អានតួអត្ថបទ
ប៉ាគីស្ថាន-ទឹកជំនន់

អ.ស.ប. ៖ ផ្តល់​ជំនួយដ៏​​​​លើសលុប​ ​និង​បន្ធូរ​បំណុល ជា​ក្បួន​ស្ថាបនា​ប៉ាគីស្ថាន​ឡើង​វិញ

លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ បាន​ស្នើ​សុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​សហគម​ន៍អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ដ៏​លើសលុប​​ដល់​ប៉ាគីស្ថាន តាម​រយៈ​​​ជំនួយ​ឱ្យគ្រប់​ជាង​៨ពាន់​លាន​ដុល្លារ សម្រាប់​យ៉ាង​ស្តារ​ប្រទេស​ឡើង​វិញ​ពីគ្រោះ​មហន្តរាយ​ទឹក​ជំនន់​ កាលពី​ឆ្នាំ​ទៅ។ មហន្តរាយ​ដែល​ប្រទេស​មួយ​ចំនួន​ធំ​ផ្សេងទៀតមិន​អាច​ចៀសរួច​ដោយហេតុ​​អាកាសធាត​ប្រែប្រួល​។

លោកអគ្គលេខាធិការ​អ.ស.ប.ទាមទារ​ការ​ផ្តល់​ជំនួយវិនិយោគ​​​​លើសលុប​ ​និង​បន្ធូរ​បំណុល ដើម្បី​​ស្ថាបនា​ប៉ាគីស្ថាន​ឡើង​វិញ
លោកអគ្គលេខាធិការ​អ.ស.ប.ទាមទារ​ការ​ផ្តល់​ជំនួយវិនិយោគ​​​​លើសលុប​ ​និង​បន្ធូរ​បំណុល ដើម្បី​​ស្ថាបនា​ប៉ាគីស្ថាន​ឡើង​វិញ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

គ្មាន​​ប្រទេសណា​សម​នឹង​រងគ្រោះ​ដូច​អ្វី​ដែល​ប៉ាគីស្ថាន​បាន​ទទួល​ទេ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​ជួយ​ស្ថាបនា​ប្រទេស​នេះឡើង​វិញ​ដើម្បី​អាច​ស៊ូ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន។ នេះ​ជា​ប្រសាសន៍​របស់លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ ពេល​បើក​សន្និសីទ​អន្តរជាតិ​ នៅទីក្រុង​ហ្សឺណែវ​ដែល​មានជាង​៤០​ប្រទេស​ចូល​រួម។​

ដើម្បីស្ថិរភាព​សេដ្ឋកិច្ច​ប៉ាគីស្ថាន លោក​អគ្គលេខាធិការ​អ.ស.ប. បាន​ទាមទារ​​ការផ្តល់​ជំនួយ​​វិនិយោគ​ដ៏​លើសលុប ​និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដោយ​បន្ធូរ​បន្ថយ​បំណុល​ ឬ​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​ថ្មី​។ លោកហ្គូទែរស៍​បាន​ចំអក​ថា ស្ថិរភាព​សេដ្ឋកិច្ច​សំខាន់​ខ្លាំង​ណាស់ តែ​​មិនមែន​ទាល់​ស្លាប់​អស់​ទើប​សេដ្ឋកិច្ចមាន​ស្ថិរភាព​ល្អ​ឥតខ្ចោះ​ឡើយ។ សម្រាប់លោកហ្គូទែរស៍ ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មិន​បាន​ផ្តល់​ជំនួយ​គ្រប់គ្រាន់​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​​ដែល​ត្រូវការ​ធ្វើ​វិនិយោគទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទេ។

​មាន​ប្រជាជន​ច្រើនជាងគេ​ទី​៥នៅលើ​​ពិភពលោក ប៉ាគីស្ថាន​​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទាប​ជាង​១%​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពិភពលោក តែជា​ប្រទេស​​រង​គ្រោះ​ខ្លាំង​ជាង​គេ​បំផុត​មួយ​ ពីការ​ប្រែប្រួល​អាកាសធាតុ។ ​ទឹក​ជំនន់​ដ៏​កំណាចកាលពីខែកញ្ញា​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ជាង​១៧០០នាក់ និង​ជាង​៣៣លាន​នាក់រងគ្រោះ។​​ គម្រោង​ស្ថាបនា​ប្រទេស​ឡើង​វិញ​ត្រូវ​ចំណាយ​ ១៦៣០០០​លាន​ដុល្លារ ដែល​ប៉ាគីស្ថាន​ខ្លួន​ឯង​អាច​ធានា​បាន​​ពាក់​កណ្តាល តែ​ត្រូវ​ការ​ជាង​៨ពាន់​លាន​ទៀត​​ពី​សហគមន៍​អន្តរជាតិ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បាន​ប្រកាស​ថា ប្រទេស​កំពុង​​ប្រឈម​នឹង​សេចក្តី​ត្រូវ​ការ​​ធំធេងណាស់​ និង​បាន​ស្នើ​សុំ​ឱ្យ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បន្ថយ​សម្ពាធ​​ដែល​ដាក់​លើ​ប៉ាគីស្ថាន។

ជាមួយ​នឹង​ការ​​ជំរុញ​ឱ្យ​ប៉ាគីស្ថាន​រក្សា​ចំណាយ​សាធារណៈ​ត្រឹម​ល្មម​ដែល​អាច​ទ្រទ្រង់​រួច និង​ធ្វើ​កំណែទម្រង់​ថវិកា ដោយ​ត្រូវ​តម្រង់​ជំនួយសង្គម​ឱ្យ​ចំ​ទិសដៅ បន្ថយ​ចំណាយ​​ និង​ប្រកាន់​យក​ប្រព័ន្ធពន្ធដារ​ទូលំទូលាយ​ ធនាគារ​ពិភពលោក​បាន​សន្យា​ផ្តល់​ជំនួយ​ស្ថាបនា​ចំនួន​ ២ពាន់​លាន។ ធនាគារ​អភិវឌ្ឍន៍​អ៊ីស្លាម​ ៤២០០​លាន​។ ធនាគារអភិវឌ្ឍន៍​​អាស៊ី​ ១៥០០លាន​ និង​ជាង​១ពាន់​លាន​ទៀត​បាន​មក​ពី​ សហភាព​អឺរ៉ុប ចិន​ និ​ងអារ៉ាប៊ីសាអូឌីត សហរដ្ឋ​អាមេរិក​ និង​បារាំង។ ដូច​កម្មវត្ថុ​ គិត​ត្រឹម​​រសៀល​ថ្ងៃចន្ទ​ទី ៩​មករា ​សន្និសីទអន្តរជាតិ​បាន​ទទួល​ពាក្យ​សន្យាឱ្យ​​​ជំនួយ​ជាង​៨៥​៧០​លាន​សម្រាប់ស្ថាបនា​​ប៉ាគីស្ថានឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ