អានតួអត្ថបទ
ឧបទ្វីបកូរ៉េ-មីស៊ីល

កូរ៉េខាង​ជើង​គំរាម​ចង់​ប្រែក្លាយ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ជា​វាល​ប្រយុទ្ធ

ឧបទ្វីបកូរ៉េ​កំពុង​ឡើង​កម្តៅ។ ៤៨​ម៉ោង​ក្រោយ​ការ​​បាញ់សាកល្បង​​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ នៅថ្ងៃ​ចន្ទទី ២០ កុម្ភៈ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិកថ្មី​​ពីរគ្រាប់​ទៀត នៅ​ឆ្នេរ​ខាង​កើត​។ ទន្ទឹម​គ្នា​នោះ​លោកស្រី គីម យោជុង ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េខាង​ជើង បាន​គំរាម​ប្រែក្លាយ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ទៅ​វា​ល​ប្រយុទ្ធ។ នេះ​ជាការ​​ដំឡើង​សាច់​ដុំ​របស់​កូរ៉េខាង​ជើង​តប​ទៅ​នឹងគម្រោង​ធ្វើ​​លំហាត់​សឹក​របស់​កូរ៉េខាង​ត្បូង​និង​សម្ព័ន្ធ​មិត្តអាមេរិក​​ នៅថ្ងៃ​ពុធ​ខាង​មុខ។ 

កូរ៉េខាង​ជើងបាញ់​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​ខ្លី នៅថ្ងៃទី ២០កុម្ភៈ និង​​គំរាម​ចង់​ប្រែក្លាយ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ជា​វាល​ប្រយុទ្ធ​
កូរ៉េខាង​ជើងបាញ់​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​ខ្លី នៅថ្ងៃទី ២០កុម្ភៈ និង​​គំរាម​ចង់​ប្រែក្លាយ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ជា​វាល​ប្រយុទ្ធ​ AP
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាង​ជើង​នឹង​ឱ្យសត្រូវ​សង​​គ្រប់​ចំនួន​ចំពោះ​ទង្វើ​របស់​ពួកគេ ហើយនឹង​ប្រែក្លាយ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ ទៅ​សមរភូមិ​ប្រយុទ្ធ ប្រសិន​បើ​អាមេរិក​នៅ​តែ​បន្ត​សកម្មភាព​វាយប្រហារយោធា។ នេះ​ជា​សំដី​គំរាម​របស់​លោកស្រី គីម យោជុង ប្អូន​ស្រី​បង្កើត​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​២០កុម្ភៈ​ អម​ដោយ​ការ​បាញ់​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ ជា​សាក្សី​នៃ​ភាព​ដាច់​ខាត​របស់​ព្យុងយ៉ាង​ផង។

នេះ​ជា​ការ​បាញ់​មីស៊ីល​លើក​ទីពីរ ក្នុងចន្លោះ​ពេល​មិន​ដល់​៤៨​ម៉ោង​ផង​។ កាលពី​ថ្ងៃ​សៅរ៍​ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ដែល​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន​ ទន្ទឹម​ពេល​នឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែបក​អាមេរិក​​B-1bជា​ច្រើន​គ្រឿង កំពុង​ហោះ​ឆ្វែល​លើ​ឧបទ្វីប​កូរ៉េ។ ព្យុងយ៉ាង​បាន​អួតអាង​ថា ល្បឿន​នៃ​ការ​បាញ់មីស៊ីល​អន្តរទ្វីប​នោះ​ មាន​កំរិតគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ពោលគឺ​អាច​មាន​សមត្ថភាព​វាយបក​នុយក្លេអ៊ែរ​។ នៅ​ថ្ងៃ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​​មីស៊ីល​បាលីស្ទិក​រយៈ​ខ្លី​ ​ចេញ​ទម្រពហុ​​រ៉ុកកែត​៦០០មីល្លីម៉ែត្រ​ សំដៅ​សមុទ្ទ​ខាង​កើត​ ឬ​សមុទ្ទ​ជប៉ុន។ បើ​តាម​អ្នក​វិភាគ ការ​បាញ់​​មីស៊ីល​រយៈ​ខ្លី ជា​សារ​ព្រមាន​សំដៅ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាមេរិក ឬ​ទី​បញ្ជាការដ្ឋាន​កូរ៉េខាង​ត្បូង​ក្នុង​តំបន់។

​តាំងពី​ចូល​ខែ​មករា​ឆ្នាំ​២០២៣​មក​ ឧបទ្វីប​កូរ៉េហាក់​បាន​ស្គាល់​ភាព​ធូរ​ស្បើយ​បន្តិច ប៉ុន្តែមិន​បាន​ប៉ុន្មានថ្ងៃ​​ផង ភាព​តាន​តឹង​បាន​ប៉ោង​ឡើង​យ៉ាង​ខ្លាំងវិញ ព្រោះ​ភាគី​ម្ខាងៗ​សុទ្ធ​តែ​ចង់​បង្ហាញ​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​នឹង​ប្រយុទ្ធ។ ​​សម្ព័ន្ធ​មិត្ត​អាមេរិកនិងកូរ៉េខាង​ត្បូង មាន​​គម្រោង​ធ្វើ​លំហាត់​​សឹកផ្លូវ​អាកាស​​ ដែល​មាន​យន្តហោះប្រដេញ​និង​ទម្លាក់​គ្រាប់​បែក​ចូល​រួម​ផង ​នៅថ្ងៃពុធ​ទី​២២ កុម្ភៈ​។ ជា​សមយុទ្ធ​​បែប​វាយប្រហារ និងវាយបក​ ​​នុយក្លេអ៊ែរ​​ភ្លាម​លើ​កូរ៉េខាង​ជើង តែ​ក៏​ជា​ការ​បញ្ឆេះ​កំហឹងរបប​ព្យុងយ៉ាងឱ្យ​កាន់​ខ្លាំង​ដែរ។ កូរ៉េខាង​ជើង​សន្យា​​ផ្តល់​ចម្លើយ​តប​នឹង​សមយុទ្ធ​អាមេរិក​-កូរ៉េខាងត្បូង​ ដែល​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ