អានតួអត្ថបទ
តៃវ៉ាន់-អាមេរិក

សហរដ្ឋអាមេរិក ប្រកាសផ្តល់​ជំនួយយោធាឲ្យ​តៃវ៉ាន់ ក្នុងទឹកប្រាក់ ៣៤៥លាន​ដុល្លារ

រដ្ឋាភិបាលអាមេរិក ទើបតែបាន​ប្រកាស​ឲ្យដឹងថា គេបានសម្រេចចិត្ត​ផ្តល់ជំនួយយោធា ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ចំនួន​៣៤៥លានដុល្លារ។ តាមធម្មតា កន្លងមកអាមេរិក​ ផលិត​អាវុធ​លក់ឲ្យតៃវ៉ាន់ តែលើកនេះ ផ្អែកតាមប្រភពពីមន្រ្តី​ក្រសួងការពារជាតិអាមេរិក គឺអាមេរិកបាន​សម្រេចដកគ្រឿងសព្វាវុធរបស់​ខ្លួន ដែលមានក្នុងស្តុកស្រាប់ យកទៅ​ឲ្យ​តៃវ៉ាន់តែម្តង។

កងទ័ពតៃវ៉ា​ន់​កំពុងធ្វើសមយុទ្ធប្រចាំឆ្នាំ នៅ​ឆ្នេរតំបន់​ New Taipei City ភាគខាងជើងកោះតៃវ៉ាន់ ថ្ងៃទី២៧កក្កដា ២០២៣
កងទ័ពតៃវ៉ា​ន់​កំពុងធ្វើសមយុទ្ធប្រចាំឆ្នាំ នៅ​ឆ្នេរតំបន់​ New Taipei City ភាគខាងជើងកោះតៃវ៉ាន់ ថ្ងៃទី២៧កក្កដា ២០២៣ AP - ChiangYing-ying
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតប្រកាសរបស់​សេតវិមាន ចេញផ្សាយ​ល្ងាចថ្ងៃទី២៨កក្កដា គឺមិនបានលំអិតទេ ថាក្នុងចំណោមជំនួយយោធាគិតជាទឹកប្រាក់​ ចំនួន​៣៤៥លានដុល្លារ​ គឺមាន​ជាអ្វីខ្លះ​ជាក់ស្តែង។ គេគ្រាន់តែបានបញ្ជាក់ថា អាមេរិក នឹងជួយ​ផ្នែកសម្ភា​រៈយោធា និងមានជួយ​ផ្នែកបណ្តុះបណ្តាល​បង្វឹកកងទ័ពតៃវ៉ាន់ផងដែរ​។

ដោយ​ឡែក​ ផ្អែកតាមមន្ត្រីអាមេរិក​ម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានអះអាងកាលពីថ្ងៃសុក្រ​ថា ក្នុងទំហំទឹកប្រាក់នេះ គឺមានជាអាទិ៍ ប្រព័ន្ធអង្កេតតាមដានប្រមូលទិន្នន័យកងទ័ព គ្រាប់កាំភ្លើងគ្រប់​ប្រភេទ គ្រឿងបន្លាស់​ និង​សម្ភារៈជាច្រើនមុខផ្សេងទៀត ដែលកងទ័ពតៃវ៉ាន់​ត្រូវការ​។

គួររំលឹកថា ជានិច្ចជាកាល អាមេរិក​យល់​ព្រម​ផលិត​លក់អាវុធទៅឲ្យតៃវ៉ាន់ ទៅតាមការបញ្ជទិញ។ តែអ្វីដែលពិសេស នៅលើកនេះ គឺ​រដ្ឋាភិបាលអាមេរិកបាន​សម្រេច​ដកគ្រឿងសម្ភារៈ និងគ្រាប់ ដែល​មាន​នៅក្នុងស្តុករបស់​ក្រសួងការពារជាតិ យកទៅឲ្យ​តៃវ៉ាន់តែម្តង។ ពោលគឺ​ ដូចករណីជំនួយ​យោធា ដែល​អាមេរិកបានជួយអ៊ុយក្រែន​ដែរ ក្នុងរវាង​ជាង​១ឆ្នាំមកនេះ​។ អ្នកនាំពាក្យ​ម្នាក់​នៃមន្ទីរបញ្ចកោណ បាន​លើកឡើងថា ជំនួយយោធាថ្មីរបស់​អាមេរិក​នេះ នឹងអនុញ្ញាតឲ្យតៃវ៉ាន់ អា​​ចមានលទ្ធភាពការពារខ្លួនបានភ្លាមៗ ក្នុងពេលនេះនិងក្នុងពេលអនាគត មិនថា​ផ្នែក​ស្តុកអាវុធការពារខ្លួន ផ្នែកសមត្ថភាព​ប្រឆាំងរថក្រោះ និងផ្នែកការពារផ្លូវអាកាសជាដើម​។

សូមរំលឹកថា តាមច្បាប់​មួយអនុម័តដោយ​សភាខុនហ្ក្រេសអាមេរិក គឺរដ្ឋាភិបាល​អាចដកស្តុកគ្រឿងសព្វាវុធ ពីក្នុង​ស្តុក​របស់​ក្រសួងការពារជាតិ យកទៅជួយតៃវ៉ាន់បាន ក្នុង​ទំហំទឹកប្រាក់ មិនឲ្យ​លើស​​១ពាន់លានដុល្លារ​។​ ជាវិធានការ ដើម្បី​បង្អាក់ ចេតនា​ចង់ឈ្លានពានរបស់ចិន ឲ្យខ្លាចរអា។

គួរកត់សំគាល់ដែរថា ការប្រកាសផ្តល់ជំនួយយោធាទៅឲ្យតៃវ៉ាន់នេះ គឺវាស្ថិតក្នុងបរិបទមួយ ដែល​សហរដ្ឋអាមេរិក ក៏កំពុងប្រឹងប្រែង​ បើកផ្លូវចរចាផ្នែកការទូតជាមួយចិនដែរ។ មន្ត្រីអាមេរិក​ធំៗជាបន្តបន្ទាប់ បាន​បន្តកន្ទុយគ្នាទៅប៉េកាំង​ ដើម្បីជួប​ជាមួយ​ថ្នាក់ដឹកនាំចិន។ កាលពីពាក់កណ្តាលខែមិថុនា លោក​ប្រមុខការទូតអាមេរិក បានទៅជួបសមភាគីចិន តែលទ្ធផល​បានត្រឹមតែ​ការមានះ​រក្សាជំហររឹងរៀងខ្លួន។​ យ៉ាងណាក៏ដោយ ភាគីទាំង២អះអាងថា សង្ឃឹមរក្សាបើកច្រកផ្លូវទំនាក់ទំនងនិយាយគ្នានេះបន្តទៀត ដើម្បីបញ្ចៀសកុំឲ្យ​បញ្ហាឈានទៅ​ក្លាយជា​ប្រឈមមុខដាក់គ្នាដោយ​កម្លាំងទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ