អានតួអត្ថបទ

របបសឹកភូមាព្រមានពីផលវិបាកអវិជ្ជមានប្រសិនបើអាស៊ាននៅតែបន្តដាក់សម្ពាធ

«ការ​ដាក់​សម្ពាធ​បន្ថែមទៀត គឺនាំ​ឲ្យ​មាន​ផលវិបាកអវិជ្ជមាន ​ច្រើន​ជាង​វិជ្ជមាន​»​ នេះគឺជា​សេចក្តីបញ្ជាក់​របស់​ ក្រសួង​ការបរទេស​ភូមា ក្នុង​សេចក្តីថ្លែងការណ៍​មួយ ផ្សាយ​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ ទី២៧ ខែ​តុលា។ ការ​បញ្ជាក់​របស់​រដ្ឋបាល​ក្រុង​ណៃពិដោរនេះ គឺ​ដំណាលគ្នា​ដែល​រដ្ឋមន្ត្រីការបរទេស​​អាស៊ាន​ជួប​ប្រជុំគ្នា​ជា​បន្ទាន់​នៅ​ទីក្រុង​ហ្សាការតា​ និង​ដែល​មិនបាន​អញ្ជើញ​ភូមា​​​។

Cambodia's Foreign Minister Prak Sokhonn and Secretary General of the Association of Southeast Asian Nations (ASEAN) Lim Jock Hoi pose for pictures before a meeting with Southeast Asian foreign ministers at the Association of Southeast Asian Nations (ASEAN) Secretariat in Jakarta, Indonesia, October 27, 2022.
Cambodia's Foreign Minister Prak Sokhonn and Secretary General of the Association of Southeast Asian Nations (ASEAN) Lim Jock Hoi pose for pictures before a meeting with Southeast Asian foreign ministers at the Association of Southeast Asian Nations (ASEAN) Secretariat in Jakarta, Indonesia, October 27, 2022. REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​បន្ទាន់ នៅ​ទីក្រុង​ហ្សាការតា ប្រេសិត​ពិសេស​អាស៊ាន​​ លោករដ្ឋមន្ត្រីខ្មែរ​ ប្រាក់​ សុខុន បាន​ប្រកាសថ្លែង​ក្នុង​ន័យ​​ថា «ប្រមុខ​ការទូតអាស៊ាន សុទ្ធតែ​មាន​ឆន្ទៈ​ជួយ​ភូមា​ដើម្បី​រក​ដំណោះស្រាយដោយ​​សន្តិវិធី។»​។ ក៏ប៉ុន្តែ ​ភូមា ​បាន​ចោទប្រកាន់​ថា អាស៊ាន​«រើសអើង​ខ្លួន» ដោយមិន​បាន​អញ្ជើញ​ភូមា​ឲ្យ​ចូលរួម​ប្រជុំ​នៅ​ក្រុង​ហ្សាការតា ពីថ្ងៃព្រហស្បតិ៍​។

កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នេះ គឺធ្វើ​ឡើង​តែពីរថ្ងៃ​បន្ទាប់​ពី​ អ្នក​រាយការណ៍​ពិសេស​ស្តីពី​​សិទ្ធិមនុស្ស​នៅ​ភូមា​ លោក Thomas H. Andrews ធ្វើ​សន្និសីទ​កាសែត​នៅ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្រុង​ញ៉ូវយ៉ក ដោយ​សម្តែង​ក្តី​សោកស្តាយ​ថា​ សហគម​អន្តរជាតិ​ ហាក់​បាន​ទុក​ប្រជា​ជន​ភូមា​ចោល​ ឲ្យ​រស់​នៅ​ក្នុងភាពភ័យខ្លាច​និង​អំពើ​ឃោរឃៅ​របស់​របបសឹក។ ដើម្បីចូលរួម​ជួយ​ដោះស្រាយ​ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សប្រចាំភូមា​ ​​អំពាវនាវ​ឲ្យ​សហគម​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​លើរបបសឹក ជា​សម្ពាធ​ធ្វើ​ឲ្យ​ ភូមា ​កែប្រែ​ចរិត។​

​ចំពោះ ភូមា គម្រោង​ការ​ដើរចេញពី​វិបត្តិ​នយោបាយ​ គឺ«ត្រូវ​ការ​ពេល​វេលា​»។ ទោះ​ជា​ថ្លែង​យ៉ាង​នេះក្តី​ តែ​ របបសឹក​ក្រុង​ណៃ​ពិដោរ ពុំ​បាន​លើកឡើង​សោះឡើយ​ថា ដំណើរ​ចេញពី​វិបត្តិ​នយោបាយនេះ គឺ​ត្រូវ​មាន​ការ​ចរចា​សម្រុះ​សម្រួលនិង​ពិភាក្សាគ្នា​​​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​នោះទេ។​

សំណុំ​រឿង​ភូមា ជា​វិញ្ញាសា​ដ៏​លំបាក​មួយ​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្តធ្វើ​ឡើង​នៅរាជធានី​ភ្នំពេញ ថ្ងៃទី​១០ដល់​១៣ វិច្ឆិកា ខាងមុខនេះ។  ក្នុងនាម​ជាប្រធាន​ផ្លាស់វេន​អាស៊ាន កម្ពុជា​ បាន​ស្នើ​ឲ្យ ​ភូមា បញ្ជូន​​អ្នក​តំណាង​ដែល​មិនមែន​ជា​អ្ន​កដឹកនាំនយោបាយ មក​ប្រជុំកំពូល​ តែ របបសឹក​ បាន​បញ្ជាក់​បដិសេធ។​ ក្នុង​សប្តាហ៍​នេះ កាសែតប្រឆាំងភូមា​ បាន​សរសេរ​ផ្សាយ​ថា​ កម្ពុជាបរាជ័យ​ក្នុង​ការ​ដោះស្រាយបញ្ហានៅភូមា។

តាមរបាយការណ៍​របស់​អង្គការការពារ​សិទ្ធិមនុស្ស​នៅក្នុង​ស្រុក​ភូមា​ គឺ​ តាំងពី​របបសឹក​ឡើង​ក្តោប​​អំណាច​ដោយ​រដ្ឋប្រហារ​មក គឺ កម្លាំង​យោធា​​ភូមា បាន​សម្លាប់​ជន​ស៊ីវិល​ ប្រមាណ​ជាង ២ ៣០០ នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ