អានតួអត្ថបទ

ចិនបានឃាត់ខ្លួនបុគ្គលិកជនជាតិចិនចំនួន ៥នាក់ដែលធ្វើការឲ្យក្រុមហ៊ុនអាមេរិកនៅចិន

នៅ​ក្នុង​ប្រទេស​ចិន ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Mintz Group បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​នា​ថ្ងៃ​សុក្រ ទី២៤ មីនា​ថា មាន​បុគ្គលិក​របស់​ខ្លួន​ចំនួន ៥នាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃាត់​ខ្លួន។ តាម​សេចក្តីប្រកាសព័ត៌មាន​ដដែល ក្រុមហ៊ុន Mintz Group បាន​អះអាង​ពី​ការ​មិន​បាន​ទទួល​ព័ត៌មាន​ណែនាំ ឬ​ព្រមាន​ផ្លូវការ​ណា​មួយ​ជា​មុន​ពី​រដ្ឋាភិបាល​ចិន និង​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។

ការិយាល័យរបស់​ក្រុមហ៊ុនអាមរិក Mintz Group នៅ​ក្នុង​ប្រទេស​ចិន។
ការិយាល័យរបស់​ក្រុមហ៊ុនអាមរិក Mintz Group នៅ​ក្នុង​ប្រទេស​ចិន។ © GREG BAKER / AFP
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​ក្រុមហ៊ុន Mintz Group ទាំង ៥នាក់​ដែល​រដ្ឋអំណាច​ចិន​បាន​ចាប់​ខ្លួន​ជា​ជនជាតិ​ចិន​ទាំង​អស់​គ្នា នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Mintz Group នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន។ ក្រៅ​ពី​ការ​ចាប់​ខ្លួន​បុគ្គលិក​ជនជាតិ​ចិន​ទាំង ៥នាក់ រដ្ឋអំណាច​ចិន​ក៏​បាន​បិទ​សកម្មភាព​របស់​ក្រុមហ៊ុន ហើយ​បើ​តាម​ក្រុម​អ្នកកាសែត​របស់ AFP គេ​មិន​បាន​ឃើញ​វត្តមាន​បុគ្គលិក​ណា​ម្នាក់​នៅ​ក្នុង​ក្រុមហ៊ុន Mintz Group ហើយ​ទ្វារ​ក្រុមហ៊ុន​ត្រូវ​បាន​ចាក់សោរ​ដោយ​ប្រើ​ចង្វាក់​ទៀត​ផង។ ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Mintz Group មាន​ការ​ស្រឡាំងកាំង និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ស្រឡាំងកាំង និង​ភ្ញាក់ផ្អើល​ព្រោះ​នៅ​មុន​កើត​រឿងរ៉ាវ​មួយ​នេះ ក្រុមហ៊ុន Mintz Group មិន​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​អ្វី​ទាំង​អស់​ពី​រដ្ឋអំណាច​ចិន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន​បាន​ប្រាប់​ពី​ការ​រក​ក្រុម​មេធាវី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋអំណាច​ចិន ពិសេស​ជួយ​ដោះលែង​បុគ្គលិក​ដែល​បាន​ចាប់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​មិន​ភ្លេច​បញ្ជាក់​ថា​ជា​និច្ចកាល ខ្លួន​បាន​ធ្វើ​ការ​ដោយ​តម្លាភាព និង​បាន​គោរព​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ចិន។ អ្វី​ទៅ​ជា​ហេតុផល​នៃ​ការ​ឃាត់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Mintz Group ពេល​នេះ?។

រដ្ឋអំណាច​ចិន​មិន​ទាន់​បញ្ជាក់ ហើយ​ការិយាល័យ​ប៉ូលិស​ចិន​នៅ​ក្នុង​តំបន់​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់ AFP ទេ។ គួរ​បញ្ជាក់​ថា Mintz Group ជា​ក្រុមហ៊ុន​របស់​អាមេរិក​ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ក្រុង​ញូយ៉ក។ Mintz Group ជា​ក្រុមហ៊ុន​ដែល​មាន​ឯកទេស​ខាង​ការ​ស៊ើបអង្កេត​ស្តីពី​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​ក្លែងបន្លំ អំពើ​ពុករលួយ និង​អាកប្បកិរិយា​មិន​ល្អ​នៅ​កន្លែង​ធ្វើ​ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ