អានតួអត្ថបទ

លោក ចូ បៃដិន៖ អាស៊ាន​ជា​​បេះដូង​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋបាល​​​វ៉ាស៊ីនតោន

នៅថ្ងៃ​សៅរ៍ ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​ជួបប្រជុំ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​​និង​ថ្នាក់ដឹកនាំ​អាស៊ាន​។ ពី​រាជធានីភ្នំពេញ  ​ប្រមុខ​រដ្ឋ​អាមេរិក​ បាន​គូស​បញ្ជាក់ថា អាស៊ានជាស្នូលបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក ចូ បៃដិន​។ ដូច្នេះ​ហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក រំពឹងសង្ឃឹមថា​​នឹងបានចុះហត្ថលេខាលើកតិកាសញ្ញាភាពជាដៃគូ អាមេរិក- អាស៊ាន ទៅលើ​សំណុំរឿងបញ្ហាធំៗមួយ​ចំនួនដែល​ពិភពលោក​កំពុង​ប្រឈម និង​សំណុំ​រឿង​អាកាសធាតុ ព្រមទាំង​បញ្ហា​សុខាភិបាល​ ជាដើម​​។ ជាមួយ​គ្នា​នេះ​ សេតវិមាន​អាមេរិក បាន​ប្រកាស​ជំនួយ​ ៨៦០ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​គាំទ្រ​អាស៊ាន​ក្នុង​វិស័យ​ផ្សេងៗ​ជាច្រើន។ ​

 ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ និងប្រធានអាស៊ាន​ផ្លាស់វេន។
​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ និងប្រធានអាស៊ាន​ផ្លាស់វេន។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន ​ប្រកាស​ជា​ចំហ​ថា ​អាស៊ាន​ជា​ស្នូល​យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក​ សម្រាប់​រដ្ឋបាល​របស់​លោកនិងអនុប្រធានាធិ​បតី​អ្នក​ស្រី កាំមីឡា ហារីស។ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​មាន​ប្រសាសន៍បញ្ជាក់ទៀត​ថា «យើង​កសាង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិកមួយ ដែល​ សេរីនិងបើកចំហ, មា​ន​ស្ថិរភាព​និង​វិបុលភាព​, មានភាព​ធន់​រឹងមាំ​ និងសុវត្ថិភាព​សុខសាន្ត​ត្រាណ។» ទន្ទឹម​នឹង​នេះ សេតវិមាន​អាមេរិក បាន​ប្រកាសផ្តល់​ជំនួយ ៨៦០ លានដុល្លារដើម្បីជួយគាំទ្រអាស៊ាន​ជាច្រើនវិស័យ​ ដែល​ផ្តល់​តាមរយៈ​គម្រោង​ជំនួយ​ USAID និង​តាម​ក្រសួង​ជំនាញ​នីមួយៗ​របស់​អាមេរិក​​។

វិមាន​ប្រធានាធិបតី​​អាមេរិក​​​ ក៏​បាន​រៀប​រាប់​លម្អិតពី​កិច្ចការ​ក្នុង​​គម្រោង​ជំនួយ​នីមួយៗ​ និង​រាប់​ឈ្មោះប្រទេស​ដែល​ត្រូ​វជួយទៅតាម​គម្រោង​ផ្សេងៗគ្នា។ ជាអាទិ៍ កម្មវិធី​ហេដ្ឋារចនា​សម្ព័ន្ធ​និង​វិនិយោគ គឺដាក់​មូលដ្ឋាន​ នៅ​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​។ កម្មវិធីប្រែប្រួល​អាកាសធាតុ​ គឺ​អាមេរិកត្រូវ​​បង្កើត​មជ្ឈមណ្ឌល១​​ដាក់​មូលដ្ឋាន​នៅ​ប្រុយណេ ហើយ​អាមេរិក​នឹង​ផ្តល់​អ្នក​ជំនាញ​ឲ្យ​ជួយ​បណ្តុះ​បណ្តាល​បច្ចេកទេស។

នៅ​ឆ្នាំ​២០២៣​ អាមេរិក​ត្រូវ​ចូល​រួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីបរិស្ថាន​អាស៊ាន ហើយ​​ទន្ទឹមនឹងនេះ ​ត្រូវ​បង្កើត​ការ​វិនិយោគ​នៅ​អាស៊ាន​ក្នុង​ផ្នែក​រថយន្ត​ដើរដោយ​អគ្គិសនី​​។ ​នៅក្នុង​ខែ​វិច្ឆិកានេះ រដ្ឋមន្ត្រីការពារអាមេរិក ក៏​នឹង​មក​ប្រជុំ​ក្របខណ្ឌរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ នៅ​កម្ពុជា។ មិនតែប៉ុណ្ណោះ នៅ​មាន​គម្រោង​ផ្សេងទៀត​ជាច្រើន ដូចជា​ការផ្តល់​ចំណី​អាហារ​ ដល់​កូន​សិស្ស​ខ្មែរ ជាង​១០ម៉ឺននាក់ រយៈ​ពេល​៥ឆ្នាំ​ ទៅមុខ, ផ្តល់​ទឹក​ស្អាតដល់​ឥណ្ឌា និង​ហ្វីលីពីន, គម្រោង​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី​នៅអាស៊ាន ហើយ​និង​កម្មវិធី​សហគ្រិន​ នៅ​ថៃ និងវៀតណាម ជាដើម​​។ល។

កាលពី​ឧសភា រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន បា​នអញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ទៅ​ជួប​សំណេះ​សំណាល នៅ​សហរដ្ឋអាមេរិក។ នោះ​គឺជាការ​ផ្តល់​កិត្តិយស​​និងការ​យកចិត្តទុក​ដល់​អាស៊ាន ហើយ​នៅពេល​នេះទៀត  ប្រធានាធិបតី​​ ចូ បៃដិន ​អញ្ជើញវត្តមាន​ផ្ទាល់​​ នៅក្នុង​កិច្ចប្រជុំកំពូល​​អាស៊ាន គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ឡើងថែមទៀត ពីឆន្ទៈ​ចង់​ពង្រឹង​​ទំនាក់ទំនងនិង​ឥទ្ធិពល​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​អាស៊ាន​ ឬ​ឥណ្ឌូប៉ាស៊ីហ្វិក​ទាំងមូល។ ជាក់ស្តែង​ ពេល​ចេញពីស្រុក​ខ្មែរ​ លោក បៃដិន អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី មុន​នឹង​បន្ត​ទៅ ថៃ ទៀត​។​  ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ ធ្លាប់​​ជួប​ពើបប្រទះនឹង​​ភាព​មិន​ប្រាកដ​ប្រជា​ ក្នុង​រជ្ជកាល​របស់អាណត្តិ​ប្រធានាធិបតីចាស់ ​លោក ដូណាល់ ត្រាំ។ ការ​ពង្រឹង​ដែន​អានុភាព​របស់​សហរដ្ឋអាមេរិក​នេះ គឺ​ទោះ​ចង់​មិន​ចង់​ ច្បាស់​ជា​ជល់​​ប្រឈម​នឹង​ឥទ្ធិពល​ចិន​។ មហាយក្ស​ចិន ដែល​បាន​ប្រកាស​រួច​ស្រេច​ទៅហើយ ការ​ពង្រឹង​ចំណង​ទាក់ទងភាព​​ជាដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ អាស៊ាន​-ចិន កាលពីឆ្នាំទៅមិញ ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ