អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក-កូរ៉េខាងត្បូង

បុរស​ជនជាតិអាមេរិកម្នាក់​ បានឆ្លងព្រំដែនចូល​ដីកូរ៉េខាងជើង នៅតំបន់សពុះចែកកូរ៉េទាំង២

ផ្អែកតាមអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ​ទី​១៨កក្កដាម្សិលមិញ មានបុរសជនជាតិអាមេរិក​ម្នាក់​ បានលួច​​​ឆ្លងព្រំដែន ចូលទៅខាងទឹកដី​កូរ៉េខាងជើង​ ដោយ​គ្មានការអនុញ្ញាត ក្នុង​ពេល​ដែល​បុរសរូបនេះ​​ បានចូលទៅ​ទស្សនា​​តំបន់ស ឬ “តំបន់គ្មាន​កងទ័ព” ដែលពុះចែក​ប្រទេសកូរ៉េទាំង​២។ យោងតាមអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងតំបន់នេះ គឺ​បុរសជនជាតិ​អាមេរិក​រូបនេះ ប្រហែលជាត្រូវបានអាជ្ញាធរ​ កូរ៉េខាងជើង ចាប់ដាក់ឃុំ​ហើយ​។

ក្រុមអ្នកសារព័ត៌មាន ចូលទៅពិនិត្យ អគារសន្តិភាព ស្ថិតនៅ​ក្នុងភូមិ Panmunjom ក្នុងតំបន​ Paju របស់កូរ៉េខាងត្បូង ថ្ងៃទី ៤ តុលា ២០២២។ ភូមិPanmunjom ស្ថិតនៅក្នុងតំបន់សគ្មានកងទ័ព ដែលពុះចែក​ព្រំដែនរវាង​បងប្អូនកូរ៉េទាំង​២។
ក្រុមអ្នកសារព័ត៌មាន ចូលទៅពិនិត្យ អគារសន្តិភាព ស្ថិតនៅ​ក្នុងភូមិ Panmunjom ក្នុងតំបន​ Paju របស់កូរ៉េខាងត្បូង ថ្ងៃទី ៤ តុលា ២០២២។ ភូមិPanmunjom ស្ថិតនៅក្នុងតំបន់សគ្មានកងទ័ព ដែលពុះចែក​ព្រំដែនរវាង​បងប្អូនកូរ៉េទាំង​២។ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

បុរសជនជាតិអាមេរិកម្នាក់ បាន​ឆ្លងព្រំដែនចូលទៅខាងទឹកដីកូរ៉េខាងជើង ដោយ​គ្មានការអនុញ្ញាត។ ហេតុការណ៍​នេះ បាន​កើតឡើង នៅពេលបុរសរូបនេះ បានធ្វើដំណើរទៅទស្សនា ដែលគេអនុញ្ញាត​រៀបចំធ្វើជាក្រុម នៅឯ “តំបន់សន្តិសុខរួម” ដែលស្ថិតនៅ​ខាងក្នុងតំបន់ស ឬតំបន់គ្មានកងទ័ព ពុះចែក​ព្រំដែនរវាងកូរ៉េទាំង២។ តំបន់គ្មានកងទ័ពនេះ ស្ថិតនៅក្នុងការគ្រប់គ្រង​របស់អង្គការសហប្រជាជាតិ។

យ៉ាងណាមិញ អគ្គបញ្ជការដ្ឋាន​កងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ដែលប្រចាំនៅតំបន់នេះ​ បាន​អះអាងថា គឺ​បុរសដែលបានលួចឆ្លងព្រំដែននេះ ប្រាកដ​ជាត្រូវបាន​សមត្ថកិច្ចកូរ៉េខាងជើងចាប់ឃាត់ខ្លួនហើយ​។ ក្រុមការងារអង្គការសហប្រជាជាតិ កំពុងតែព្យាយាមទាក់ទងជាមួយ​ កងទ័ព​​កូរ៉េខាងជើង ដើម្បីបានដំណឹងលំអិត និងឈានទៅដោះស្រាយ​ឧប្បត្តិហេតុនេះ​។

យោងតាមបណ្តាញ​ព័ត៌មានកូរ៉េខាងត្បូង គឺបុរសជនជាតិអាមេរិក ដែលបានឆ្លងព្រំដែននេះ គឺជាទាហានអាមេរិក។ ដោយឡែក ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានបដិសេធ មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ គិតត្រឹមពេលនេះ។

សូមរំលឹកថា​ កាលពី​ឆ្នាំ​២០១៩ លោ​ក ដូណាល់ ត្រាំ បាន​ទៅជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅភូមិ Panmunjom ដែលស្ថិតនៅក្នុងតំបន់ស ហើយថែមទាំងបានឈានជើងចូលជាន់ទឹកដី​ខាងកូរ៉េខាងជើងថែមទៀតផង។ តែក្រោយ​ផ្ទុះវិបត្តិកូវីដ១៩ កូរ៉េខាងជើងបាន​បិទព្រំដែនជាប់ជាប្រចាំ ព្រមទាំងបានកាត់បន្ថយ​​កងឆ្មាំការពារច្រកព្រំដែន នៅតំបន់សន្តិសុខរួម​។ យ៉ាងណាមិញ ផ្អែកតាមលោក Choi Gi-il សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Sangji គឺជនជាតិអាមេរិក​រូបនេះទំនងជាបានឆ្លងចូលទៅខាងកូរ៉េខាងជើង ត្រង់ចំណុចភូមិ Panmunjom នេះឯង ព្រោះវាចំណុចតែមួយគត់ ដែលអាចឆ្លងកាត់បាន នៅក្នុងពេលទស្សនាតំបន់​សន្តិសុខរួម​។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានអ្នកទេសចរជាច្រើនរយនាក់ ដែលត្រូវបានគេអនុញ្ញាតឲ្យ​ចូលទៅ​ទស្សនា នៅ “តំបន់សន្តិសុខរួម” ដែលស្ថិតក្នុង​តំបន់ស គ្មានកងទ័ព។ ពីទីនោះ អ្នកទេសចរអាចឆ្លុះកែវយឹត សម្លឹងមើលទៅកាន់ទឹកដីកូរ៉េខាងជើង ដែល​ត្រូវរបប​ផ្តាច់ការព្យុងយ៉ាងបិទខ្ទប់យ៉ាងតឹងណែន។

គួរបញ្ជាក់ថា ប្រទេសកូរ៉េបងប្អូនទាំង២ បានយល់ព្រមទំលាក់អាវុធឈប់បាញ់​នៅឆ្នាំ១៩៥៣មែន តែរហូតមកទល់ពេលនេះ នៅតែគ្មាន​សន្ធិសញ្ញាសន្តិភាពនឹងគ្នាទេ។ មានន័យថា ប្រទេសកូរ៉េបងប្អូនទាំង២​ ស្ថិតនៅក្នុងស្ថានការណ៍​សង្គ្រាមនឹងគ្នាជានិច្ច​។ កាលពីឆ្នាំ ២០១៥ និស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើងចាប់ខ្លួន​ ក្នុងពេលចូលទៅទស្សនាបែបទេសចរណ៍ក្នុងទឹកដីកូរ៉េខាងជើង។ និស្សិតជនជាតិអាមេរិករូបនេះ ត្រូវបាន​ដោះលែងមកវិញនៅឆ្នាំ​២០១៧ ជាមួយនឹងស្ថានភាពជម្ងឺ បាត់បង់ស្មារតីដេកស្តូកស្តឹង ហើយបានស្លាប់​ប៉ុន្មានថ្ងៃក្រោយមក ពេលត្រូវគេបញ្ជូន​ទៅដល់​សហរដ្ឋអាមេរិក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ