ាគីស្ថានធ្លាប់បានផ្តល់នូវជំនួយជាឧបករណ៍យោធា ទៅដល់ក្រុមកំពុងកាន់អំណាចនេះ។

មុនពេលលោក Biden បញ្ចេញមតិលើប៉ាគីស្ថាន លោកបានលើកឡើងផងដែរ អំពីស្តានភាពដែលប្រទេសចិនកំពុងប្រឈមមុខ ក្នុងការព្យាយាមដោះស្រាយទំនាក់ទំនងការបរទេសរបស់ចិនជាមួយ នឹងរុស្ស៊ី ឥណ្ឌា និង ប៉ាគីស្ថាន។

លោក Biden​ បានសង្កត់ថា ប្រធានាធិបតីចិន មានគោលដៅច្បាស់លាស់ប៉ុន្តែ ចិនត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងកំឡុងពេលរុស្ស៊ី បន្តសង្គ្រាមជាមួយអ៊ុយក្រែន ហើយប្រទេសប៉ាគីស្ថានដែលមានក្នុងដៃនូវ អាវុធនុយក្លេអែរ អាចចាត់ទុកថាជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយ។

សព្វថ្ងៃ​នេះ សហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភ​ និងប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប៉ាគីស្ថាន និងប្រទេសចិន។  ជាពិសេសនៅពេលដែលចិនកំពុងជំរុញ គម្រោងច្រករបៀងសេដ្ឋកិច្ច ដែលគិតជាទឹកប្រាក់ចំនួនជាង ហាសិប ពាន់លានដុល្លារ នៅប៉ាគីស្ថាន ដើម្បីផ្តល់ច្រកចេញទៅកាន់មហាសមុទ្រឥណ្ឌាឲ្យទៅចិន។

អាមេរិក បានព្រមានហើយថាគម្រោងនេះនឹងធ្វើឲ្យ ប៉ាគីស្ថានជាប់គំនាបបំណុល ខណៈពេលដែលអ្នកប្រមូលផលគឺជាប្រទេសចិន ទៅវិញ​ យ៉ាងណាមិញមតិព្រមាននេះត្រូវ​បាន​ប៉ាគីស្ថាន​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀត​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ