អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក-កូរ៉េខាងត្បូង

គីម ជុងអ៊ុន ​បង្ហាញ​មុខ​កូនស្រី​ជាលើក​ទី១ និង​ប្រកាស​ថា​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តបវិញ ប្រសិន​បើ​រង​ការ​​គំរាម​​នុយក្លេអែរ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសថា នឹងប្រើអាវុធនុយក្លេអ៊ែរឆ្លើយតបវិញ ដោយ​មិនញញើតទេ ប្រសិន​កូរ៉េខាងជើងរងការគំរាមវាយ​ប្រហារ ដោយ​អាវុធនុយក្លេអ៊ែរ។ សំដី​នេះ ត្រូវបាន​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងផ្សព្វផ្សាយ​ ក្នុងឱកាសដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ បានទៅត្រួតពិនិត្យ​ការបាញ់បង្ហោះមីស៊ីល​បាលីស្ទីក​អន្តរទ្វីប ​កាលពីថ្ងៃសុក្រ​​ ដោយ​មាន​វត្តមាន​ភរិយា​និង​កូនស្រីម្នាក់ចូលរួមដែរ។​ មីស៊ីលអន្តរទ្វីបដែលអាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ និងអាចហោះទៅដល់ដែនដីអាមេរិក​។​

រូបភាពផ្តល់​ឲ្យដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការកូរ៉េខាងជើង៖ មេដឹកនាំ កូរ៉េខាងជើង​ គីម ជុនអ៊ុន ដឹកដៃកូនស្រី ​ត្រួតពិនិត្យ​មើល​ការបាញ់បង្ហោះ​មីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-17 កាលពីថ្ងៃទី​១៨ វិច្ឆិកា ២០២២
រូបភាពផ្តល់​ឲ្យដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការកូរ៉េខាងជើង៖ មេដឹកនាំ កូរ៉េខាងជើង​ គីម ជុនអ៊ុន ដឹកដៃកូនស្រី ​ត្រួតពិនិត្យ​មើល​ការបាញ់បង្ហោះ​មីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-17 កាលពីថ្ងៃទី​១៨ វិច្ឆិកា ២០២២ AP - 朝鮮通信社
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើងបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីល​បាលីស្ទីក​អន្តរទ្វីបថ្មីមួយទៀត កាលពីថ្ងៃសុក្រ ទី​១៨វិច្ឆិកា។ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បាន​ផ្សព្វផ្សាយនៅថ្ងៃនេះថា មីស៊ីល​ថ្មី ឈ្មោះ Hwasong-17បានហោះឡើងទៅលើ បាន​រយៈកំពស់ ៦០៤០,៩គីឡូម៉ែត្រ និងបាន​រត់ទៅក្នុងចំងាយ​៩៩៩,២គីឡូម៉ែត្រ មុននឹងធ្លាក់ទៅក្នុងសមុទ្រខាងកើត។

យោងតាមប្រភពដដែលនេះ គឺមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូលរួម​តាមដាន​ការបាញ់បង្ហោះមីស៊ីលដោយផ្ទាល់តែម្តង ជាមួយនឹង​វត្តមានចូលរួម របស់​​ភរិយា​និងកូនស្រី​ម្នាក់ របស់លោកគីម ជុងអ៊ុន​ផងដែរ។​ ក្នុង​ឱកាសនោះ គីម ជុងអ៊ុន​ បានប្រកាសថា ក្នុងករណីដែល​កូរ៉េខាងជើង ត្រូវគេគំរាមវាយ​ប្រហារដោយ​អាវុធនុយក្លេអ៊ែរ នោះកូរ៉េខាងជើងនឹងមិនញញើតសូម្បីតែមួយវិនាទី ក្នុងការឆ្លើយតបវិញ ដោយ​អាវុធនុយក្លេអ៊ែរ ដ៏មហាអស្ចារ្យរបស់ខ្លួន។​

សូមបញ្ជាក់ថា មួយថ្ងៃក្រោយ​កូរ៉េខាងជើងបាញ់សាកដោយជោគជ័យ នូវមីស៊ីលបាលីស្ទីក​អន្តរទ្វីប នៅព្រឹកថ្ងៃសៅរ៍នេះ កងទ័ព​អាមេរិកបានបញ្ជូន​យន្តហោះទំលាក់​គ្រាប់បែក ប្រភេទ B-1B ឲ្យ​ហោះនៅលើ​ឧបទ្វីបកូរ៉េ ក្នុងក្របខណ្ឌហាត់សមជាមួយ​កងទ័ពកូរ៉េខាងត្បូង។ ក្រៅពីនេះ យន្តហោះចម្បាំងអាមេរិកប្រភេទ F-35 ជាច្រើនគ្រឿងក៏បានចូលរួមដែរ។

គួរកត់សំគាល់ថា គិតចាប់ពីដើមខែ​វិច្ឆិកានេះមក គឺ​កូរ៉េខាងជើង បាន​បាញ់សាកល្បងមីស៊ីលយ៉ាងសន្ធឹកសន្ធាប់ ទាំងចម្ងាយមធ្យម​ និងចម្ងាយឆ្ងាយ​។ គ្រាន់តែក្នុងថ្ងៃទី​២វិច្ឆិកាមួយថ្ងៃ​ របបផ្តាច់ការនេះ បានបាញ់មីស៊ីលចំនួន​២៣គ្រាប់។ ជាការសំញ៉ែញកម្លាំង ពើងទ្រូងប្រាប់ទៅ​សហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ថាអំណេះតទៅកូរ៉េខាងជើង គឺជាមហាអំណាចសព្វាវុធ ដែល​ត្រូវតែចរចាជាមួយដោយស្មើភាព​។

លោកស្រី Soo Kim អតីតអ្នកវិភាគរបស់CIA បាន​លើកឡើងថា ការបាញ់មីស៊ីល​បាលីស្ទីកអន្តរទ្វីប កាលពីថ្ងៃសុក្រ គឺវាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ អំពីភាពអចិន្ត្រៃយ៍ដើរទៅមុខជាលំដាប់ នៃកម្មវិធី​សព្វាវុធរបស់របបផ្តាច់ការព្យុងយ៉ាង។ ជាកម្មវិធី​សព្វាវុធ ដែលរបបនេះប្តេជ្ញាពង្រឹង យកជាមធ្យោបាយ​ដើម្បីការពារខ្លួន និង​បន្តឲ្យ​ត្រកូលគីម គ្រប់គ្រងកូរ៉េខាងជើងតទៅទៀត។ យ៉ាងណាមិញ ការបង្ហាញ​រូបកូនស្រីម្នាក់របស់គីម ជុងអ៊ុន ជាលើកទី១ ​កាលពី​ថ្ងៃសុក្រម្សិលមិញ វាគឺសារបញ្ជាក់ថា អំណាចនយោបាយ​វង្សត្រកូលគីម នឹង​នៅស្ថិតស្ថេរជាដរាប ដោយ​មានអាវុធនុយក្លេអ៊ែរជារនាំងការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ