អានតួអត្ថបទ
ជប៉ុន-អង់គ្លេស

ជប៉ុន​និង​អង់គ្លេស ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​កងទ័ព ដើម្បី​​រៀបយុទ្ធសាស្ត្រ​ប្រឈម​នឹងចិន

យោងតាមការ​​បញ្ជាក់ ពីរដ្ឋាភិបាល​អង់គ្លេស គឺ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស និងចុះ​កិច្ចព្រមព្រមព្រៀង​សហប្រតិបត្តិការកងទ័ព ជាមួយ​លោកនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុង​ឡុងដ៍ នៅ​​ថ្ងៃពុធទី​១១មករានេះ។ ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការ​កងទ័ពដ៏សំខាន់បំផុត ដែល​នឹង​ផ្សារភ្ជាប់តួនាទី​របស់អង់គ្លេស នៅ​ក្នុងការការពារស​ន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កត្តាសន្តិសុខដែលកាន់តែប្រឈមគ្រោះថ្នាក់​ ដោយសារតែយុទ្ធសាស្ត្រវាតទីរបស់ចិន ហើយដែលធ្វើ​ឲ្យជប៉ុនព្រួយបារម្ភ​ខ្លាំង​។

កងទ័ពជប៉ុន ធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពអាមេរិក អង់គ្លេស និងអូស្ត្រាលី នៅតំបន់សមយុទ្ធ​ Narashino ខេត្ត Funabashi ភាគខាងកើតជប៉ុន ថ្ងៃទី ៨មករា ២០២៣​
កងទ័ពជប៉ុន ធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពអាមេរិក អង់គ្លេស និងអូស្ត្រាលី នៅតំបន់សមយុទ្ធ​ Narashino ខេត្ត Funabashi ភាគខាងកើតជប៉ុន ថ្ងៃទី ៨មករា ២០២៣​ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការចរចាគ្នា អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតអង់គ្លេសនិងជប៉ុន នឹងចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ព ក្នុង​ឱកាសដែលលោក​ហ្វ៊ូមីអូ គីស៊ីដា មកទស្សនកិច្ចនៅទីក្រុងឡុងដ៍ ថ្ងៃពុធទី​១១មករា២០២៣។ ជាកិច្ចព្រមព្រៀងការពារជាតិ ដ៏ធំនិងសំខាន់បំផុត សម្រាប់ប្រទេសទាំង២ ក្នុងរវាងមួយសតវត្សមកនេះ នៅក្រោយ​សន្ធិសញ្ញាសម្ព័ន្ធភាពអង់គ្លេស-ជប៉ុន ឆ្នាំ​១៩០២ ដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី​។

តែសតវត្ស​ទី​២១​នេះ បរិបទបាន​ប្រែប្រួល មិនមែនរុស្ស៊ីទេ តែគឺចិនដែល​កំពុងតែធ្វើ​ឲ្យ​ជប៉ុនមានការព្រួយបារម្ភ។ ជប៉ុន​ក្រោម​ការដឹកនាំរបស់រដ្ឋាភិបាល​លោកហ្វ៊ូមីអូ គីស៊ីដា បានចាត់ទុកចិនជា​គូរប្រជែងយុទ្ធសាស្ត្រដ៏ធំ និងគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខជប៉ុន។ ចំណែក​​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់វិញ​ ធ្លាប់បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាត ចំពោះយុទ្ធសាស្ត្រ​វាតទីនិយមរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​។ គឺក្នុងបរិបទ​នេះហើយ ដែលបានទាញ​ជប៉ុននិងអង់គ្លេស ឲ្យរួមកម្លាំងគ្នា សហការការពារសន្តិសុខនិងស្ថិរភាព។

យោងតាម Downing Street កិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ពនេះ នឹងអនុញ្ញាតឲ្យ​កងទ័ពទាំង២ រៀបចំគម្រោងផែនការ ព្រមទាំងដាក់ចុះការអនុវត្ត​ហ្វឹក​ហាត់សមយុទ្ធ និង​ពង្រាយកម្លាំងទ័ព ក្នុងទ្រង់ទ្រាយ​ធំ។ បន្ថែមពីនេះទៀត អង់គ្លេស និងជប៉ុន និងរួមគ្នាសហការ​ជាមួយអ៊ីតាលី ដើម្បី​ផលិត​យន្តហោះចម្បាំងថ្មីទំនើប​មួយ​ប្រភេទ ពីនេះដល់ឆ្នាំ២០៣៥។

ប្រភពពីរដ្ឋាភិបាលអង់គ្លេសដែរ គឺលោក​រីស៊ី ស៊ូណាក់ មានគម្រោងនិយាយជាមួយ​លោក​ ហ្វ៊ូមីអូ គីស៊ីដា អំពី​ការរឹតចំណងសហការពាណិជ្ជកម្ម ដោយ​អង់គ្លេសមានបំណងចូលរួម​នៅក្នុង​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក CPTPP។ បន្ថែមពីនេះ ក្នុងនាមជប៉ុនជាប្រធានវិលជុំនៃក្រុមប្រទេស G7 អង់គ្លេសមានបំណងជំរុញឲ្យ​ជជែកគ្នាអំពីផែនការ​ផ្តល់ជំនួយដល់អ៊ុយក្រែន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។

គួរបញ្ជាក់ថា លោកហ្វ៊ូមីអូ គីស៊ីដា កំពុងតែធ្វើទស្សនកិច្ច ជួបថ្នាក់ដឹកនាំ​នៅអឺរ៉ុប ដោយបាន​មកទីក្រុងប៉ារីស ទីក្រុងរ៉ូម និងឡុងដ៍។ នៅថ្ងៃព្រហស្បតិ៍ទី១២មករា លោក​នឹងធ្វើដំណើរទៅ​ក្រុងអូតាវ៉ា ជួបនាយករដ្ឋមន្ត្រីកាណាដា មុននឹងឆ្ពោះទៅកាន់​វ៉ាស៊ីនតោន ជួបលោក​ចូ បៃដិន។​ សូមរំលឹកដែរថា ចិន និងជប៉ុន​ គឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី​២ និងទី៣ តែ​ទំនាក់ទំនង​ការទូតរវាងមហាយក្សអាស៊ីទាំង២កាន់តែល្អក់កករ បន្ទាប់ពីចិនបានបង្កើន​សកម្មភាព​វាតទីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជប៉ុនតែងតែរអ៊ូជារឿយៗ អំពី​សកម្មភាព​របស់ចិននៅក្នុងសមុទ្រ​ ក្បែរកោះ Senkaku របស់ជប៉ុន ហើយ​ដែលចិនអះអាងថាក៏ជារបស់ខ្លួនដែរ។ សំណុំរឿងតៃវ៉ាន់ ដែលចិនអាចលើកទ័ពច្បាមយកមកគ្រប់គ្រង ក៏ជាការព្រួយបារម្ភមួយទៀតដែររបស់ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ