អានតួអត្ថបទ
ប៉ាគីស្ថាន

កងទ័ពប៉ាគីស្ថាន ចាប់ខ្លួន​លោកអ៊ីមរ៉ាន់ ខាន់ ដើម្បីបង្ហាញថាខ្លួននៅតែមានឥទ្ធិពល​និងអំណាច

លោកអ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបាន​ក្រុមទាហានប៉ារ៉ា ចុះមកចាប់ខ្លួន​ដល់តុលាការ កាលពីថ្ងៃអង្គារទី៩ឧសភា។ ហើយនៅថ្ងៃពុធ តុលាការប៉ាគីស្ថាន បានប្រកាសអនុញ្ញាត ឲ្យ​ឃុំ​ខ្លួនបណ្តោះអាសន្ន​លោក​ អ៊ីមរ៉ាន់ ខាន់ ចំនួន​៨ថ្ងៃ ដើម្បីរងចាំសវនាកា ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ​។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក អាលី ប៊ូខារី មេធាវីរបស់​លោក អ៊ីមរ៉ាន់ ខាន់។​ ការឃុំខ្លួននេះ បាន​បណ្តាល​ឲ្យ​ផ្ទុះបាតុកម្មតវ៉ារបស់​ប្រជាជនអ្នកគាំទ្រលោក​អ៊ីមរ៉ាន់ ខាន់ នៅ​សឹងទូទាំងប្រទេស​។

សមត្ថកិច្ចប៉ាគីស្ថាន កំពុងតែបំបែកហ្វូងបាតុករ ដែលមកជួបជុំគ្នាប្រឆាំង​នឹង​ការចាប់ខ្លួន​លោក​ អ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ទីក្រុងឡាហរ ប៉ាគីស្ថាន ថ្ងៃទី ១០ ឧសភា ២០២៣
សមត្ថកិច្ចប៉ាគីស្ថាន កំពុងតែបំបែកហ្វូងបាតុករ ដែលមកជួបជុំគ្នាប្រឆាំង​នឹង​ការចាប់ខ្លួន​លោក​ អ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ទីក្រុងឡាហរ ប៉ាគីស្ថាន ថ្ងៃទី ១០ ឧសភា ២០២៣ AP - K.M. Chaudary
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃពុធ ទី​១០ឧសភា រដ្ឋាភិបាល​ប៉ាគីស្ថាន បានអនុញ្ញាតឲ្យ​កងទ័ព ចេញប្រតិបត្តិការបង្ក្រាប​បាតុកម្ម​ នៅខេត្តពិនចាប់ ជាទីដែល​បាតុករយ៉ាងហោចជិត១០០០នាក់ ត្រូវបាន​ចាប់ខ្លួន និង​ស​មត្ថកិច្ចនគរបាល​ប្រមាណ​១៣០នាក់ បានរងរបួស​។ យ៉ាងណា​ក៏ដោយ បាតុកម្មនៅតែ​​ផុសផុលទូទាំងប្រទេស ដោយ​​ក្រុមបាតុករបានចោទថា គឺក្រុម​កងទ័ពដែលបាន​​ប៉ុនប៉ងធ្វើឃាតលោកអ៊ីមរ៉ាន់ ខាន់ កាលពីខែវិច្ឆិកា​ឆ្នាំ​២០២២ តែ​មិនបានសម្រេច ទើបងាកមករៀបចំកលល្បិច ចាប់ខ្លួន​លោក​នាពេលនេះ ដើម្បី​រារាំងមិនឲ្យ​លោក​ ឈរឈ្មោះបោះឆ្នោត​បាន​។

យោងតាម​លោក ឡូរង់ ហ្កាយែរ (Laurent Gayer) នាយកមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ នៃសាលាវិទ្យាសាស្ត្រនយោបាយបារាំង គឺការចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់ នៅពេលនេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់ ថាកងទ័ពប៉ាគីស្ថាននៅតែមានឥទ្ធិពលនិងអំណាច អាចធ្វើអ្វីបាន​ទាំងអស់។

01:22

សម្រង់ប្រសាសន៍ លោក Laurent Gayer ដែលបានផ្តល់បទសម្ភាសន៍ឲ្យRFI ពីទីក្រុងការ៉ាជី កាលពីថ្ងៃពុធទី​១០ឧសភា២០២៣៖

“កងទ័ព​ ​​ មានឥទ្ធិពលខ្លាំងណាស់នៅប៉ាគីស្ថាន​ គ្រប់វិស័យទាំងអស់ មិនថាសន្តិសុខ នយោបាយ និង​សេដ្ឋកិច្ច​ជីវភាព​ប្រជាជន​។​ លោក អ៊ីមរ៉ាន់ ខាន់ ផ្ទាល់ ក៏បានជាប់ឆ្នោតកាលពី​ឆ្នាំ​២០១៨ ដោយសារតែមានការគាំទ្រពី​ក្រុមកងទ័ពនេះដែរ មុននឹងមានការឈ្លោះប្រកែក បែកបាក់គ្នា  ដូចដែលយើងឃើញនាពេលនេះ​។ ជា​ជម្លោះនយោបាយ​​ ដែលយើងឃើញថាធ្ងន់ធ្ងរខ្លាំង មិនអាចទប់បាន​នោះទេ​។​

ក្រុមបាតុករ ដែលជាអ្នកគាំទ្រ​គណបក្សរបស់​លោក​អ៊ីមរ៉ាន់ ខាន់ បានប្រាប់ខ្ញុំនៅតាមផ្លូវ ​កាលពីថ្ងៃម្សិលមិញនេះ ថា​ ក្រុមកងទ័ពបាន​ឈានជើង​ធ្វើ​ជ្រុល​ហួសហេតុ ដែល​មិនអាចឲ្យ​ពួកគេអត់ទ្រាំបាន​។ មានន័យថា ពីមុនមក ប្រជាជនធ្លាប់គិតថា​កងទ័ព ប្រហែលជាមិនហ៊ានធ្វើដល់​ថ្នាក់ទៅចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់នោះទេ ព្រោះលោក​នៅតែមានប្រជាប្រិយភាពណាស់​។

ចំណែកខាងកងទ័ពវិញ ក៏​ប្រហែលជាមិននឹកស្មានដល់ដែរ ថាក្រោយ​ពេល​កងទ័ព​ ចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់ ​ប្រជាជនប៉ាគីស្ថាន ហ៊ាន​ចេញធ្វើ​បាតុកម្មប្រឆាំងភ្លូកទឹកភ្លូកដីទូទាំងប្រទេសបែបនេះដែរ​។ ​នេះជាលើកទី១ហើយ ដែលយើងឃើញថា ប្រជាជនប៉ាគីស្ថានហ៊ានចេញធ្វើបាតុកម្ម​ ប្រឆាំងថ្កោលទោសក្រុម​កងទ័ព ដែលធ្លាប់តែ​ជានិម្មិតរូបអំណាច មិនអាចប៉ះពាល់​បាន​។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ