អានតួអត្ថបទ
កូរ៉េខាង​ត្បូង-កូវីដ

កូរ៉េខាង​ត្បូង លុប​វិធានការចុងក្រោយប្រឆាំង​កូវីដ​ ដោយ​លែង​​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ក្នុង​ទីបិទជិត

​តាំង​ពី​ផ្ទុះ​កូវីដ​១៩ នៅ​ឆ្នាំ​២០២០​ភ្លាម​មក កូរ៉េខាង​ត្បូង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន។ ការ​ពាក់​ម៉ាស់​ជា​វិធានការ​ដែល​មាន​អាយុវែង​ជាងគេ។ ប៉ុន្តែ​វិធានការ​ប្រឆាំង​កូវីដ​ចុងក្រោយ​គេ​នេះ ក៏​នឹង​លុប​ចោល​ដែរ។ ចាប់​ពី​ថ្ងៃ​៣០​មករា​២០២៣​តទៅ ប្រជាពលរដ្ឋ​​កូរ៉េខាង​ត្បូង លែង​មាន​កាតព្វកិច្ច​ត្រូវ​ពាក់​ម៉ាស់​នៅក្នុង​ទីបិទជិតទៀត​ហើយ​ លើក​លែង​តែ​មន្ទីរពេទ្យ​និង​ក្នុង​ពេល​ជិះ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។

visitors wearing face masks at the Gyeongbok, South Korea
visitors wearing face masks at the Gyeongbok, South Korea AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

ក្រោយ​បញ្ចប់​វិស្សមកាល​ចូល​ឆ្នាំ​ថ្មី​រួច ពោល​គឺ​ចាប់​ពីថ្ងៃទី ៣០មករា​ទៅ កូរ៉េខាង​ត្បូង​លែង​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅតាម​ទីកន្លែង​បិទជិត​ទៀត​ហើយ លើក​លែង​តែ​នៅ​ក្នុង​មន្ទីរ​ព្យាបាល​សុខភាព​ និង​ក្នុង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​កូរ៉េខាង​ត្បូង។

ពាក់​ម៉ាសក្នុង​បិទ​ជិត​លែង​ជា​កាតព្វកិច្ចមែន ប៉ុន្តែអាជ្ញាធរ​បន្ត​ផ្តល់​អនុសាសសន៍​​​​ណែនាំ​ឱ្យ​ពលរដ្ឋ​បន្ត​ពាក់​ម៉ាស់​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង​ ​​នៅក្នុង​ជំនួប​ប្រជុំ​រដ្ឋាភិបាល​ស្តីពី​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ។

សម្រាប់​អាជ្ញាធរ​ កូរ៉េខាង​ត្បូងអាច​​លើក​វិធានការ​ចុងក្រោយ​មួយ​នេះបាន​ ដោយសារ​តែ​សំឡឹង​ឃើញ​ថា​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​​មាន​សមត្ថភាពរឹង​មាំ​​ប្រសើរ​ឡើង​ ហើយ​ចំនួន​ករណី​អ្នក​មាន​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ និង​ស្លាប់​ក៏​បាន​ធ្លាក់​ចុះ​ និន្នាការ​ចម្លង​ថ្មី​ក៏​ចាប់​ថយ​ដែរ។ កត្តាហានិភ័យ​មក​ពី​ខាង​ក្រៅ ដែល​​ចង់​សំដៅ​លើ​ចំណាត់ការទប់ទល់​នឹង​ការ​​ផ្ទុះ​កូវីដ​ខ្លាំង​នៅចិន ក៏​អាជ្ញាធរ​កូរ៉េខាង​ត្បូង​គ្រប់គ្រង​បាន​ដែរ។ ប៉ុន្តែ​អ្នក​មាន​តេស្ត​វិជ្ជមាន​កូវីដ ត្រូវ​ជាប់​ភារកិច្ច​ដាក់​ខ្លួន​នៅដាច់​ពី​គេ​ឯង​​រយៈ​ពេល​៧​ថ្ងៃ។

​ចូល​ជា​ធរមាន តាំងពី​ខែ​តុលា​ឆ្នាំ​២០២០​មក កាតព្វកិច្ចពាក់​ម៉ាស់ ជា​វិធានការមួយ​នៃ​វិធានការ​​ចុងក្រោយ​ដែល​កូរ៉េខាង​ត្បូងប​ន្តអនុវត្ត​រហូត​មក​។ បម្រាមគោចរ និង​វិធានការ​រក្សា​គម្លាម​ ត្រូវ​បាន​លុប​ចោល​តាំង​ពី​យូរយារ​មក​ហើយ។ បើ​តាម​តួលេខ​ផ្លូវការ មាន​ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជិត​៣០លាន​នាក់​បាន​ឆ្លង​កូវីដ១៩ កនិង​ជាង​៣៣០០០នាក់​បាន​ស្លាប់។ យុទ្ធសាស្ត្រ​ប្រឆាំង​កូវីដ​ ដោយ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ តែ​មិន​ខ្ទប់​ប្រទេស​ឬ​ខេត្ត​ក្រុង​ បាន​ទទួល​ការ​ស្វាគមន៍​ តាំង​ពីផ្ទុះ​វិបត្តិ​ភ្លាម និងបាន​ក្លាយ​ជា​គំរូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ