អានតួអត្ថបទ
ថៃ-កាកសំណល់​ប្លាស្ទិក

ថៃនឹង​ឈប់​​នាំចូល​​​កាក​សំណល់​ប្លាស្ទិក​មួយចំនួន គិត​ចាប់​ពីឆ្នាំ​​២០២៥​ទៅ

ចាប់ពីឆ្នាំ២០២៥ទៅ ថៃនឹងឈប់នាំចូលកាកសំណល់​ប្លាស្ទិក មួយចំនួន​។ ជាការសម្រេចរបស់រាជរដ្ឋាភិបាលថៃ ក្នុងទឹសដៅ​ប្រយុទ្ធប្រឆាំង នឹង​ការ​បំពុល​បរិស្ថាន ដោយ​កាកសំណល់​ប្លាស្ទិក។ តែយ៉ាងណាក៏ដោយ អង្គការក្រៅ​​រដ្ឋាភិបាល​មួយ​ចំនួន​ បានសម្តែងការខកចិត្ត ព្រោះថាការសម្រេចនេះ មានលក្ខណៈមិនគ្រប់គ្រាន់ទេ​ ព្រោះវា​មិនបានគ្រប់ដណ្តប់​ លើ​កាកសំណល់​​ប្លាស្ទិក​​គ្រប់​ប្រភេទ​នោះទេ។​

សកម្មជនបរិស្ថានថៃ ដោតផ្លាកទង់អាស៊ាន លើគំនរសំរាមប្លាស្ទិក នៅខាងមុខក្រសួងការបរទេសថៃ ទាមទារឲ្យក្រុមប្រទេសអាស៊ាន រួមគ្នាដោះស្រាយ កាត់បន្ថយ​កាកសំណល់ប្លាស្ទិក។ ក្រុងបាងកក ថ្ងៃទី ២០ មិថុនា ២០១៩
សកម្មជនបរិស្ថានថៃ ដោតផ្លាកទង់អាស៊ាន លើគំនរសំរាមប្លាស្ទិក នៅខាងមុខក្រសួងការបរទេសថៃ ទាមទារឲ្យក្រុមប្រទេសអាស៊ាន រួមគ្នាដោះស្រាយ កាត់បន្ថយ​កាកសំណល់ប្លាស្ទិក។ ក្រុងបាងកក ថ្ងៃទី ២០ មិថុនា ២០១៩ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការបញ្ជាក់ពីលោកស្រី Tipana Sirichana អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺចាប់ពីឆ្នាំ​២០២៤ទៅ ថៃនឹងកាត់បន្ថយ​ការនាំចូលកាកសំណល់ប្លាស្ទិក ឲ្យ​បាន​៥០% នៃសមត្ថភាពផលិត​របស់ថៃបច្ចុប្បន្ន។ ហើយចាប់ពីដំណាច់ឆ្នាំ​២០២៤ទៅ គឺថៃនឹងឈប់នាំចូលទាំងស្រុងតែម្តង នូវកាកសំណល់ប្លាស្ទិក​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ការ​បំពុល​បរិស្ថាន​ បង្កឡើងដោយ​កាកសំណក់​ប្រភេទនេះ។​

សូមបញ្ជាក់ថា​​ ថៃគឺជាប្រទេស​ដែលទទួលនាំចូល​កាកសំណល់ប្លាស្ទិក​ ដ៏ច្រើនសន្ធឹកមួយ ក្នុងចំណោមប្រទេសមួយចំនួន មានដូចជា​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និង​តួកគីជាដើម។ រវាងពីខែមករា ដល់ខែ​វិ​ច្ឆិកា ឆ្នាំ​២០២២ ថៃបាន​នាំចូលកាកសំណល់​ប្លាស្ទិកចំនួនសរុប ១៦៣០០០តោន ដែលប្រមាណ​ពាក់កណ្តាល​ ដឹកមកពី​ជប៉ុន និង​ និងសហរដ្ឋអាមេរិក​។

គួរកត់សំគាល់ថា ថ្វី​បើ​ការសម្រេចរបស់​រដ្ឋាភិបាលថៃ ឈប់នាំចូល​កាកសំណក់ប្លាស្ទិកនេះ ជាការបោះជំហាន​មួយដ៏ល្អមែន តែ​អង្គការ​ក្រៅរដ្ឋាភិបាល​នៅថៃ បាន​សម្តែងការខកចិត្ត ព្រោះថាវិធាននេះ នៅទន់ខ្សោយ និងគ្របដណ្ដប់ តែទៅលើផ្នែកតូចមួយតែប៉ុណ្ណោះ នៃបញ្ហា​កាកសំណល់ប្លាស្ទិក​។ លោក Tara Buakamsri ប្រធានអង្គការ Greenpeace ប្រចាំប្រទេសថៃ បាន​លើកឡើងថា អាជ្ញាធរថៃ បាន​កំណត់​ហាមឃាត់កាកសំណក់​ប្លាស្ទិក​ប្រភេទមួយចំនួន​ប៉ុណ្ណោះ មិនមែនគ្រប់មុខឡើយ​។

ដូចគ្នាដែរ លោក Punyathorn Jeungsmarn តំណាងអង្គការ​ EARTH បាន​លើកឡើងថា អាជ្ញាធរថៃត្រូវតែបង្កើនការប្រុងប្រយ័ត្ន​ តាមដានឲ្យ​ម៉ដ្ឋ​ចត់ ព្រោះគ្រប់​​កុងទឺនឺដឹកកាកសំណល់ប្លាស្ទិក​នាំចូលមក មិនត្រូវបាន​ត្រួតពិនិត្យ​ត្រឹមត្រូវឡើយ​ នៅតាមកំពង់ផែ។ បញ្ហានេះ វាអាចបង្កើតឲ្យ​មានទីផ្សារ​ផ្លូវងងឹត បន្លំនាំចូល​កាកសំណល់​ប្លាស្ទិក ដែលត្រូវបាន​ហាមឃាត់ដោយច្បាប់​។

សូមរំលឹកថា ទីផ្សារ​កែច្នៃកាកសំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញ ត្រូវបាន​ក្រឡាប់ចាក់យ៉ាងខ្លាំង បន្ទាប់ពី​រដ្ឋាភិបាល​ចិន បានសម្រេច​នៅឆ្នាំ​២០១៨ ឈប់ទទួលនាំចូល​កាកសំណល់​ប្លាស្ទិក ប្រភេទមួយចំនួន​ធំ។ ប្រទេសមួយចំនួន​នៅអាស៊ីអាគ្នេយ៍​​ បានក្លាយ​ជា​គោលដៅ​ធំ នៃដឹកជញ្ជូន​កាកសំណល់​ប្រភេទនេះ ដើម្បីយកទៅកែច្នៃ។ ក៏ប៉ុន្តែ ជាមួយនឹងទំហំ​កាកសំណល់​ដ៏ច្រើនមហិមា ប្រទេសខ្លះ​នាំចូល​យកទៅ តែដោយ​គ្មានសមត្ថភាពកែច្នៃ ឲ្យ​បាន​គ្រប់គ្រាន់ទេ។ បូ​ក​បន្ថែមនឹងភាពធូររលុងរបស់អាជ្ញាធរ ក្នុងការអនុវត្តច្បាប់ ព្រមទាំងអំពើពុករលួយផងនោះ កាកសំណល់ប្លាស្ទិកទាំងនោះ ត្រូវគេដឹកយកទៅចាក់ចោល​នៅតាមទីវាល​ ក្នុងធម្មជាតិ ដោយ​គ្មានគិតក្រែងពីការបំពុលបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ