អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

តៃវ៉ាន់​សន្យា​ពង្រឹង​សម្ព័ន្ធភាព​យោធា ជាមួយ​​សហរដ្ឋអាមេរិក

នៅថ្ងៃអង្គារទី​២១កុម្ភៈនេះ លោកស្រីប្រធានាធិបតី​កោះតៃវ៉ាន់ បាន​ប្រកាសថាតៃវ៉ាន់ នឹងពង្រឹងសម្ព័ន្ធភាពយោធា​ ជាមួយនឹងសហរដ្ឋអាមេរិក ឲ្យ​បានខ្លាំងឡើងថែមទៀត ដើម្បី​ទប់ទល់ជាមួយ​នឹង​មនោគមន៍វិជ្ជាវាទទី​នៃរបបអំណាច​ផ្តាច់ការ​។​ ការលើកឡើងរបស់​លោកស្រី ឆៃ អ៊ីងវែន នេះ គឺ​ត្រូវបាន​ធ្វើ​ឡើង នៅក្នុង​ឱកាសដែលលោកស្រីបានទទួលជួប​ជាមួយ​គណប្រតិភូ សមាជិកសភាអាមេរិកមួយក្រុម ដែលទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ សូមបញ្ជាក់ថា ជាមួយនឹង​​បរិបទសង្គ្រាមនៅអ៊ុយក្រែន សំណុំរឿងកោះតៃវ៉ាន់កំពុងតែត្រូវបាន​គេតាមដាន​យ៉ាងប្រុងប្រយ័ត្ន ខណៈចិន​បានគំរាមកាន់តែខ្លាំងអំពី​ការប្រើ​កម្លាំង ​ដើម្បី​យកតៃវ៉ាន់មកគ្រប់គ្រងវិញ។​

លោកស្រីប្រធានាធិបតីតៃវ៉ាន់ ក្នុងពេលទទួលជួប​សំណេះសំណាល​ជាមួយ​គណប្រតិភូ​សមាជិកសភាអាមេរិក ដឹកនាំដោយ​លោក Ro Khanna (ទី៦រាប់ពីឆ្វេង) ។ ក្រុងតៃប៉ិ ថ្ងៃទី ២១ កុម្ភៈ ២០២៣
លោកស្រីប្រធានាធិបតីតៃវ៉ាន់ ក្នុងពេលទទួលជួប​សំណេះសំណាល​ជាមួយ​គណប្រតិភូ​សមាជិកសភាអាមេរិក ដឹកនាំដោយ​លោក Ro Khanna (ទី៦រាប់ពីឆ្វេង) ។ ក្រុងតៃប៉ិ ថ្ងៃទី ២១ កុម្ភៈ ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រសប្តាហ៍​កន្លងទៅ លោក Michael Chase អនុរដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក បានទៅដល់កោះតៃវ៉ាន់។ នៅថ្ងៃអង្គារទី​២១កុម្ភៈនេះ គណប្រតិភូ​សមាជិកសភាអាមេរិកមួយក្រុមទៀត បានទៅធ្វើទស្សនកិច្ច​នៅកោះតៃវ៉ាន់ រយៈពេល​៥ថ្ងៃ។ ក្នុង​ឱកាសជួបជាមួយ​គណប្រតិភូនេះ នៅ​ក្រុងតៃប៉ិ លោកស្រី ឆៃ អ៊ីងវែន ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែងថា តៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹង​បន្តពង្រឹងសម្ព័ន្ធភាព​កងទ័ព។

លោកស្រីបន្ថែមទៀតថា តៃវ៉ាន់ សន្យា​ពង្រឹង​ឲ្យ​កាន់តែសកម្មខ្លាំងឡើង នូវទំនាក់ទំនងសហប្រតិបត្តិការ ជាមួយ​សហរដ្ឋអាមេរិក ព្រមទាំងប្រទេសប្រជាធិបតេយ្យ​ទាំងអស់ ដើម្បីរួមគ្នាទប់ទល់នឹងមនោគមន៍វិជ្ជាវាទទីនៃរបបអំណាច​ផ្តាច់ការ ព្រមទាំង​រួមគ្នាទប់ស្កាត់​បម្រែបម្រួលអាកាសធាតុ។​ លោកស្រី​ប្រធានាធិបតីតៃវ៉ាន់ សង្កត់បន្ថែមថា​ត្រូវតែរួមគ្នាការពារតម្លៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។​

ដោយ​មិនបានលំអិតថា ការពង្រឹងទំនាក់ទំនងកងទ័ពជាមួយ​អាមេរិក នឹងផ្តោតលើ​ចំណុចអ្វីខ្លះនោះ លោកស្រីប្រមុខរដ្ឋាភិបាល​តៃវ៉ាន់ បានត្រឹមអះអាងថា វាដល់ពេលហើយ ដែលត្រូវតែពិចារណា រិះរក​លទ្ធភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសហប្រតិបត្តិការ​ រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

ដោយ​ឡែក បើផ្អែកតាមលោក Ro Khanna សមាជិកគណកម្មការ​សភាអាមេរិក ទទួលបន្ទុកកិច្ចការ​ប្រកួតប្រជែងយុទ្ធសាស្ត្រ​ គឺ​ការពង្រឹងសហប្រតិបត្តិការរវាងតៃវ៉ាន់ និងអាមេរិក នឹងផ្តោតទៅលើវិស័យ​ការពារជាតិ និង​បច្ចេកវិទ្យាផលិត​ឧបករណ៍ សឺមីកុងឌុកទ័រ ដែលជាធាតុផ្សំបច្ចេកវិទ្យាអេឡិកត្រូវនិកដ៏សំខាន់។ លោក​ម្នាក់នេះបានបញ្ជាក់ថា គណប្រតិភូអាមេរិក សប្បាយចិត្តណាស់ដែលបាន​ជួបជាមួយ​លោក Morris Chang ស្ថាបនិកក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ដែលជាក្រុមហ៊ុន​ផលិត​ឧបករណ៍សឺមីកុងដុកទ័រដ៏ធំបំផុតមួយ​។​

សូមបញ្ជាក់ដែរថា ស្របពេលដែលគណប្រតិភូសមាជិកសភាអាមេរិក មានវត្តមាននៅកោះតៃវ៉ាន់ ក៏មានគណប្រតិភូចិនមកពីក្រុងសៀងហៃ បានទៅទស្សនកិច្ច​នៅ​ក្រុងតៃប៉ិដែរ កាលពីថ្ងៃចន្ទទី​២០​កុម្ភៈ​ ដែលនេះគឺជាលើកទីមួយមួយ គិតចាប់ពីចុងឆ្នាំ​២០១៩​មក។ គណប្រតិភូចិនតំណាងក្រុងសៀងហៃ ត្រូវបាន​ទទួលដោយ​លោក Chiang Wan-an អភិបាលក្រុងតៃប៉ិ ដែលជាសមាជិកគណបក្ស​គួមីនតាំង។ សូមបញ្ជាក់ថា គណបក្សគួមីងតាង មានទំនោរនយោបាយ​​ខិតទៅរកចិន​ ហើយសង្ឃឹមយកឈ្នះគណបក្សរបស់​លោកស្រី​ ឆៃ អ៊ីងវែន នៅក្នុងពេល​បោះឆ្នោតប្រធានាធិបតី​តៃវ៉ាន់ នៅឆ្នាំ​២០២៤ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ