អានតួអត្ថបទ
ឥណ្ឌា-វិសមភាព​សង្គម

របាយការណ៍Oxfam ទាញ​សញ្ញា​អាសន្ន​ពី​​ការ​រើសអើង​ក្នុង​សហគមន៍​ឥណ្ឌា

អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ Oxfam បាន​ចេញ​របាយការណ៍​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​មួយ ស្តីពីស្ថានភាព​​​រើសអើង​​ក្នុងសង្គម​ នៅ​​ប្រទេសឥណ្ឌា។ អត្រា​ ស្ត្រី អ្នក​កាន់​សាសនាអ៊ីស្លាម ឬ​ជនវណ្ណៈ​​ទាប​ អាចជ្រៀត​ចូល​ក្នុង​ទីផ្សារ​ការងារ និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ទាប​ជាង​ប្រជាពលរដ្ឋ​ទូទៅ​ច្រើន។ បើ​តាម​ការ​សិក្សា​នេះ វិបត្តិ​កូវីដ​១៩ បាន​មក​ពង្រីក​ វិសមភាព កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

របាយការណ៍Oxfam បង្ហាញ​ពី​ការ​រើសអើង​ខ្លាំង​​ក្នុង​សហគមន៍​ឥណ្ឌា
របាយការណ៍Oxfam បង្ហាញ​ពី​ការ​រើសអើង​ខ្លាំង​​ក្នុង​សហគមន៍​ឥណ្ឌា Getty Images/Xavier Arnau
ផ្សាយពាណិជ្ជកម្ម

មាន​សមត្ថភាព​ស្មើគ្នា ស្ត្រី​ទទួល​បាន​ប្រាក់​ខែ​៥០​អឺរ៉ូ​ទាប​ជាង​បុរស ក្នុង​មួយ​ខែ។ ៦០អឺរ៉ូ ទាប​ជាង​ពលរដ្ឋ​ទូទៅ បើ​ជា​កូន​ក្នុង​ត្រកូល​​វណ្ណៈ​ទាប​ ឬ​ ​ចេញពី​ក្រុមកុលសម្ព័ន្ធ​។ ចំណែក​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម​វិញ កាន់​តែ​រង​កា​ររើសអើង​ខ្លាំង ដោយ​បាន​ទទួល​ប្រាក់​បៀរវត្សរ៍​ប្រចាំ​ខែ​តិច​ជាង​គេ​ដល់​ទៅ​៨០​អឺរ៉ូ។ ៥០-៦០-៨០អឺរ៉ូ​ជា​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​ខ្លាំង​ណាស់ សម្រាប់​ប្រទេស​ដែល​ពលរដ្ឋ​ភាគ​ច្រើន​មាន​ប្រាក់​ខែ​ក្រោម​៣០០អឺរ៉ូ​ នោះ។

នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​Oxfam ដែល​ជា​លើក​ទី​មួយ​បាន​សិក្សា ​អំពី​ទំហំ​នៃ​វិសមភាព​ក្នុង​សង្គម​ឥណ្ឌា​ផង ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​រើង​អើងផង។ ហេតុ​ដូច្នេះ​ហើយបាន​ជា​អ្នក​ស្រាវជ្រាវ បាន​​សាកល្ប​ង​វិភាគ​ទិន្នន័យ​របស់​​រដ្ឋាភិបាលទាក់​ទង​ ភេទ សាសនា និង​វណ្ណៈ។

វិសមភាព​សង្គម​នៅក្នុង​ប្រទេស​ឥណ្ឌា មិនមែន​ជា​រឿង​ថ្មី​និង​ចម្លែក​ទេ ប៉ុន្តែ​ទោះ​បី​ជា​ប្រទេស​មាន​រដ្ឋធម្មនុញ្ញ​ ផ្តល់​សមភាព​សម្រាប់​គ្រប់​ពលរដ្ឋ​ក្តី ក៏​ឥណ្ឌា​មិន​អាច​ជម្រុះ​ការ​រើងអើស​បាន​ដែរ។ នេះ​បើ​តាមការ​ពន្យល់​របស់​លោក Pravas Ranjan Mishra សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​Oxfam។ ជា​លទ្ធផល​ របាយការណ៍​សន្និដ្ឋាន​ថា ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម ច្រើន​តែ​វិលវល់​ក្នុងការងារ​ថោកៗ និ​ងអន់ៗ។ សម្រាប់​ពលរដ្ឋ​វណ្ណៈ​ក្រោម ស្ថានភាព​បាន​ប្រសើរ​ជាង​មុន​បន្តិច ព្រោះ​ឥណ្ឌា​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​កូតា​ក្នុង​ទីផ្សារ​ការងារ។ ប៉ុន្តែ​ ក្រុម​ពលករ​ស៊ីឈ្នួល​ប្រចាំ​ថ្ងៃ នៅ​តែ​ប្រឈម​នឹង​ស្ថានភាព​អាក្រក់​ខ្លាំង​ដដែល។ ការ​រើងអើង ប្រកាន់​វណ្ណៈ​ សង្កេត​ឃើញ​មាន​​​ខ្លាំង​នៅ​ក្នុង​តំបន់​ជន​បទ ហើយ​នៅតាម​ក្រុង​ គឺក្រុម​ពលរដ្ឋ​អ៊ីស្លាម​ជា​ជន​រងគ្រោះ​ជាង​គេ។ នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។

កាន់តែ​អាសន្ន​ខ្លាំង​ទៀត គឺ​ស្ត្រី​តំណាង​ឱ្យ​២៥%​នៃ​បុគ្គលិក​ធ្វើការ​ស៊ី​ប្រាក់ខែ។ ជា​អត្រា ​ធ្លាក់​ចុះទាប និង​អត្រា​​​ដ៏​ទាបជាង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ ដូច​យ៉ាង​ចិន និង​រុស្ស៊ី​ទៅ​ទៀត។ ជា​ចុងក្រោយ បើ​តាម​របាយការណ៍​ ការ​រើង​អើង​និង​វិសមភាព​នៅក្នុង​សង្គម​ឥណ្ឌា​ កាន់​តែ​ធ្ងន់ធ្ងរ​ បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​សកលកូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ