អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ក្នុង​​ឯកសារការពារជាតិ ​កូរ៉េខាង​ត្បូង​ចាត់​ទុក​កូរ៉េខាង​ជើង​ជា​ “សត្រូវ”

ឧបទ្វីប​កូរ៉េ​បាន​និងកំពុង​ស្គាល់​​ភាព​តាន​តឹងខ្លាំង​ជា​ថ្មី។ នៅថ្ងៃព្រហស្បតិ៍​ទី ១៦ កុម្ភៈ ២០២៣​នេះ កូរ៉េខាង​ត្បូង​បាន​ពង្រឹង​ជំហរ​កាន់​តែ​តឹង​តែង​ខ្លាំង​ដាក់​ក្រុង​ព្យុងយ៉ាង ដោយ​បាន​ហៅកូរ៉េខាង​ជើង​ជាថ្មី​ ថា​​ “សត្រូវ”។ នេះ​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំងពី​៦​ឆ្នាំ​មក​ដែល ពាក្យ​ “សត្រូវ” បាន​ព្រលយ​ចេញ​ជា​ថ្មី​ពី​ខាង​សេអ៊ូល។

ទាហាន​កូរ៉េខាង​ត្បូង ល្បាត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង ក្នុង​ថ្ងៃ ដែល​សេអ៊ូល ប្រកាស​ចាត់​ទុក​ព្យុងយ៉ាង​ជា​"សត្រូវ"
ទាហាន​កូរ៉េខាង​ត្បូង ល្បាត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង ក្នុង​ថ្ងៃ ដែល​សេអ៊ូល ប្រកាស​ចាត់​ទុក​ព្យុងយ៉ាង​ជា​"សត្រូវ" AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សៀវភៅ​ស ស្តីពី​ផែនការ​ការពារជាតិ​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃព្រហស្បតិ៍​ទី​១៦​កុម្ភៈ​នេះ កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា កាលពី​ខែ​ធ្នូ​២០២២ កូរ៉េខាង​ជើង​បាន​ចាត់​ទុក​កូរ៉េខាង​ត្បូង ជា​សត្រូវ​ពិតៗ​របស់​គេ​ ដូច្នេះ​របបព្យុងយ៉ាង​និង​យោធា​របស់​កូរ៉េខាង​ជើង ក៏​​ជា “សត្រូវ”​ របស់​យើង​ដែរ។​

ការ​ចែង​ពាក្យ “សត្រូវ​” ក្នុង​សៀវភៅ​ស​កូរ៉េខាង​ត្បូង នា​ពេល​នេះ ជា​ការ​បាន​ឆ្លុះ​ឱ្យ​ឃើញ​អំពីស្ថានភាពដុនដាប​នៃ​ទំនាក់ទំនង​បែប​តតាំង​គ្នា​ ​រវាង​កូរ៉េខាង​ទាំងពីរ ដែល​បើ​​​តាម​បច្ចេកទេស កំពុងបន្ត​​ធ្វើ​សង្គ្រាម​នឹង​គ្នា នៅឡើយ​ព្រោះ​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០-៥៣ បាន​បិទ​បញ្ចប់ទៅ​ដោយ​ការ​ព្រមព្រៀង​ឈប់​បាញ់ មិនមែន​ដោយ​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទេ។

បើ​តាម​សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ​សិក្សា​កូរ៉េខាង​ជើង​នៅក្រុង​សេអ៊ូល ឧបទ្វីប​កូរ៉េ​មាន​សភាព​ដូច​សម័សង្គ្រាម​ត្រជាក់ ៖ នៅ​ខាង​ជើង ប្រមុខ​គីមជុងអ៊ុន ប្រឹង​អភិវឌ្ឍ​វិស័យ​យោធា​ទ្វេឡើង ហើយ​ប្រកាស​កាលពី​ឆ្នាំ​ទៅ​តាំង​ខ្លួន​ជា​ប្រទេស​មហាអំណា​ច​យោធាដោយ​គ្មានអ្វី​អាច​ប្តូរ​ផ្លាស់​បាន​ឡើយ និង​អនុម័ត​ច្បាប់​វាយប្រហារ​​​នុយក្លេអ៊ែរជា​កិច្ចការពារ​ខ្លួន​ទៀត។ ជា​មួយគ្នា​នោះ​ របបព្យុងយ៉ាង​បាន​ធ្វើកា​រសាកល្បង​នុយក្លេអ៊ែរ​យ៉ាង​ទៀង​ទាត់​ ទោះ​បី​មាន​ទណ្ឌកម្ម​អន្តរជាតិ​ធ្ងន់​យ៉ាង​ណា​ក៏ដោយ។ ចំណែក​​ខាង​ត្បូង​វិញ រដ្ឋាភិបាល​អភិរក្ស​ថ្មី​បាន​តប​ត​វិញ​ដោយ​បង្កើន​លំហាត់​សឹក​ជាមួយ​សហរដ្ឋ​អាមេរិក​ ព្រោះ​យល់​ថា​នៅ​ស្ងៀម​មិនមែន​ជា​ចម្លើយ​ដ៏​សក្តិ​សម​ឡើយ​។

សូម​បញ្ជាក់​ថា ​សៀវភៅ​សដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​៦​ខែ​ម្តង ធ្លាប់ចែង​ចាត់​ទុក​កូរ៉េខាង​ជើង​ជា​​ “សត្រូវ” ​​​ជា​លើក​ដំបូង​បង្អស់​នៅឆ្នាំ​១៩៩៤ និង​រហូត​ដល់​ឆ្នាំ​២០០០ ក្រោយ​ពីអ្នក​ទទួល​ខុស​ត្រូវ​របប​ព្យុងយ៉ាង​បាន​គំរាម​ធ្វើ​ព្យុះ​ភ្លើង​លើ​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​​រលុប​បាត់​អស់​​ជិត​មួយ​ទសវត្សរ៍​​ កូរ៉េខាង​ត្បូង​បាន​ត្រលប់​មក​ប្រើ​ពាក្យ​ “សត្រូវ” ម្តង​ទៀត នៅ​ឆ្នាំ​២០១០ នៅពេល​កូរ៉េខាង​ជើងជាប់​ចោទ​ថា​​បាន​បាញ់​នាវា​មុជ​ទឹក​កូរ៉េខាង​ត្បូង​ស្លាប់​នាវិក​អស់​៤៦នាក់។ កូរ៉េខាង​ត្បូង​បាន​បោះបង់​​ចោលពាក្យ “​សត្រូវ​”ទៅ​វិញ​ ក្រោម​អាណត្តិ​លោក​មូន ចែអ៊ីន ​តែ​​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បច្ចុប្បន្ន​​ ដែល​ទើបឡើង​បន្ត​​តំណែង​កាលពី​ខែ​ឧសភា​២០២២ មាន​ជំហរ​តឹង​តែង​ខ្លាំង បាន​ប្រកាស​ចាត់​ទុក​​កូរ៉េខាង​ជើង​ជា​ “សត្រូវ” ឡើង​វិញ​ នៅ​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ