អានតួអត្ថបទ
កូវីដចិន-កូរ៉េខាងត្បូង

វិបត្តិកូវីដ៖ ចិន​ផ្អាកការផ្តល់​ទិដ្ឋាការទេសចរ​ណ៍ដើម្បី​សងសឹកនឹង​ការរឹតបន្តឹង​របស់​កូរ៉េខាងត្បូង

សងសឹក​​នឹង​ចំណាត់ការ​ការរឹតបន្តឹង​លើអ្នកដំណើរ​ជនជាតិ​ចិនចូលទឹកដីកូរ៉េខាងត្បូង អាជ្ញាធរ​ចិន តាម​រយៈ​ស្ថានទូត​ចិន​នៅទីក្រុង​សេអ៊ូល បាន​ប្រកាស​នៅថ្ងៃ​អង្គារ​នេះ ថា នឹង​ផ្អាកការផ្តល់ទិដ្ឋាការ​រយៈពេល​ខ្លីសម្រាប់​​ពលរដ្ឋកូរ៉េខាងត្បូង។ នៅចំពោះមុខ​នៃសន្ទុះកំណើន​ឆ្លងរាលដាលជំងឺកូវីដនៅប្រទេស​ចិន កូរ៉េខាងត្បូងដែលបាន​លើកឡើង​ពីហេតុផល​វិទ្យាសាស្រ្ត ​បានកាត់បន្ថយ​ការផ្តល់​ទិដ្ឋាការទេសចរណ៍ និងធ្វើតេស្ត​រកមេរោគកូវីដ​លើ​អ្នកដំណើរ​មកពីប្រទេស​ចិន។​

ស្រ្តីអ្នកដំណើរ​មកពីប្រទេស​ចិន នៅព្រលានយន្តហោះ Incheon ដែលជា​ព្រលាន​យន្តហោះតែមួយគត់របស់កូរ៉េខាងត្បូង​ដែលមានសិទ្ធិទទួលយន្តហោះមកពីប្រទេស​ចិន។
ស្រ្តីអ្នកដំណើរ​មកពីប្រទេស​ចិន នៅព្រលានយន្តហោះ Incheon ដែលជា​ព្រលាន​យន្តហោះតែមួយគត់របស់កូរ៉េខាងត្បូង​ដែលមានសិទ្ធិទទួលយន្តហោះមកពីប្រទេស​ចិន។ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​នៅថ្ងៃអង្គារនេះ ​ស្ថានទូតចិន​នៅទីក្រុង​សេអ៊ូល បានបញ្ជាក់ថា ការផ្អាកផ្តល់ទិដ្ឋាការ​ទេសចរណ៍​ដល់​ពលរដ្ឋកូរ៉េខាងត្បូងជា​ការឆ្លើយតប​របស់​ចិន​ទៅនឹង​វិធានការរឹតបន្តឹងដ៏រើសអើង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង។

តាមស្ថានទូតចិន​នៅសេអ៊ូល ស្ថានទូត​ និង​ស្ថានកុងស៊ុល​ទាំងអស់​របស់​ចិននៅកូរ៉េខាងត្បូង​នឹង​ផ្អាក​ការផ្តល់​ទិដ្ឋាការរយៈពេល​ខ្លី​ដល់​ពលរដ្ឋកូរ៉េខាងត្បូង។ ស្ថានទូត​នឹង​អាចផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​មកវិញ បើសិន​កូរ៉េខាងត្បូង​ឈប់​រឹតបន្តឹង​លើ​អ្នកដំណើរ​មកពីប្រទេស​ចិន។

​ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ​នៅប្រទេសចិន នៅខែ​ធ្នូ នៅក្រោយរដ្ឋាភិបាល​ចិន​បោះបង់​ចោល​គោលនយោបាយកូវីដសូន្យ​ សេអ៊ូល​បាន​​បង្កើន​វិធានការ​រឹតបន្តឹង​លើអ្នកដំណើរ​មកពីប្រទេស​ចិន តាមរយៈ ការផ្អាក មិនផ្តល់​ទិដ្ឋាការទេសចរណ៍ ការកាត់បន្ថយ​ជើងហោះហើរ​មកពីចិន និង​ការទាមទារ​ឲ្យអ្នកដំណើរមកពីចិន​ត្រូវ​តែមាន​លទ្ធផលតេស្តកូវីដ​អវិជ្ជមាន ៤៨ម៉ោង នៅមុន​ឡើងយន្តហោះ។

តាមអាជ្ញាធរកូរ៉េខាងត្បូង នៅពេល​មកដល់​ព្រលានយន្តហោះ​នៅ​កូរ៉េខាងត្បូង អ្នកដំណើរមកពីប្រទេស​ចិន​នឹង​ត្រូវគេ​​ធ្វើ​តេស្ត​ម្តងទៀត និង​ត្រូវបញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​ មួយសប្តាហ៍ ក្នុងករណី​រកឃើញមាន​វិជ្ជមាន​មេរោគកូវីដ។​ តាមតួលេខផ្លូវការ​របស់​កូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី ២​មករា នៅក្នុង​ចំណោម​អ្នកទេសចរ​ចិន​​២២២៤​នាក់ ដែលបានធ្វើដំណើរមកដល់​ទឹកដីកូរ៉េខាងត្បូង មាន​១៧,៥%ត្រូវ​បានគេធ្វើតេស្ត​រកឃើញ​មានវិជ្ជមានមេរោគកូវីដ។

ដោយ​ប្រកាស​វិធានការ​រឹតបន្តឹង​លើ​អ្នកដំណើរមកពីប្រទេស​ចិន នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោកHan Duck-Soo បានអះអាងថា កូរ៉េខាងត្បូងត្រូវបង្ខំចិត្តចាត់វិធានការរឹតបន្តឹងដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ​នៅក្នុង​ប្រទេស និង​ដោយសារ​​មើលទៅលើ​ស្ថានភាពធ្លាក់ចុះ​ដុនដាប​នៃ​ជំងឺកូវីដ​នៅប្រទេស​ចិន។

នៅថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ទៅសមភាគី​ចិន​ថា វិធានការ​របស់​សេអ៊ូល​ធ្វើឡើង​ដោយ​យោងទៅលើ​ការសិក្សា​វិទ្យាសាស្រ្ត ដើម្បីការពារ​កូរ៉េខាងត្បូង​ពីការឆ្លងរាលដាល​លឿនរហ័ស​របស់​ជំងឺកូវីដ។

នៅខែ​ធ្នូ សេអ៊ូល​បាន​ប្រកាស​រឹតបន្តឹងការផ្តល់​ទិដ្ឋាការរយៈពេល​ខ្លី សម្រាប់​ពលរដ្ឋចិន រហូត​ដល់​ចុងខែ​មករា ប៉ុន្តែ នៅតែ​លើកលែង សម្រាប់​​មន្រ្តីរដ្ឋការចិន មន្រ្តីទូត​និង​អ្នកធ្វើការមនុស្សធម៌ ឬ​អ្នកធ្វើជំនួញសំខាន់​។

តាម​ក្រសួងវប្បធម៌កូរ៉េខាងត្បូង វិបត្តិកូវីដ​បានធ្វើ​ឲ្យ​ចំនួនអ្នកទេសចរចិន​នៅ​កូរ៉េខាងត្បូង​ធ្លាក់ថយចុះ ពី ជាង ៦លាននាក់ នៅ​ឆ្នាំ ២០១៩ មកនៅជាង ២សែននាក់ នៅឆ្នាំ ២០២២៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ