អានតួអត្ថបទ
បារាំង-ឥណ្ឌូប៉ាស៊ីហ្វិក

ឥណ្ឌូប៉ាស៊ីហ្វិក៖ លោក​ម៉ាក្រុង​អំពាវនាវ​ឲ្យ​បិទ​បញ្ចប់ “ការ​ប្រឈម​មុខដាក់គ្នា” ហើយ​​ងាក​​មក​​សហការ​​ដើម្បី​​ស្ថិរភាព

នៅទីក្រុង​បាងកក ក្នុង​ឱកាសជំនួបកំពូលប្រចាំឆ្នាំ នៃ​ក្រុមប្រទេសសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោកម៉ាក្រុងប្រធានាធិបតី​បារាំង បានថ្លែង​អំពាវនាវ ថាត្រូវ​តែបិទបញ្ចប់​នូវស្ថានការ “ប្រឈមមុខដាក់គ្នា” រវាងមហាអំណាចទាំង២ គឺចិន ​និងសហរដ្ឋអាមេរិក ដែលលោកម៉ាក្រុងបានហៅថា ជាដំរី​ជល់គ្នា។ ការប្រឈមមុខដាក់គ្នា ដែល​បានបង្ខំ​ឲ្យ​ប្រទេសតូចតាចផ្សេងៗទៀតក្នុងតំបន់ ត្រូវជ្រើសរើសយកម្ខាងៗ យ៉ាងទើសទ័លបំផុត​។​

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសារទៅកាន់​សហគមន៍​ជនជាតិបារាំងរស់នៅប្រទេសថៃ។ ក្រុងបាងកក ថ្ងៃទី ១៧ វិច្ឆិកា ២០២២
លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសារទៅកាន់​សហគមន៍​ជនជាតិបារាំងរស់នៅប្រទេសថៃ។ ក្រុងបាងកក ថ្ងៃទី ១៧ វិច្ឆិកា ២០២២ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុង បានអំពាវនាវឲ្យ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិកទាំងអស់ ត្រូវងាក​មក​ចាប់ដៃសហការគ្នា ដើម្បីការរីកចម្រើន និង​ស្ថិរភាព ជាជាងការបែងចែកបក្សពួកប្រជែងគ្នា។ ក្នុងនាម​បារាំង​ ដែលមានដែនដី​នៅក្នុង​តំបន់ប៉ាស៊ីហ្វិក ហើយ​ជា​មហាអំណាច​ដែន​​សមុទ្រដ៏សំខាន់ និងធំជាងគេលំដាប់ទី២នោះ គឺបារាំងនឹងប្រឹងប្រែងដើរតួនាទី ជួយជាកម្លាំងចលករ ពង្រឹងស្ថិរភាព ការរីកចម្រើន និង​គំនិតច្នៃប្រឌិតនានា ដល់តំបន់ដ៏ធំមួយនេះ។​

01:26

សម្រង់ប្រសាសន៍របស់លោកម៉ាក្រុង ថ្លែងក្នុងឱកាសជួបជាមួយ​សហគមន៍​ជនជាតិបារាំង នៅទីក្រុងបាងកក

“សម្រាប់បារាំង ពាក្យ​ថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក” មិនមែន​គ្រាន់តែជាគំនិត​មួយនោះទេ តែវាជាការពិតជាក់ស្តែង ជាក់ស្តែងសម្រាប់មនុស្ស តាំងតែពីអតិតកាល​  បច្ចុប្បន្នកាល និង​អនាគតកាល។ នៅ​ឥណ្ឌូប៉ាស៊ីហ្វិក យើងមាន​តំបន់៧ ក្នុងចំណោម​​តំបន់ឯនាយសមុទ្រទាំង​១៣របស់បារាំង។ វា​គឺជាតំបន់ស្ថិតក្រោម​អំណាចរដ្ឋបាល​របស់បារាំង ដែលស្ថិតនៅ​រាយប៉ាយ រាប់ចាប់​ពីមហាសមុទ្រឥណ្ឌា រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក​ខាងត្បូង ហើយដែលជាចំណែក៦០% នៃដែនសមុទ្រ​សេដ្ឋកិច្ចផ្តាច់មុខរបស់​បារាំង។ គឺត្រង់នេះហើយ ដែល​នាំឲ្យ​បារាំង មានទំនាក់ទំនងចូលភ្ជាប់ខ្លួន ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​។

បារាំងមាននាមជាមហាអំណាចដែនសមុទ្រធំជាង​២បំផុត លំដាប់ទី​២ ក៏ព្រោះតែបារាំង មានដែនដី​នៅ​ក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះហើយ​។​ ព្រោះថានៅក្នុងតំបន់នេះ មានប្រជាជនយើងរស់នៅជាច្រើនលាននាក់​ មានទាំង មូលដ្ឋាន​ និង​​វត្តមានកងទ័ពបារាំង ដែលតែងតែរៀបចំធ្វើសមយុទ្ធ ហាត់សម​ជាមួយ​ប្រទេសក្នុងតំបន់​។​

ដូច្នេះអ្នកទាំងអស់​គ្នាដែល​នៅទីនេះ ត្រូវតែចាំជានិច្ច​ថា យើងកំពុងស្ថិតនៅក្នុងប្រទេសដែល​ជាមិត្ត​ ដែលយើងចង់ចាប់ដៃដើរទៅមុខជាមួយ ហើយ​ប្រទេស​យើង ជាប្រទេសដែល​មានអធិបតេយ្យភាព និងមានសិទ្ធិពេញលេញ នៅតំបន់នេះ៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ