អានតួអត្ថបទ

ឥណ្ឌា៖ ​ក្រុម​ជាតិ​ពន្ធុ​​វាយប្រហារ​គ្នា​ស្លាប់​ជាង​៥០នាក់ និង​ជាង​២ម៉ឺននាក់​រត់​ចោល​ផ្ទះ​សម្បែង

នៅប៉ែកឦសាន ប្រទេស​ឥណ្ឌា យ៉ាង​ហោច ប្រជាជន​ ២៣ ០០០នាក់ ត្រូវ​ភៀសខ្លួន​រត់​ចោលលំនៅ​ដ្ឋា​ន​​ផ្ទះ​សម្បែង ក៏ព្រោះតែ​ការ​វាយប្រហារ​បង្ហូរឈាម​រវាង​ក្រុម​ជាតិ​ពន្ធុ​ផ្សេង​គ្នា។ នៅ​ថ្ងៃ​អាទិត្យ ទី​៧ឧសភា​ នគរបាល​រដ្ឋមុនីបូរ បាន​ប្រកាស​ថា​យ៉ាងហោច មនុស្ស​ ៥៤ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ ក្នុង​សប្តាហ៍​កន្លងទៅ​នេះ​​។   ​

ឡាន​កាំមីញ៉ុង១ ត្រូវ​ដុត​បំផ្លាញ នៅ​ស្រុក Churachandpur រដ្ឋ Manipur នាថ្ងៃព្រហស្បតិ៍ ទី​៤ឧសភា។
ឡាន​កាំមីញ៉ុង១ ត្រូវ​ដុត​បំផ្លាញ នៅ​ស្រុក Churachandpur រដ្ឋ Manipur នាថ្ងៃព្រហស្បតិ៍ ទី​៤ឧសភា។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​​វាយប្រហារ​បង្ហូរឈាម​​នេះ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មុនីបូរ តំបន់​​ជាប់​ព្រំដែន​ជាមួយ ភូមា​។ ​ការ​ប៉ះទង្គិច​គ្នា បាន​ផ្ទុះ​ឆេះ​ឡើង​ នៅ​ថ្ងៃពុធ​កន្លងទៅ​ និង​​ចេះតែ​បន្ត​អូស​បន្លាយ​ដល់​ថ្ងៃអាទិត្យ។ លំនៅដ្ឋាន ផ្ទះ​សម្បែង និង​រថយន្ត​ ត្រូវគេ​ដុះបំផ្លាញ​​ឆេះ​ព្រោង​ព្រាត​។ ទីបំផុត ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​រដ្ឋឥណ្ឌា អំណាច​កណ្តាល​ ប្រើ​ប្រាស់កង​​យោធាដាក់​ពង្រាយ​​យាម​ល្បាត​ ហើយ​និង​ដាក់​បំរាម​គោចរ​​​ហាម​ធ្វើ​ដំណើរចរាចរណ៍។​

ចាប់ពី​រាត្រី​ថ្ងៃ​សៅរ៍ ឈាន​​ចូល​ថ្ងៃអាទិត្យ​ គឺ​ ការ​​ប៉ះទង្គិចគ្នា ហាក់​បាន​ស្ងប់ស្ងាត់ ហើយ​បំរាមគោចរ​ ក៏ត្រូវ​លើកលែង​ចេញវិញដែរ នៅក្នុង​ស្រុក​ឆរចន្ទបូរ។ ស្រុក​នេះ ជា​តំបន់​ឈ្លោះគ្នាខ្លាំង​រវាង​ជាតិ​ពន្ធុ។ ​មកទល់​នឹង​ថ្ងៃអាទិត្យ ទី​៧ឧសភា ប្រជាពលរដ្ឋ​រាប់ពាន់នាក់​រត់​ចេញពី​កន្លែង​ខ្លួន​ធ្លាប់​រស់​នៅ​ស្នាក់អាស្រ័យ គឺរត់ចូលទៅ​ជ្រក​កោន​​នៅ​មូលដ្ឋាន​យោធា​។ នេះ​បើតាម​ប្រភព​ពី​អាជ្ញាធរ​ឥណ្ឌា​។

ភ្នាក់ងារ​សេវាសុខាភិបាល​នៅមូលដ្ឋាន បាន​រាយការណ៍​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មា​នបារាំង ថា​គ្រាន់តែ​នៅ​មន្ទីរពេទ្យ​ Imphal ក្នុង​ទីប្រជុំ​ជន​រដ្ឋ និង​មន្ទីរពេទ្យ​ប្រជុំ​ស្រុក​ ​ឆរចន្ទបូរ គឺមាន​មនុស្ស​ស្លាប់​ ប្រមាណ​ ៥៤ នាក់។​

​ក្នុង​រដ្ឋ​មុនីបូរ សហគមន៍ជនជាតិ មៃតៃ (​Meitei) មាន​ចំនួនភាគ​​ច្រើន ហើយ​ត្រូវ​អាជ្ញាធរ​​ផ្តល់​ការ​យក​ចិត្តទុកដាក់​ ផ្តល់​ឱកាស​ការងារ​រដ្ឋ និង​ មាន​កន្លែង​​សិក្សាអប់រំ​ផ្សេងៗ​។ ក៏ប៉ុន្តែ ទង្វើនេះ​ ធ្វើ​ឲ្យ​  ​ក្រុម​ជាតិ​ពន្ធផ្សេងទៀត មិន​ពេញចិត្ត ឬ​ច្រណែន​ និង​បញ្ឆេះ​កំហឹង​រើសអើង ហើយ​បង្ក​ជា​អំពើហិង្សា​។​

នៅប៉ែកឦសាន ប្រទេសឥណ្ឌា មាន​ក្រុម​ចម្រុះ​ពហុ​ជាតិ​ពន្ធុជាច្រើន​ ហើយ​ក្រុម​នីមួយៗ​ តែងតែ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​មួយ​ផ្សេងទៀត ជាញឹកញយ​ ហើយ​ក្រុម​ជនជាតិ​ខ្លះ​ក៏ប្រមូល​កម្លាំង​ប្រុង​ផ្តាច់​​ខ្លួន​ «បំបែក​ខ្លួន ស្វយ័ត​​»​ ដាច់​ចេញពី​អំណាច​កណ្តាលទៀត​ផង​។​

ក្នុងរយៈ​ពេល​ជាង ៧០ឆ្នាំចុងក្រោយ​នេះ ​​ព្រោះតែ​បញ្ហា​ប៉ះទង្គិច​ឈ្លោះ​ទាស់​ទែង​​នៃ​ក្រុម​ជាតិ​ពន្ធុផ្សេងគ្នានេះ​ គឺបាន​បណ្តាលឲ្យ​​ មនុស្ស​ប្រមាណ​ ៥ ម៉ឺននាក់​ ​​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ