អានតួអត្ថបទ
តៃវ៉ាន់-កម្ពុជា-ការជួញដូរមនុស្ស

តុលាការតៃវ៉ាន់ កាត់ទោស​មនុស្ស​៩នាក់​ពីបទ​ជួញដូរ​មនុស្ស​នៅកម្ពុជា

តុលាការមួយរបស់តៃវ៉ាន់ បាន​បើកសវនាការ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៤មេសា កាត់ទោសមនុស្សចំនួន​៩នាក់ ដែលជាប់ចោទពីបទ​​ជួញដូរមនុស្ស​ នៅ​កម្ពុជា។ យោងតាមអាជ្ញាធរតៃវ៉ាន់ មានជងរងគ្រោះ ជា​ជនជាតិតៃវ៉ាន់ ជាច្រើន​នាក់ ដែលត្រូវបាន​ក្រុមទុច្ចរិត បោកបញ្ឆោតមកប្រទេសកម្ពុជា​ ដើម្បី​ធ្វើការជាជនឆបោក​មនុស្ស ​តាមប្រព័ន្ធអ៊ីនធ័រនិត​​។

សមត្ថកិច្ចតៃវ៉ាន់កំពុងចាប់ឃាត់ខ្លួន ជនសង្ស័យ​សមាជិក​បណ្តាញជួញដូរឆរបោកមនុស្សឲ្យ​មកធ្វើការនៅកម្ពុជា។ ព្រលានយន្តហោះ Taoyuan ក្រុងតៃប៉ិ ថ្ងៃទី ១៨ សីហា ២០២២
សមត្ថកិច្ចតៃវ៉ាន់កំពុងចាប់ឃាត់ខ្លួន ជនសង្ស័យ​សមាជិក​បណ្តាញជួញដូរឆរបោកមនុស្សឲ្យ​មកធ្វើការនៅកម្ពុជា។ ព្រលានយន្តហោះ Taoyuan ក្រុងតៃប៉ិ ថ្ងៃទី ១៨ សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ជនតៃវ៉ាន់​៩នាក់ ជាប់ចោទពីបទជួញដូរមនុស្ស​នៅកម្ពុជា។ ជនទីមួយដែលជាក្បាលម៉ាស៊ីន នៃក្រុមទុច្ចរិតនេះ មានឈ្មោះ Lee Cheng-Hao ដែលយោងតាម​អាជ្ញាធរតៃវ៉ាន់ គឺបាន​បង្ហោះផ្សាយ​សារតាមបណ្តាញសង្គម ដើម្បីអូសទាញមនុស្សជាច្រើននាក់ ឲ្យទៅធ្វើការនៅ​កម្ពុជា។

បណ្តាញទុច្ចរិតនេះ​ សន្យាខ្យល់ជាច្រើនចំណុច​ ដូចជា​ថា​ នឹងផ្តល់ប្រាក់ខែច្រើនៗ ឬផ្តល់ប្រាក់កំចីយ៉ាងងាយ​ស្រួលជាដើម។ តែធាតុពិត ជនរងគ្រោះត្រូវគេលក់​បន្ត ទៅឲ្យ​បណ្តាញទុច្ចរិតផ្សេងទៀត នៅពេល​ទៅដល់កម្ពុជា។ នេះបើផ្អែកតាមការអះអាងរបស់តុលាការតៃវ៉ាន់។ លិខិតឆ្លងដែនរបស់ជនរងគ្រោះដែលចាញ់​បោកគេ ត្រូវក្រុមទុច្ចរិតដកហូតទុក ហើយពួកគេត្រូវបង្ខំឲ្យធ្វើការ​ ដើម្បីឆបោក​មនុស្ស​តាមបណ្តាញអ៊ីនធ័រនិត។ តុលាការតៃវ៉ាន់អះអាងថាទៀតថា ជនរងគ្រោះ ត្រូវគេធ្វើទារុណកម្ម ហើយបើចង់ត្រលប់មកតៃវ៉ាន់វិញ គឺត្រូវសងប្រាក់ដ៏សន្ធឹកសន្ធាប់ ឬអាចត្រូវបាន​គេលក់​បន្ត​ទៅក្រុមបណ្តាញទុច្ចរិតផ្សេងទៀត។

Lee Cheng-Hao ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ​១៨ឆ្នាំ ខណៈជនសមគំនិតក្នុងបណ្តាញចំនួន​៨នាក់ទៀត ត្រូវជាប់ទោសពន្ធនាគារ ពី ១១ និង​ ១៦ឆ្នាំ។ ជនជាប់ចោទទាំងអស់ បានអះអាងថា នឹងប្តឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរតៃវ៉ាន់ គឺមាន​ជនរងគ្រោះ ជាជនជាតិតៃវ៉ាន់ កាន់តែច្រើននាក់ បាន​ចេញ​មក​រៀបរាប់ ពី​ដំណើរផ្សងព្រេងដ៏​ឈឺចាប់របស់ខ្លួន ដែលបានធ្លាក់ខ្លួនចាញ់​ការឆបោករបស់​បណ្តាញទុច្ចរិត​ មកធ្វើការនៅកម្ពុជា​។ ជនរងគ្រោះអះអាងថា បានរងនូងការ​វាយ​ដំ ទារុណកម្ម បង្ឃាំងទុក​ និងធ្វើការ​មួយថ្ងៃ១៦ម៉ោងយ៉ាងតិច ដើម្បីឆបោកមនុស្ស​ឲ្យ​បានច្រើន​នៅតាមអ៊ីនធ័រនិត។

អ្នកនាំពាក្យ​ពិសេសនៃអង្គការសហប្រជាជាតិ​ ស្តីពីសិទ្ធមនុស្ស​នៅកម្ពុជា​ បានលើកឡើងកាលពីឆ្នាំ​២០២២ ថាជនរងគ្រោះដោយ​ការជួញដូរមនុស្ស​នៅ​កម្ពុជា រស់នៅក្នុងស្ថាននរក រងអំពើទារុណកម្ម និង​​អាច​មានករណី​ស្លាប់​ថែមទៀត​។ រដ្ឋាភិបាលតៃវ៉ាន់អះអាងថា ក្នុងឆ្នាំ​២០២១ មានជនជាតិតៃវ៉ាន់ជាច្រើនពាន់នាកឮ ដែល​បានមកដល់កម្ពុជា ហើយ​បាន​បាត់ដំណឹងសូន្យ​ មិនត្រលប់ទៅតៃវ៉ាន់វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ