អានតួអត្ថបទ
រុស្ស៊ី-សង្គ្រាម​អ៊ុយក្រែន

សមាជិកសភា​និង​មហាសេដ្ឋី​រុស្ស៊ី​២នាក់​ទៀត ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់ ក្នុ​ង​លក្ខខណ្ឌ​​គួរ​ឲ្យ​សង្ស័យ​បំផុត

យោងតាមប្រភពពីសមត្ថកិច្ចឥណ្ឌា មាន​សមាជិកសភាជនជាតិរុស្ស៊ី និង​ជា​មហាសេដ្ឋី​ម្នាក់​​ ឈ្មោះ Pavel Antov បានស្លាប់​នៅសណ្ឋាគារ​មួយ នៅថ្ងៃ​ទី​២៧ធ្នូ​​។ ករណីស្លាប់​នេះ បាន​កើតឡើង បន្ទាប់​ពី​អ្នករួមដំណើរម្នាក់​របស់សមាជិកសភាជនជាតិរុស្ស៊ី​រូបនេះ ដែលជាជនជាតិរុស្ស៊ីដែរនោះ បានស្លាប់កាលពី២ថ្ងៃមុន​ នៅទីតាំងសណ្ឋាគារដដែល​នេះ​។ សមត្ថកិច្ចឥណ្ឌាកំពុងតែបើកការស៊ើបអង្កេត ទាក់ទិននឹងករណី​ស្លាប់ផ្ទួន​ៗដ៏គួរឲ្យ​សង្ស័យនេះ​។ សូមបញ្ជាក់ថា គិត​ចាប់ពី​សង្គ្រាម​អ៊ុយក្រែនបាន​ផ្ទុះឡើងមក មានមហាសេដ្ឋី និង​អ្នកមានអំណាចរុស្ស៊ី សរុប​ជាង១០នាក់ហើយ ដែលបាន​ស្លាប់បន្តបន្ទាប់គ្នា ក្នុង​លក្ខខណ្ឌគួរឲ្យសង្ស័យ ដែលអ្នកស្លាប់ខ្លះត្រូវគេដឹងថា បាន​សម្តែងមតិរិះគន់ ប្រឆាំងនឹង​ការ​ដែល​រុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន​នៅអ៊ុយក្រែន​។​

លោក​ប្រធានាធិបតីពូទីន ក្នុងពេលធ្វើសន្និសីទកាសែត នៅវិមានក្រេមឡាំង ថ្ងៃទី ២២ ធ្នូ ២០២២
លោក​ប្រធានាធិបតីពូទីន ក្នុងពេលធ្វើសន្និសីទកាសែត នៅវិមានក្រេមឡាំង ថ្ងៃទី ២២ ធ្នូ ២០២២ AFP - SERGEI GUNEYEV
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ចនគរបាល​រដ្ឋOdysha របស់ឥណ្ឌា បាន​ឲ្យដឹងថា ជនជាតិរុស្ស៊ី ឈ្មោះ Pavel Antov អាយុ៦៥ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញស្លាប់​នៅ​ក្នុងថ្លុកឈាម នៅខាងមុខ​សណ្ឋាគារប្រណិតមួយ​កន្លែង ក្នុងក្រុង Rayagada។ សមត្ថកិច្ចឥណ្ឌា អះអាងថា ជនរងគ្រោះ ទំនងជាបាន​ធ្លាក់ពីបង្កាន់ដៃ​រានហាលជាន់ទី​៣ របស់បន្ទប់សណ្ឋគារ ដែលជននេះស្នាក់នៅ​។

គួរកត់សំគាល់ថា ករណី​ស្លាប់របស់ លោក​Pavel Antov ​នេះ បាន​កើតឡើង ២ថ្ងៃក្រោយ​ករណីស្លាប់ជនជាតិរុស្ស៊ីម្នាក់ទៀត នៅសណ្ឋាគារនេះដែរ។ អ្នកស្លាប់នោះ ឈ្មោះ Vlaidimir Bidenov គឺជាអ្នករួមដំណើរម្នាក់ ក្នុងចំណោម​៤នាក់ របស់ Pavel Antov។ Vlaidimir Bidenov ត្រូវគេប្រទះឃើញស្លាប់​ក្នុងបន្ទប់សណ្ឋាគារ ដោយសង្ស័យថាដោយសារបរិភោគគ្រឿងស្រវឹងច្រើនជ្រុល និងអាចមានលាយឡំនឹងគ្រឿងញៀនផង​។ យ៉ាងណា​ក៏ដោយ​ លោក Rajesh Pandit នាយនគរបាលឥណ្ឌាប្រចាំតំបន់ បានអះអាងប្រាប់អ្នកកាសែតថា  សមត្ថកិច្ច​នឹងបើកការស៊ើបអង្កេត​ស៊ីជំរៅបន្ថែមទៀត ទៅលើ​ករណីស្លាប់ជនជាតិរុស្ស៊ីទាំង២នាក់នេះ។​

សូមបញ្ជាក់ថា លោក ​Pavel Antov ត្រូវគេស្គាល់ថា គឺជាសមាជិកសភារុស្ស៊ីម្នាក់​ មកពីគណបក្ស​របស់​លោក​ពូទីន​​។ លោកត្រូវគេស្គាល់ផងដែរ ​ថាជាសមាជិកសភាដែលមានទ្រព្យ​ស្តុកស្តម្ភ​​ជាងគេបំផុត ដោយ​លោកមានមុខជំនួញ​​​កសិចំណីអាហារ។​ កាលពី​ខែ​មិថុនាកន្លងទៅ លោក​Pavel Antov ត្រូវបាន​គេអះអាងថា​បាន​សរសេរសារ លើ​​WhatsApp ដោយបាន​ចាត់ទុក​ការទំលាក់គ្រាប់បាញ់ប្លោងនៅ​អ៊ុយក្រែន​ ថាជាសោកនាដកម្ម​ បង្កឡើងដោយកងទ័ព​រុស្ស៊ី។ តែក្រោយ​មក លោក ​Pavel Antov បានអះអាងថាលោកមិនបានសរសេរ​សារ​នេះទេ ហើយ​បានប្រកាសថាខ្លួន គាំទ្រពេញទំហឹងចំពោះ​ “ប្រតិបត្តិការពិសេស​នៃកងទ័ពរុស្ស៊ីនៅអ៊ុយក្រែ​ន”។

យ៉ាងណា​ក៏ដោយ ករណី​ស្លាប់របស់​លោក ​Pavel Antov នៅ​ឥណ្ឌានេះ បានបង្កឲ្យ​មានការសង្ស័យបំផុត ថាអាចជាប្រតិបត្តិការ​សម្លាប់បំបិទមាត់មនុស្ស ដែល​​ប្រឆាំងនឹងសង្គ្រាម​នៅអ៊ុយក្រែន​។ ប្រតិបត្តិការសម្លាប់ ដែលក្រុមចារកិច្ចរុស្ស៊ី តែងតែមានបទពិសោធន៍​ធ្វើជាញឹកញាប់​ មិនថានៅក្នុងស្រុក ឬក្រៅស្រុក​។

គិត​ចាប់ពីពេលដែលសង្គ្រាម​នៅអ៊ុយក្រែន បានផ្ទុះឡើងមក មាន​អ្នកមានអំណាច​​ និងមហាសេដ្ឋីរុស្ស៊ី ជាង១០នាក់ហើយ ដែលបាន​ស្លាប់បន្តបន្ទាប់គ្នា ​នៅក្នុ​ងលក្ខខណ្ឌអាថ៌កំបាំង និងគួរឲ្យសង្ស័យ​បំផុត។ ខ្លះស្លាប់ដោយ​ជំពប់ជើងធ្លាក់ពីលើជណ្តើរ ខ្លះ​ស្លាប់ដោយ​ការធ្វើអត្តឃាត ឬស្លាប់ដោយ​ពុល​នឹងពិសគីង្គក់ជាដើម។ ករណីស្លាប់ខ្លះទៀត គឺស្លាប់ទាំងគ្រួសារ​តែម្តង ដែលសមត្ថកិច្ចរុស្ស៊ីអះអាងថាជនរងគ្រោះ បានស្លាប់​ប្រពន្ធកូនទាំងអស់ មុនធ្វើអត្តឃាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ