អានតួអត្ថបទ
ចិន-អា​មេរិក

អាមេរិក និងឥណ្ឌា ព្រមព្រៀងគ្នារៀបចំផែនការ ​សហប្រតិបត្តិការផ្នែកការពារជាតិ

ចេញពីសិង្ហបុរី លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិក បានបន្តដំណើរទៅកាន់ទីក្រុងញូដេលី ប្រទេសឥណ្ឌា។ នៅទីនោះ លោក​បានព្រមព្រៀងជាមួយ​សមភាគីឥណ្ឌា ថាប្រទេសទាំងពីរ នឹងរៀបចំផែនការ ដើម្បី​បង្កើតសហប្រតិបត្តិការ​ផ្នែកការពារជាតិ។ ឥណ្ឌា ក្នុងពេលបច្ចុប្បន្ន កំពុងតែរកវិធីងាកចេញពី​ការពឹងផ្អែក លើ​គ្រឿងសព្វាវុធរបស់រុស្ស៊ី ហើយ​ការចាប់ដៃជាមួយអាមេរិកក្នុងវិស័យកងទ័ព ក៏គឺជា​យុទ្ធសាស្ត្ររួមកម្លាំងគ្នា ទប់ទល់នឹងឥទ្ធិពលរបស់ចិនដែរ។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ចាប់រលាក់ដៃ ជាមួយ​លោក​រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា Rajnath Singh នៅទីក្រុងញូដេលី ថ្ងៃទី ៥ មីនា ២០២៣
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ចាប់រលាក់ដៃ ជាមួយ​លោក​រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា Rajnath Singh នៅទីក្រុងញូដេលី ថ្ងៃទី ៥ មីនា ២០២៣ REUTERS - ANUSHREE FADNAVIS
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងញូដេលី លោកឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាន​ប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិក និងឥណ្ឌា បានព្រមព្រៀងគ្នារៀបចំផែនការដ៏អស្ចារ្យមួយ ដើម្បីកសាងសហប្រតិបត្តិការ​ផ្នែក​កងទ័ព។ ផែនការដ៏ធំមហិមានេះ គឺនឹងអនុញ្ញាតឲ្យ​ប្រទេសទាំង២ ពន្លឿនគម្រោងពិសេសៗជាច្រើន ក្នុងការរួមគ្នាស្រាវជ្រាវ និងរួមគ្នាផលិត​គ្រឿងសព្វាវុធទំនើបៗ។

សូមបញ្ជាក់ថា ឥណ្ឌាកន្លងមក គឺមានសម្ព័ន្ធភាពផ្នែកកងទ័ពជាមួយរុស្ស៊ី ដោយ​ប្រើប្រាស់​សម្ភារៈ និងគ្រឿងសព្វាវុធជាច្រើន​ទិញមកពីរុស្ស៊ី។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​នេះ ឥណ្ឌាបាន​ព្យាយាមធ្វើទំនើប​កម្ម ងាកទៅ​ស្វែងរកអ្នកផ្គត់ផ្គង់ផ្សេង ក្រៅពីរុស្ស៊ី ដើម្បី​រំដោះខ្លួនពីគំនៀប​ឥទ្ធិពលរុស្ស៊ី​តែម្នាក់​។ ប្រទេសលោកខាងលិចជាច្រើន បានចរចា ចង់​លក់​គ្រឿងសព្វាវុធទៅឲ្យ​ឥណ្ឌា ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ។ តែអ្វីដែល​ឥណ្ឌាតែងតែទាមទារ គឺការ​ផ្ទេរចំណេះ​បច្ចេកវិទ្យា ​ពីប្រទេសអ្នកលក់ ទៅឲ្យ​ឥណ្ឌា។ ​មានន័យថា​ ​នៅក្នុងកិច្ចសន្យា គឺត្រូវមានកំណត់ ថាមានមួយផ្នែក ត្រូវលើកទៅផលិតនៅឥណ្ឌា ដោយ​មានការសហការពីបុគ្គលិក និងអ្នកជំនាញ​ឥណ្ឌា។

ផ្អែកតាមក្រសួងការពារជាតិអាមេរិក អនាគតសហប្រតិបត្តិការជាមួយឥណ្ឌា គឺ​នឹងផ្តោតជាពិសេស ទៅលើ​សហប្រតិបត្តិការស្រាវជ្រាវ និង​ផលិត នៅក្នុងវិស័យគ្រឿងសព្វាវុធវាយប្រហារលើអាកាស គ្រឿងសព្វាវុធចល័តលើដី សព្វាវុធ​បាតសមុទ្រ និង​ផ្នែកចារកិច្ចស៊ើបការណ៍ប្រមូលព័ត៌មាន​។

យ៉ាងណាក៏ដោយ លោក Rahul Bedi អ្នកវិភាគ​ម្នាក់​នៅញូដេលី បាន​លើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែល​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ប្រកាសសន្យាអញ្ចេញអញ្ចោះ ទាក់ទិននឹង​ផែនការសហប្រតិបត្តិការយោធាជាមួយ​ឥណ្ឌា។ លោកសង្ឃឹមថា ការសន្យាលើកនេះ នឹងឈានក្លាយចេញជាកិច្ចព្រមព្រៀងជាក់ស្តែង មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។

គួរកត់សំគាល់ថា ក្នុងបរិបទដែលចិនកំពុងតែវាតទីឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គេសង្កេតឃើញថា ទាំងអាមេរិក ទាំងឥណ្ឌា គឺមាន​ផលប្រយោជន៍ដូចគ្នា ដើម្បីឈានទៅចាប់ដៃគ្នាក្នុងវិស័យ​សហប្រតិបត្តិការសន្តិសុខនិងកងទ័ព។ ឆ្លើយទៅកាន់អ្នកកាសែត ក្រោយជួបជាមួយ​លោក Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា​ លោក​ឡយ អូស្ទីន បាន​លើកឡើងថា ការពង្រឹង​សហប្រតិបត្តិការ​កងទ័ពរវាងឥណ្ឌា និងអាមេរិក គឺត្រូវផ្តួចផ្តើម​ឡើងក្នុងបរិបទមួយ ដែល​ចិន​កំពុងតែ​ “គំរាមសំឡុត” នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ