អានតួអត្ថបទ
វៀតណាម-សេដ្ឋកិច្ច

ឆ្នាំ​២០២២​ កំណើន​​សេដ្ឋកិច្ច​​វៀតណាម ឡើង​ខ្ព​ស់​​បំផុត​​ក្នុង​​រវាង​​​១០ឆ្នាំ​​ចុង​ក្រោយ

នៅ​ក្នុង​ឆ្នាំ២០២២នេះ កំណើន​សេដ្ឋកិច្ច​វៀតណាម បានឈាន​ឡើងខ្ព​ស់​បំផុត​ក្នុង​រវាង​​១០ឆ្នាំ​ចុងក្រោយ​ ក្នុងកម្រិត​៨%។ នេះបើផ្អែកតាម​តួលេខ​ផ្លូវការ ផ្សាយដោយ​រដ្ឋាភិបាល​វៀតណាម នៅថ្ងៃទី​២៩ធ្នូ​។ ពពកអាប់​នៃវិបត្តិកូវីដ​១៩ រយៈពេល​ជិត​៣ឆ្នាំមកនេះ បាន​រសាត់បាត់ហើយ បើទោះ​បីជា​នៅ​ត្រីមាស​ចុងក្រោយ នៃឆ្នាំសេដ្ឋកិច្ចវៀតណាម​ បានដើរយឺតខ្លះ ដោយសារតែ​វិបត្តិអតិផរណា​ជុំវិញ​ពិភពលោក​។

រូបភាពថតថ្ងៃទី២ធ្នូ២០២២ នៅរោងចក្រ​មួយរបស់ Nam Thai Son Group ទីក្រុងហូជីមិញ
រូបភាពថតថ្ងៃទី២ធ្នូ២០២២ នៅរោងចក្រ​មួយរបស់ Nam Thai Son Group ទីក្រុងហូជីមិញ AFP - NHAC NGUYEN
ផ្សាយពាណិជ្ជកម្ម

យោងតា​ម​ការិយាល័យ​ស្ថិតិជាតិវៀតណាម ក្នុងឆ្នាំ​២០២២ កំណើនសេដ្ឋកិច្ចវៀតណាម មានចំនួន​ ៨%។ ជាកំណើនដែល​បាន​កើនខ្ពស់ លើសពីការរំពឹងទុករបស់រដ្ឋាភិបាលវៀតណាម ដែលបានព្យាករណ៍ថា អាចមានត្រឹម ៦ ទៅ ៦,៥%។ នេះគឺជាតួលេខកំណើនសេដ្ឋកិច្ចវិជ្ជមានដ៏ខ្ពស់បំផុត ក្នុងរវាង​១០ឆ្នាំចុងក្រោយ​នេះ​ សម្រាប់វៀតណាម។

កាលពីឆ្នាំ​២០១៩ វៀតណាមមានកំណើនសេដ្ឋកិច្ចប្រមាណ​៧% ពោលគឺជាសន្ទុះដែលអ្នកវិភាគទូទៅ បានចាត់ទុកថាជាសន្ទុះដ៏ស្វាហាប់ជាង​គេមួយ​ ក្នុងចំណោម​ប្រទេសនៅ​តំបន់អាស៊ី​។ ក៏ប៉ុន្តែ​ ក្នុងរវាង​ឆ្នាំ​២០២០ និង​២០២១ សេដ្ឋកិច្ច​វៀតណាម មិនខុសពីប្រទេសផ្សេងៗ បាន​ជួប​ការលំបាកដោយសារតែវិបត្តិកូវីដ១៩​ ដោយ​មានកំណើនចំនួន​ប្រមាណតែ​​៣%ប៉ុណ្ណោះ។

យោងតាមការិយាល័យស្ថិតិជាតិ​វៀតណាម គឺពេលនេះ​សេដ្ឋកិច្ចវៀតណាម បានងើបផុត​ពី​វិបត្តិ​កូវីដ​​​១៩ហើយ។ កម្លាំងសេដ្ឋកិច្ច​ដើរយ៉ាងល្អ ជាមួយ​នឹងសន្ទុះនៃការនាំចេញផលិត​ផល ព្រមទាំង​ការលក់រាយ​ក្នុងស្រុកផងដែរ។ យ៉ាងណាក៏ដោយ នៅត្រីមាសទី​៤ចុងឆ្នាំ​២០២២ សន្ទុះសេដ្ឋកិច្ច​វៀតណាម បានចុះថយបន្តិច ដែលមានត្រឹម៥,៩% ដោយសារតែវិបត្តិអតិផរណាពេញសកល​លោក​។ សង្គ្រាម​អ៊ុយក្រែន អតិផរណា បានធ្វើឲ្យធ្លាក់ចុះដល់ការបញ្ជាទិញពីក្រៅ។

សូមបញ្ជាក់ថា កាលពី​ដើមខែធ្នូនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចមានកំណើន​ប្រមាណ​៧,៥% ។ តែទន្ទឹមគ្នានេះ ធនាគារ ADB បាន​ទាញចំណាប់អារម្មណ៍​ផង​ដែរ​ អំពី​ការធ្លាក់ចុះក្នុងវិស័យ​នាំចេញ​ទំនិញ។ ​នៅឆ្នាំ​២០២៣ខាងមុខ កំណើនសេដ្ឋកិច្ច​វៀតណាម​ អាចនឹងមានក្នុងកម្រិត ៦,៣%។ អតិផរណាឡើងខ្ពស់ ធ្វើឲ្យ​អំណាចទិញរបស់​ប្រជាជន​នៅអឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិកជាដើម ត្រូវចុះខ្សោយ​ ដែលវានឹងជះផលអវិជ្ជមានដល់​ការ​នាំចេញទំនិញ​របស់​វៀតណាម។

យ៉ាងណាមិញ យោងតាម​សហព័ន្ធពលកម្ម​វៀតណាម គឺយ៉ាងហោចណាស់ មានពលករវៀតណាម​ជិត​កន្លះលាននាក់ ដែលត្រូវបាន​នយោជក​កាត់​បន្ថយ​ម៉ោង​ការងារ ក្នុងរវាង​៤ខែចុងក្រោយ​នេះ​។ ចំណែកពលករប្រមាណ​៤ម៉ឺននាក់ ត្រូវគេបញ្ឈប់ពីការងារតែម្តង ដោយសារតែសង្វាក់ផលិត​កម្មចុះខ្សោយ​ គ្មានការបញ្ជាទិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ