អានតួអត្ថបទ
បារាំង-ម៉ុងហ្គោលី

លោកអេម៉ានុយអែល ​ម៉ាក្រុង ទៅ​ទស្សនកិច្ច​នៅ​ប្រទេសម៉ុងហ្គោលី ជាលើក​ទី​១

ចេញពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្រោយ​ការបិទបញ្ចប់ជំនួប​កំពូល G7 លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ចេញដំណើរឆ្ពោះទៅកាន់ទីក្រុង​អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ នេះគឺជាដំណើរទស្សនកិច្ច​លើកទី​១ហើយ សម្រាប់ប្រធានាធិបតីបារាំង នៅក្នុងប្រទេសដ៏ធំ ហ៊ំព័ទ្ធដោយ​រុស្ស៊ីនិងចិនមួយនេះ។ យោងតាម​វិមានប្រធានាធិបតីបារាំង ម៉ុងហ្គោលី គឺ​ជាប្រទេសយុទ្ធសាស្ត្រមួយ សម្រាប់បារាំង នៅក្នុង​ផែនថាមពល និង​អាកាសធាតុ។

លោកស្រីរដ្ឋមន្ត្រី​ការបរទេសម៉ុងហ្គោលី Battsetseg Batmunkh មកទទួល​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅព្រលានយន្តហោះអន្តរជាតិ Chinggis Khaan ក្រុងអ៊ូឡង់បាទ័រ ថ្ងៃទី ២១ ឧសភា ២០២៣
លោកស្រីរដ្ឋមន្ត្រី​ការបរទេសម៉ុងហ្គោលី Battsetseg Batmunkh មកទទួល​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅព្រលានយន្តហោះអន្តរជាតិ Chinggis Khaan ក្រុងអ៊ូឡង់បាទ័រ ថ្ងៃទី ២១ ឧសភា ២០២៣ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ជាទស្សនកិច្ច​ដែលមានរយៈពេលខ្លី តែមានន័យ​ជានិម្មិតរូបធំបំផុត សម្រាប់បារាំង និង​ម៉ុងហ្គោលី ព្រោះនេះជាលើកទីមួយហើយ ដែល​ប្រធានាធិបតីបារាំង ទៅទស្សនកិច្ច​នៅ​ម៉ុងហ្គោលី​។ លោកម៉ាក្រុង នឹងស្ថិតនៅទីក្រុងអ៊ូឡង់បាទ័រ តែមួយល្ងាចប៉ុណ្ណោះ ដោយ​លោក​នឹងជួបពិសារភោជនីអាហារ​ ពិភាក្សាការងារ ជាមួយ​លោក​ប្រធានាធិបតី​ម៉ុងហ្គោលី Ukhnaa Khurelsukh និងបន្ទាប់​មកទៀតជួបលោក​នាយករដ្ឋមន្ត្រីម៉ុងហ្គោលី មុននឹង​ទៅទស្សនាសារមន្ទីរ Gengis Khan។

យោងតាមមន្ត្រីអមដំណើរលោក​ម៉ាក្រុង ការចូលទៅទស្សនកិច្ច​នៅ​ម៉ុងហ្គោលី​ គឺមានខ្លឹមសារសំខាន់ណាស់ ។ ប្រទេសដ៏ធំ អតីតសមាជិកសហភាពសហភាពសូវៀត​មួយនេះ​ ស្ថិតនៅហ៊ំព័ទ្ធដោយ​ ចិននិងរុស្ស៊ី ក៏ប៉ុន្តែប្រទេសនេះខិតខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ មានការបោះឆ្នោតត្រឹមត្រូវ មាន​របបដឹកនាំ​បែបសេរីនិយម។

សម្រាប់បារាំង ម៉ុងហ្គោលី មាន​សារសំខាន់សម្រាប់​ភូមិសាស្ត្រនយោបាយ ក្នុងខណៈដែលបារាំង រួមទាំងក្រុមប្រទេសលោកខាងលិច កំពុងតែព្យាយាម​ពង្រីកបណ្តាញផ្គត់ផ្គង់ ឈប់ពឹងផ្អែកតែទៅលើ​ប្រទេសមួយ មិនថា ចិន មិនថារុស្ស៊ី​។​ ម៉ុងហ្គោលលី មានស្តុក​រ៉ែអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតមួយ។ ក្រុមហ៊ុនថាមពល​នុយក្លេអ៊ែរបារាំង Orano កំពុងតែ​រៀបចំគម្រោងជីករ៉ែអ៊ុយរ៉ានីញ៉ូមម៉ុងហ្គោលី។

ទន្ទឹមគ្នានេះ ម៉ុងហ្គោលី រំពឹងយ៉ាងខ្លាំង  ទៅលើថាមពលធ្យូងថ្ម សម្រាប់ដុតផលិតជាចរន្តអគ្គិសនី ពោលគឺ​ប្រមាណ​៩០%ឯណោះ។ បារាំងមានគម្រោង​ផ្តល់សន្ទុះដល់ការវិនិយោគ​នៅ​​ម៉ុងហ្គោលី ដើម្បី​ផលិត​ថាមពលដែលស្អាតស្អំ មិនបំពុលបរិស្ថាន​ ព្រោះចំហេះធ្យូងថ្ម វា​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើនខ្លាំងណាស់។ បន្ថែមពីនេះ ៨៦%នៃការនាំចេញទំនិញ​របស់ម៉ុងហ្គោលី  គឺសំដៅទៅចិនទាំងអស់ ដែលពាក់កណ្តាល​គឺជារ៉ែធ្យូងថ្ម។ សហរដ្ឋអាមេរិក និង​បារាំង មានបំណង​ផ្តល់ផ្លូវដើរផ្សេងទៀតឲ្យ​ម៉ុងហ្គោលី ដោយ​មិនត្រូវពឹងផ្អែកខ្លាំងហួសហេតុពេក តែទៅលើមហាយក្សចិន និងរុស្ស៊ី​ក្បែរខាង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ