អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់៖ គណបក្សគួមីនតាងតែងតាំង លោក ហ៊ូ យូអ៊ី ជា​បេក្ខជនឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតី

នៅខែមករា ដើមឆ្នាំ​២០២៤ តៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មកជំនួសលោកស្រី សៃ​ អ៊ីងវេន ដែលត្រូវចប់អាណត្តិ។​ ការបោះឆ្នោតដែល​មានសារៈសំខាន់​បំផុត ព្រោះអនាគត​រដ្ឋាភិបាលថ្មី គឺជាអ្នកកំណត់ទិសដៅនយោបាយរបស់តៃវ៉ាន់និងចិន។ កាលពីថ្ងៃពុធទី​១៧ឧសភា​ គណបក្សគួមីនតាង ដែលជាបក្សមានទំនោរចង់ភ្ជាប់ទំនាក់ទំនងជាមួយ​ចិននោះ បាន​តែងតាំងបេក្ខជនរបស់ខ្លួន​ឲ្យ​ឈរឈ្មោះជាប្រធាធនាធិបតី នោះគឺលោក ហ៊ូ យូអ៊ី។ តើលោកម្នាក់នេះ ជាអ្នកណា ហើយ​មានគោលគំនិត​បែបណាដែរ ស្តីពីទំនាក់ទំនងជាមួយចិន?

លោក HOU YU-IH លើកដៃអបអរ នៅពេល​ប្រកាសបេក្ខភាពលោក ជាបេក្ខជនប្រធានាធិបតី របស់គណបក្ស គួមីនតាង។ តៃប៉ិ ថ្ងៃទី ១៧ឧសភា២០២៣
លោក HOU YU-IH លើកដៃអបអរ នៅពេល​ប្រកាសបេក្ខភាពលោក ជាបេក្ខជនប្រធានាធិបតី របស់គណបក្ស គួមីនតាង។ តៃប៉ិ ថ្ងៃទី ១៧ឧសភា២០២៣ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ូ យូអ៊ី (Hou Yu-ih) អាយុ​ ៦៥ឆ្នាំ ត្រូវបានគណបក្ស​គួមីនតាង តែងតាំងជាបេក្ខជនប្រធានាធិបតី​ សម្រាប់​ការបោះឆ្នោត​​​នៅ​ខែ​មករា​ខាងមុខ។ លោកហ៊ូ យូអ៊ី បច្ចុប្បន្នជា​ចៅសង្កាត់ តៃប៉ិថ្មី ដែលជាសង្កាត់ធំបំផុតនៅតៃវ៉ាន់ មានប្រជាជនរស់នៅប្រមាណ​៤លាននាក់។ ជាអតីនាយនគរបាល លោក​បានចូលប្រលូកក្នុងនយោបាយ​ នៅឆ្នាំ២០១០ ដោយ​បានធ្វើជា​ចៅសង្កាត់រងទីមួយ ដែលកាលនោះគឺលោក Eric Chou បច្ចុប្បន្ន​ជាប្រធានគណបក្សគួមីនតាង ជាចៅសង្កាត់។

គួរកត់សំគាល់ថា ការតែងតាំង​លោក ហ៊ូ យូអ៊ី ជាបេក្ខជនប្រធានាធិបតីរបស់​បក្សគួមីនតាង គឺជារឿងគួរឲ្យ​ភ្ញាក់ផ្អើល ខណៈពេលកន្លងមក គឺលោក Terry Gou ​ស្ថាបិនក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn ដែលត្រូវគេជឿថាអាចក្លាយជាបេក្ខជនរបស់បក្សគួមីនតាង។

គួរបញ្ជាក់ថា គណបក្សគួមីនតាង ត្រូវគេស្គាល់ថា ជានិច្ចជាកាលមានទំនោរចង់ភ្ជាប់ទំនាក់ទំនងល្អ ជាមួយ​ចិន​ដីគោក។ នៅពេលអ្នកកាសែតចោទសួរ ស្តីអំពីទំនាក់ទំនងទៅថ្ងៃអនាគត រវាងតៃវ៉ាន់ និងចិន លោក ហ៊ូ យូអ៊ី បានបញ្ជាក់ថា លោក​មិនគាំទ្រ ឲ្យ​តៃវ៉ាន់​ប្រកាសឯករាជ្យនោះទេ ហើយ​លោកក៏មិនគាំទ្រ គោលការណ៍​ “ប្រទេសមួយប្រព័ន្ធនយោបាយ​២” នោះដែរ។ លោក​បានអះអាងថា ចិនបាន​ស្នើប្រើប្រាស់គោលការណ៍ ប្រទេសមួយប្រព័ន្ធ២នេះ មក​តៃវ៉ាន់ ដូចនៅហុងកុងដែរ។ ក៏ប៉ុន្តែប្រជាជនតៃវ៉ាន់ជាទូទៅមិនគាំទ្រទេ បន្ទាប់ពីបានឃើញ​អ្វីដែលចិន​បានធ្វើទៅលើហុងកុង។

នៅក្នុងសន្និសិទកាសែត​ នៅទីស្នាក់ការកណ្តាលបក្សគួមីនតាង កាលពីថ្ងៃពុធទី​១៧ឧសភា លោកហ៊ូ យូអ៊ី បានបញ្ជាក់ថា ប្រសិនបើលោកឈ្នះឆ្នោត គឺលោកនឹងធ្វើគ្រប់យ៉ាង ដើម្បីថែរក្សាតៃវ៉ាន់ ការពារការរីកចម្រើនរបស់តៃវ៉ាន់។ លោក​អះអាងថា តៃវ៉ាន់គឺជាផ្ទះរបស់ប្រជាជនតៃវ៉ាន់ ដែលត្រូវតែរួមសាមគ្គីគ្នា កសាងឯកភាព ការពារផ្ទះនេះ និងស្ថាបនាអនាគតសម្រាប់យុវជនកូនចៅជំនាន់ក្រោយ​។ លោក​បន្ថែមថា បច្ចុប្បន្ន ដោយសារតែការបែកបាក់គ្នានេះ តៃវ៉ាន់ត្រូវប្រឈមនឹង​សង្គ្រាម​ ដោយសារតែបរិបទអន្តរជាតិ ចំណែកយុវជនតៃវ៉ាន់វិញ រស់នៅដោយ​គ្មានក្តីសង្ឃឹម។

សូមបញ្ជាក់ដែរថា លោកស្រី​ សៃ អ៊ីងវេន ដែលកាន់តំណែងបាន​២អាណត្តិ​ហើយ​ មិនអាចឈរឈ្មោះមួយអាណត្តិទៀតបានទេ។ បេក្ខជន​ប្រធានាធិបតីរបស់គណបក្សលោកស្រីសៃ អ៊ីងវេន គឺលោក Lai William អាយុ​៦៣ឆ្នាំ បច្ចុប្បន្ន​ជាអនុប្រធានាធិបតី​។ ទាក់ទិននឹងសំណុំរឿងចិន លោក​ម្នាក់នេះ មានគោលជំហររឹងខ្លាំង ហើយប្រាថ្នាចង់ឲ្យ​តៃវ៉ាន់​មានឯករាជ្យពេញបរិបូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ