អានតួអត្ថបទ

តៃវ៉ាន់ធ្វើសមយុទ្ធនៅអាកាសយានដ្ឋានដ៏ធំរបស់ខ្លួនដើម្បីបង្ការពីការវាយប្រហាររបស់ចិន

នៅ​ថ្ងៃ​ពុធ ទី២៦ កក្កដា តៃវ៉ាន់​បាន​រៀបចំ​សមយុទ្ធ​នៅ​អាកាសយានដ្ឋាន​ដ៏​ធំ​ឈ្មោះ​តាវយ័ន។ សមយុទ្ធ​នេះ​ជា​ការ​ហាត់សម​ដើម្បី​ត្រៀម​បង្ការ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​វាយប្រហារ​ពី​ចិនដីគោក។ នេះ​ជា​ទី១ ដែល​រដ្ឋអំណាច​តៃវ៉ាន់​បាន​រៀបចំ​សមយុទ្ធ​របៀប​នេះ​ឡើង​នៅ​អាកាសយានដ្ឋាន​ដ៏​ធំ​របស់​ខ្លួន​ដែល​ស្ថិត​ក្បែរ​ទីក្រុង​តៃប៉ិក។ អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ដែល​តៃវ៉ាន​បាន​ទទួល​គំនាប​ផ្លូវ​យោធា និង​នយោបាយ​កាន់​តែ​ខ្លាំង​ពី​ចិន​ដីគោក។

តៃវ៉ាន់ធ្វើសមយុទ្ធនៅអាកាសយានដ្ឋានដ៏ធំរបស់ខ្លួនដើម្បីបង្ការពីការវាយប្រហាររបស់ចិន
តៃវ៉ាន់ធ្វើសមយុទ្ធនៅអាកាសយានដ្ឋានដ៏ធំរបស់ខ្លួនដើម្បីបង្ការពីការវាយប្រហាររបស់ចិន AP - ChiangYing-ying
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​រៀបចំ​នៅ​អាកាសយានដ្ឋាន​តាវយ័ន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​តៃវ៉ាន់​រៀបចំ​រយៈពេល​មួយ​សប្តាហ៍។ តែ​អ្វី​ដែល​ថ្មី​នៅ​ក្នុង​សមយុទ្ធ​ឆ្នាំ ២០២៣ នេះ គឺ​ការ​ដាក់​បញ្ចូល​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​យុទ្ធសាស្រ្ត ដូច​យ៉ាង​អាកាសយានដ្ឋាន​ស៊ីវិល​ទៅ​ក្នុង​វិធានការ​ការពារ​ពី​ការ​វាយប្រហារ​របស់​ចិន​ដីគោក។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សមយុទ្ធ​រយៈពេល​ប្រមាណ​ជា ៣០នាទី​នៅ​អាកាសយានដ្ឋាន​តាវយ័ន គេ​ឃើញ​មាន​ការ​ចូលរួម​ពី​កម្លាំង​ប៉ូលិស​នៅ​អាកាសយានដ្ឋាន ក្រុម​អ្នកពន្លត់អគ្គីភ័យ កម្លាំងស៊ីវិល និង​កម្លាំងទ័ព។ មាន​សម្លៀកបំពាក់​កងទ័ព ប្រមុខដឹកនាំ​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​ដែល​មាន​វត្តមាន​នៅ​ក្នុង​សមយុទ្ធ​បាន​ថ្លែង​ថា ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​រឿង​ចាំ​បាច់​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណៈភាព​ទឹកដី​តៃវ៉ាន់។

អ្នកជំនាញ​យោធា​លោក Alexander Huang បាន​បញ្ជាក់​ថា សមយុទ្ធ​ដែល​រដ្ឋអំណាច​តៃវ៉ាន់​បាន​រៀបចំ​នៅ​អាកាសយានដ្ឋាន​នេះ​ជា​សមយុទ្ធ​ដើម្បី​បង្ការ​ការ​ចូល​ឈ្លានពាន​របស់​ចិន​ដូច​ដែល​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន។ តាម​លោក Alexander Huang បើ​សត្រូវ​អាច​វាយ​ចូល​កាន់កាប់​អាកាសយានដ្ឋាន​បាន សត្រូវ​អាច​បញ្ជូន​ទ័ព​យ៉ាង​ច្រើន​សម្បើម​តាម​ផ្លូវអាកាស​សម្រាប់​បើក​ប្រតិបត្តិការ​ឈ្លានពាន​របស់​ខ្លួន។ អ្នកជំនាញ​យោធា​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ការ​ធ្វើ​សមយុទ្ធ​នៅ​អាកាសយានដ្ឋាន​ដូច​ដែល​តៃវ៉ាន់​បាន​ធ្វើ​ពេល​នេះ​ជា​រឿង​ល្អ។

គួរ​បញ្ជាក់​ថា តៃវ៉ាន់​តែង​រៀបចំ​សមយុទ្ធ​ញឹកញាប់ និង​គ្រប់​រូបភាព​ទាំង​អស់​ដើម្បី​បង្ការ​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​សំណាក់​ចិន​ដីគោក។ តាំង​ពី​លោកស្រី​សៃ អ៊ីងវេន​ឡើង​កាន់​តំណែង​ប្រមុខ​ដឹកនាំ​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០១៦ មក តៃវ៉ាន់​បាន​ទទួល​គំនាប​យោធា និង​នយោបាយ​កាន់​តែ​ខ្លាំង​ពី​ចិន​ដីគោក។ ចិន​ដីគោក​ដែល​បាន​អះអាង​ច្រើន​ដង​តាំង​ពី​ដើម​មក​ថា តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន និង​ដែល​ខ្លួន​មិន​ញញើត​ប្រើ​ទ័ព​ដើម្បី​វាយប្រហារ​យក​ទេ បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ