អានតួអត្ថបទ
ថៃ-លិចទូក

ថៃ​ បើកប្រតិបត្តិការ​ស្វែងរក​អ្នក​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​នាវា​យោធា

យោធា​ថៃ​បាន​បើក​ប្រតិបត្តិការ​សង្គ្រោះ ដើម្បី​ស្វែង​រកអ្នក​​បាត់​ខ្លួនចំនួន​៣១​នាក់ ក្នុងគ្រោះ​ថ្នាក់​លិច​នាវា​កងទ័ព​ កាលពី​យប់​ថ្ងៃ អាទិត្យ​ឆ្លងមក​ថ្ងៃចន្ទ នៅក្នុង​ឈូង​សមុទ្ទ​ថៃ។ ​ក្នុង​ចំណោម​កង​នាវិក​ទាំងអស់ ​១០៦​នាក់ ជាង​៧០​នាក់​បាន​រួច​ជីវិត​និង​កំពុង​ទទួល​ការ​សង្គ្រោះ។

នាវា​ HTMS សុខោថៃ ផ្អៀង​ហៀបលិច នៅយប់​ថ្ងៃ​អាទិត្យ​ទី ១៨ ធ្នូ​២០២២
នាវា​ HTMS សុខោថៃ ផ្អៀង​ហៀបលិច នៅយប់​ថ្ងៃ​អាទិត្យ​ទី ១៨ ធ្នូ​២០២២ AP
ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​តែ​ខ្យល់ជំនោរ​ខ្លាំង​ពេក ប្រព័ន្ធ​អគ្គីសនី​របស់​នាវា​ល្បាត បាន​ដាច់​ ហើយ​ម៉ាស៊ីន​ក៏​គាំង​លែង​ដំណើរការ។ ក្រុមនាវិក​លែង​អាច​គ្រប់គ្រង​នាវា ដែល​ចាប់​ផ្អៀង​លិច នៅ​ពាក់កណ្តាល​អាធ្រាត្រ​យប់​ថ្ងៃអាទិត្យ ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ​ពី​ឆ្នេរ​​បាងសាផាន ខេត្ត​ប្រាជួបឃីរីខាន។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​អ្នកនាំពាក្យ​កងទ័ព​ជើងទឹក​ថៃ។

ក្នុង​​រូប​ភាព​ផ្សព្វផ្សាយ​ដោយ​ស្ថាប័នកងទ័ព​ជើង​ទឹក គេ​ឃើញ​នាវាផ្អៀង​លិច​អស់​ពាក់​កណ្តាល។ នាវិក​ខ្លះ​លោត​​ចុះ​ទៅ​ក្នុង​ទូកពោង​សង្គ្រោះ​។ ជា​សរុប​នាវិក​៧៥​នាក់ បាន​សង្គ្រោះ​ និង​ស្រង់​ពី​សមុទ្ទ មក​ដល់​ដី​គោក ដើម្បី​រង់​ចាំ​ការ​ពិនិត្យ​ព្យាបាល​និង​បញ្ជូន​ទៅមន្ទីរ​ពេទ្យ។ ​ក្នុង​នោះ​មាន​៥នាក់​ជា​របួស​ធ្ងន់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រាយុទ្ធ​ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ និង​ជា​អតីត​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិផង។

ប្រតិបត្តិការ​សង្គ្រោះ​បាន​ការ​ចូល​រួម​ពី​ឧទ្ធម្ភោគចក្រ​យោធា​ពីរគ្រឿង នាវាយោធា​ពីរគ្រឿង និ​ងនាវាមុជ​ទឹក​មួយ​គ្រឿង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កងទ័ព​ជើង​ទឹក​ថៃដដែល។ យោធា​ជើង​អាកាស​ក៏​បាន​ប្រកាស​ចូល​រួម​ចំណែក​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នេះដែរ។

សូម​បញ្ជាក់​ថា នាវា​ល្បាត​ថៃ​ដែល​រង​គ្រោះ​ថ្នាក់​លិចនេះ ជា​នាវា​ផលិត​ដោយ​អាមេរិក និង​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៨៧​។ តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​រង​ព្យុះភ្លៀង​យ៉ាង​ខ្លាំង បណ្តាល​ឱ្យការ​​​ដឹកជញ្ជូនសាឡាង​​ផ្លូវ​ទឹក​ឆ្លង​​​ទៅ​កោះ​រអាក់រអួល​យ៉ាង​ខ្លាំង។ ឧតុនិយម​ថៃ​បាន​ប្រកាស​ផ្អាក​ការ​ឆ្លងទូក​ទៅកោះ​សាមុយ​នៅថ្ងៃអាទិត្យ​និង​ចន្ទ​នេះ ហើយ​ណែនាំ​មិន​ឱ្យ​ទូកតូចៗ​ចេញ​ទៅសមុទ្ទ ទេ។ ក្នុង​ប្រវត្តិគ្រោះថ្នាក់​លិច​ទូក​ ថៃ​ធ្លាប់​រងគ្រោះ​ធ្ងន់ខ្លាំង​​ស្លាប់ទេសចរ​ជាង​៤០​នាក់​ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨ នៅ​ជិត​ភូកេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ