អានតួអត្ថបទ
អាមេរិក-មីក្រូណេស៊ី

អាមេរិក​ចុះកិច្ចព្រមព្រៀង​ក្នុង​វិស័យ​​សន្តិសុខ​ជាមួយ​ប្រទេស​មីក្រូណេស៊ី នៅប៉ាស៊ីហ្វិក

សហរដ្ឋ​អាមេរិក​បានប្រកាស​នៅថ្ងៃពុធ​ទី ២៤​ឧសភា​២០២៣​នេះ ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​រដ្ឋ​សហព័ន្ធ​មីក្រូណេស៊ី។ មីក្រូណេស៊ី​ជា​ប្រទេសកូន​កោះតូច​មួយ​​ ស្ថិត​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិកដែល​​អាមេរិក​ចង់​ដាក់​វត្តមាន​ដើម្បី​ខ្ទប់​ឥទ្ធិពល​ចិន។

ប្រធានាធិបតី​អាមេរិក បៃដិន ថត​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​កូនកោះ​នៅប៉ាស៊ីហ្វិក ថ្ងៃទី ២៩​កញ្ញា​២០២២ នៅសេតវិមាន។ ឆ្វេង​បំផុត គឺ​ប្រធានាធិបតី​មីក្រូនេស៊ី លោក David Panuelo។
ប្រធានាធិបតី​អាមេរិក បៃដិន ថត​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​កូនកោះ​នៅប៉ាស៊ីហ្វិក ថ្ងៃទី ២៩​កញ្ញា​២០២២ នៅសេតវិមាន។ ឆ្វេង​បំផុត គឺ​ប្រធានាធិបតី​មីក្រូនេស៊ី លោក David Panuelo។ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

​អាមេរិក​និង​មីក្រូណេស៊ីបាន​​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​នេះ លើ​​​ឯកសារ​បី ដែល​ជា​ការ​​បន្ត​កិច្ចព្រមព្រៀង​ កាលពី​២០​ឆ្នាំ​ ស្តី​ពី​ការ​​ធានា​ផ្តល់​ការពារ​សន្តិសុខ​និ​ងហិរញ្ញវត្ថុ​ដល់​មីក្រូណេស៊ីជា​ថ្នូរ​នឹង​ការ​ផ្តល់​ទីតាំង​ថ្មី​ឱ្យ​ទាហាន​អាមេរិ​កឈរ​ជើង ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នេះ​ ដោយនឹង​​អាច​ដាក់​​​មូលដ្ឋាន​ទ័ព​ផង។

មាន​ប្រជាពលរដ្ឋ​ប្រមាណ​១សែន​នាក់ មីក្រូណេស៊ីជា​សម្ព័ន្ធមិត្ត​របស់​វ៉ាស៊ីនតោន និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​តាំងពី​​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨៦​មក។ កាលពី​ខែ​មីនា ប្រធានាធិបតី​ផុតអាណាត្តិ​មីក្រូណេស៊ីលោក ដាវីដដ ប៉ានួអេឡូ បានសរសេរ​លិខិត ចោទ​ប្រកាន់​ចិន​​ថា​បាន​ដឹកនាំ​នយោបាយបែប​​វាយលុក​ និង​​បែប​ពុករលួយ​ ព្រមទាំង​បែប​បំពារបំពាន​លើ​ប្រទេស​មីក្រូណេស៊ី​ ប្រាប់​ទៅ​​សភា។

នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ចិន​បាន​ពង្រីក​ឥទ្ធិពលសេដ្ឋកិច្ច​យោធា​​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយនឹង​សហរដ្ឋ​​អាមេរិក។ អាមេរិក​ក៏​ចាប់​ពង្រឹង​វត្តមាន​របស់​ខ្លួន​ ក្នុង​តំបន់​ឡើង​វិញ​ដែរ។ ក្រៅអំពី​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​សន្តិសុខ​ជាមួយ​មីក្រូណេស៊ី អាមេរិក​ក៏មាន​កិច្ច​ព្រមព្រៀង​​ប្រហាក់ប្រហែល​គ្នា​មួយ​ទៀត ជាមួយ​នឹង​ក្រុម​ប្រទេស​កូនកោះ​តូចៗ​ផ្សេង​ទៀត មាន​ជា​អាទិ៍​កោះ​Marshall និង គឺ​​Palaos ដែល​ត្រូវ​អស់​សុពលភាព​នៅ​ដំណាច់​ឆ្នាំ​២០២៣។

អាមេរិក​អាច​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​កោះ​Palaos ដោយ​ស្រួល។ ប៉ុន្តែ​ជាមួយ​កោះ​Marshall ការ​ចរចា​ត្រូវ​រាំងស្ទះ​ដោយផលវិបាក​ដ៏ធ្ងន់ធ្ងរ​​នៃការ​សាកល្បង​​នុយក្លេអ៊ែរ។ ខាង​​Marshall ចង់​ឱ្យ​អាមេរិក​​ពន្លឿន​​ការបង់​​ប្រាក់​សំណង​ប៉ះប៉ូវ​ការ​ខូចខាតបង្កឡើង​ដោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​។ ស្រប​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ទារ​សំណង​នុយក្លេអ៊ែរ​អន្តរជាតិ​ អាមេរិក​ត្រូវបង់​ជាង​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​Marshall តែ​កោះ​ទើប​ទទួល​បាន​ប្រមាណ​តែ​២៥០​លាន​ប៉ុណ្ណោះ។ នៅរវាង​ពី​ឆ្នាំ​១៩៤៦-៥៨ អាមេរិក​បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​សរុប​ ៦៧​លើក​នៅលើ​កោះ​ Marshall ដោយ​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​អាក្រក់​សម្រាប់​បរិស្ថាន​និង​សុខភាព​​របស់​ប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ