អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូរ៉េ

ឃើញ​អាមេរិក​និង​កូរ៉េខាង​ត្បូងធ្វើ​​សមយុទ្ធទ័ព​អាកាស​ កូរ៉េខាង​ជើង​ដំឡើង​សំឡេង

កូរ៉េខាង​ត្បូង​បាន​គូសបញ្ជាក់​នៅថ្ងៃ​ព្រហស្បតិ៍​ទី ២​កុម្ភៈ​នេះ រៀប​ចំ​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​រួម​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ដើម្បី​​បង្ហាញ​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​និង​សមត្ថភាព ដ៏​ខ្លាំងក្លា  និង​គួរឱ្យ​ទុកចិត្ត​​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​សមយុទ្ធ​នេះ​បាន​ធ្វើ​ឱ្យ​​​កូរ៉េខាង​ជើងផ្ទុះកំហឹង​ដំឡើង​សំឡេង​យ៉ាង​ខ្លាំង​ ចោទ​ថា​អាមេរិក​កំពុង​ចេញ​មុខតតាំង​ចំៗ​ហើយ។

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ B-1B អមដោយយន្តហោះ​ចម្បាំង ហោះ​លើ​ឧបទ្វីប​កូរ៉េ។ រូបថតផ្តល់​ដោយក្រសួងការពារជាតិកូរ៉េខាង​ត្បូង
យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ B-1B អមដោយយន្តហោះ​ចម្បាំង ហោះ​លើ​ឧបទ្វីប​កូរ៉េ។ រូបថតផ្តល់​ដោយក្រសួងការពារជាតិកូរ៉េខាង​ត្បូង AP
ផ្សាយពាណិជ្ជកម្ម

អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​ទ័ព​អាកាសរួម​គ្នា​នៅ​ថ្ងៃពុធ​ទី ១​កុម្ភៈ នៅ​សមុទ្ទ​លឿង ដែល​ខណ្ឌ​ចែក​ឧបទ្វីបកូរ៉េ​និង​ប្រទេស​ចិន ដោយ​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​ធុនធ្ងន់​ B-1B យន្តហោះ​ប្រដេញ​​F-22 របស់​កងទ័ព​អាកាស​អាមេរិក​ និង​យន្តហោះ​ចម្បាំង​F-35 របស់​ទ័ព​អាកាស​កូរ៉េខាង​ត្បូង។ នេះ​បើតាម​ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង។

លំហាត់​សឹក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​ព្រមព្រៀង​គ្នា​នៅសប្តាហ៍​នេះ ពង្រីក​និង​ពង្រឹង​កំរិត​និង​ទំហំ​នៃ​សមយុទ្ធ​រួម​គ្នា​ ដើម្បី​ប្រឈម​នឹង​ការ​បង្ក​ហេតុ​ឥត​ឈប់​ឈរ​របស់​ព្យុងយ៉ាង។ ម្យ៉ាង​ទៀត សេអូល​ចង់​ឱ្យ​មតិ​សាធារណៈ​កូរ៉េខាង​ត្បូង ដែល​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង បាន​ឃើញ​អំពី​ភាព​រឹង​មាំ​របស់​អាមេរិក​ក្នុង​វិស័យការពារ​ជាតិ​ ក្រោយ​ពីកូរ៉េខាង​ជើង​បាន​ប្រកាស​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​និង​សាកល្បង​មីស៊ីល​យ៉ាង​ច្រើន មួយ​ឆ្នាំ​មក​នេះ​។

ប៉ុន្តែ​សម្រាប់​កូរ៉េខាង​ជើង ការ​បង្កើន​សមយុទ្ធ​រួមអាមេរិក​​កូរ៉េខា​ងត្បូង គឺ​ជា​ការកន្លង​បន្ទាត់​ក្រហម​ហាមឃាត់។ អាមេរិក​នឹង​ទទួល​តប​វិញ​នូវ​ការ​វាយប្រហារ​នុយក្លេអ៊ែរ ដោយ​អាវុធនុយក្លេអ៊ែរ និង​ជា​ការ​តតាំង​គ្នា​ដោយ​ចំៗ។ នេះ​បើតាម​ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាង​ជើង ដោយ​បន្ថែម​ទៀត​ថា ព្យុងយ៉ាង​មិន​ត្រូវ​ការមាន​​ទំនាក់ទំនង ឬ​ការចរចា​ជាមួយ​អាមេរិក​ទេ​ ដរាប​ប្រទេស​នេះ​នៅ​តែ​បន្ត​នយោបាយ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង។

សូម​បញ្ជាក់​ថា​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង តែង​​ត្រូវ​បាន​កូរ៉េខាង​ជើង​ចាត់​ទុក​ជា​ការ​ហាត់​ត្រៀម​ចូល​ឈ្លានពាន​ប្រទេស​ខ្លួន និង​តែង​តបតវិញ​ដោយ​ពាក្យ​គំរាម និង​ធ្វើ​សមយុទ្ធ​វិញ។

បើ​តាម​សាស្ត្រាចារ្យ​ Yang Moo-jin នៅ​សកលវិទ្យាល័យ​សិក្សា​កូរ៉េខាងជើង​ នៅសេអ៊ូល អាមេរិក​ជា​អ្នក​ធ្វើ​ឱ្យ​ស្ថានភាព​នៅឧបទ្វីប​ធ្លាក់​ចុះ​និង​ផ្តល់​លេស​ឱ្យ​កូរ៉េខាង​ជើង​អភិវឌ្ឍន៍​កម្មវិធី​និង​អាវុធ​នុយក្លេអ៊ែរ។ ភាពតាន​តឹង​នឹង​កាន់​តែ​ប៉ោង​ឡើង​សម្រាប់​សេអូល​និង​វ៉ាស៊ីនតោន ព្រោះ​កូរ៉េខាង​ជើងអាច​​នឹង​ធ្វើ​ព្យុះហយាត្រា​និង​បង្ហោះផ្កាយរណប​ស៊ើបការណ៍​មួយ​ នៅមុន​ថ្ងៃ​បុណ្យ​ធំ​មួយ​របស់​ប្រទេស​ គឺ​​ថ្ងៃ​ទី ១៦​កុម្ភៈ​ខាង​មុខ ដែល​ត្រូវ​ជា​ថ្ងៃ​កំណើត​របស់​លោក​ គីម ជុងអ៊ីល​ដែល​ជា​ឪពុក​របស់​មេដឹកនាំ​ គីម ជុងអ៊ុន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ