អានតួអត្ថបទ
ចិន-យន្តហោះ

ចិនចេញលក់​​យន្តហោះដឹក​អ្នក​ដំណើរ​​ Made in China​ ជាផ្លូវការ​ ​លើក​ដំបូង

នៅ​ថ្ងៃ​សុក្រ​ទី ៩​ធ្នូ ២០២២​នេះ ចិន​បាន​ប្រកាស​ប្រគល់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ C៩១៩ មួយ​គ្រឿង​ដំបូង​ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern។ ការ​ហោះហើរ​ដឹក​អ្នក​ដំណើរ​នឹង​ចាប់​ផ្តើម​ជា​លើក​ទីមួយ​នៅ​ដើម​ឆ្នាំ​២០២៣។ ផលិត​ដោយ​ស្នាដៃ​​ចិន ​យន្តហោះធុន​​ C៩១៩ នឹង​ចូល​មក​ប្រជែង​ជាមួយ​នឹង​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អ៊ែរប៊ូស A៣២០ និង​ប៊ូអ៊ីង ៧៣៧Max។

ចិនប្រគល់​ជា​ផ្លូវការ ​​យន្តហោះដឹក​អ្នក​ដំណើរ​​ Made in China​ ជា​លើក​ដំបូង​ ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​ នៅ​ថ្ងៃ​សុក្រ​ទី ៩ ធ្នូ ២០២២
ចិនប្រគល់​ជា​ផ្លូវការ ​​យន្តហោះដឹក​អ្នក​ដំណើរ​​ Made in China​ ជា​លើក​ដំបូង​ ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​ នៅ​ថ្ងៃ​សុក្រ​ទី ៩ ធ្នូ ២០២២ VIA REUTERS - CHINA DAILY
ផ្សាយពាណិជ្ជកម្ម

មាន​ម៉ាស៊ីនរ៉េអាក់ទ័រ​ពីរ មាន​គ្រឿង​បន្លាស់​ភាគ​ច្រើន​នាំ​មក​ពី​បរទេស យន្តហោះ​ធុន​ C៩១៩ដែល​ជា​ស្នាដៃ​​​ដំបូង​​របស់ក្រុមហ៊ុន​​រដ្ឋ​ចិន​ កូម៉ាក Comac និង​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​១៦៤​នាក់ បាន​ប្រគល់​ជា​ផ្លូវការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​​ China Eastern នៅថ្ងៃ​សុក្រ​នេះ​ នៅព្រលាន​យន្តហោះក្រុង​សៀងហៃ។ នេះ​បើ​តាម​រូបភាព​ផ្សព្វផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​ចិន​ CCTV។

​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ផ្លូវអាកាស​ធំ​លំដាប់​ទីពីររបស់​ចិន​ China Eastern ​នឹង​ទទួល​បាន​យន្តហោះ C៩១៩ ​បួន​គ្រឿង​ទៀត ពី​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ។ ឯ​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​នឹង​អាច​ចាប់​ផ្តើម​នៅ​ដើម​ត្រីមាស​ទីមួយ​ឆ្នាំ​២០២៣​នេះ​ហើយ។

​ព្រឹត្តិការណ៍លក់​យន្តហោះដំបូង​នេះ​ត្រូវ​បាន​ចិន​ចាត់​ទុក​ជា​របត់​ថ្មី​មួយ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​យន្តហោះស៊ីវិល​ចិន​។ ​ក្រុមហ៊ុន​អ្នក​ផលិត​យន្តហោះ Comac បាន​ប្រកាស​ កាលពី​ខែ​វិច្ឆិកា ទទួល​ការ​បញ្ជា​ទិញ C៩១៩ ​ចំនួន​៣០០​គ្រឿង​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​កិច្ចសន្យា​ទិញ​និង​កាលបរិច្ឆេទ​នៃ​ប្រគល់​ទំនិញ​ដ៏​ធំ​នេះទេ។

នាយករង​ផ្នែក​ពាណិជ្ជកម្ម​របស់​កូមាក់ ធ្លាប់​បាន​អះអាង​​កាលពី​ឆ្នាំ​២០១៨ ថា​ តម្លៃ​របស់​ C៩១៩ មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​បើ​ប្រៀប​ទៅ​នឹង​យន្តហោះ​ប្រភេទ​ប្រហាក់ប្រហែល​គ្នារបស់​ក្រុមហ៊ុន​ប៊ូអ៊ីង​ ៧៣៧Max ឬយន្តហោះ​របស់​ក្រុមហ៊ុនអ៊ែរប៊ូស​A៣២០។ ប៉ុន្តែ​ក្នុង​ចំណោម​ការ​បញ្ជា​ទិញ ភាគ​ច្រើន​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក។ ក្រុមហ៊ុន​អាកាសចរណ៍​បរទេស (ថៃ​ អាល្លឺម៉ង់) មាន​បញ្ជា​ទិញ​តែ​ប្រមាណ​៣៤​គ្រឿង​ប៉ុណ្ណោះ។

ការ​អភិវឌ្ឍ​យន្តហោះ​ C៩១៩ មិន​បាន​រារាំង​ចិនមិន​ឱ្យ​ស្វែង​រក​យន្តហោះ​បរទេស​ទេ។ កាលពី​ដើម​ឆ្នាំ​ ចិន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​Airbus ​តម្លៃ​១៧ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​ផលិត​យន្តហោះ​A៣២១ នៅ​ផ្ទាល់​មូលដ្ឋាន​ប្រទេស​ចិន តាំងពី​ដើម​ខែ​វិច្ឆិក​មក។ ចំណែក​ជាមួយ​ក្រុមហ៊ុន​ប៊ូអ៊ីង​វិញ ភាពតាន​តឹង​ពាណិជ្ជកម្ម​ចិន-អាមេរិក​ បាន​មក​ពន្យឺត​ស្ថានការណ៍​យ៉ាង​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ