អានតួអត្ថបទ
តៃវ៉ាន់-អាមេរិក

អនុប្រធានាធិបតី​តៃវ៉ាន់​នឹង​ឆៀង​ចូល​អាមេរិក​ មិន​ខ្វល់​នឹង​ការ​ប្រឆាំង​ចិន

ចិន​ប្រឆាំង​ដាច់​ខាត​មិន​ឱ្យ​តៃវ៉ាន់​មាន​ការ​ទាក់​ទង់​ជាផ្លូវការ​ណាមួយ​ជា​បរទេសទេ។ ប៉ុន្តែ​លោក វីលីយ៉ាំ ឡៃ អនុប្រធានាធិបតី​តៃវ៉ាន់ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍​នេះ។ ជា​ផ្លូវការ​លោក ឡៃ គ្រាន់​តែ​ចុះ​សំចត​នៅ​ទីក្រុង​ញូវយ៉កមួយ​ភ្លែត មុននឹង​បន្ត​​ទៅ​ប្រទេស​ប៉ារ៉ាហ្គាយ​ប៉ុណ្ណោះ។​ ប៉ារ៉ាហ្គាយ​ជា​ប្រទេសតែ​មួយ​គត់​​នៅ​លើ​ទ្វីប​អាមេរិក​ឡាទីន​ដែល​ទទួល​ស្គាល់​តៃវ៉ាន់​ជា​ផ្លូវការ។

អនុប្រធានាធិបតី​តៃវ៉ាន់​នឹង​ឆៀង​ចូល​អាមេរិក​ មិន​ខ្វល់​នឹង​ការ​ប្រឆាំង​ចិន
អនុប្រធានាធិបតី​តៃវ៉ាន់​នឹង​ឆៀង​ចូល​អាមេរិក​ មិន​ខ្វល់​នឹង​ការ​ប្រឆាំង​ចិន REUTERS - ANN WANG
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិកមិនមែន​ជាទិសដៅ​​ដំណើរ​ទស្សនកិច្ចជា​ផ្លូវការ ​របស់​លោក ឡៃ អនុប្រធានាធិបតី​តៃវ៉ាន់​ នា​ថ្ងៃសៅរ៍​នេះ​ទេ។ ប៉ុន្តែ មុន​នឹង​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ារ៉ាហ្កាយ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ចូលកាន់​តំណែង​​របស់​ប្រធានាធិបតី​ប៉ារ៉ាហ្កាយ​ថ្មី​លោក សង់ត្យាហ្កោ ប៉េញ៉ា លោក​អនុប្រធានាធិបតីតៃវ់ាន់ឆ្លៀត​ឆៀងចូល​ទឹកដី​អាមេរិក ដើម្បី​ជួប​​ឥស្សរជន​អាមេរិកមួយ​ចំនួន​។​

​នៅក្នុង​សារ​បង្ហោះ​តាម​ប្រព័ន្ធ​x (ឈ្មោះ​ថ្មី​របស់បណ្តាញ​ទ្វីតទ័រ) លោក​ឡៃ បានអះអាង​ត្រៀម​ជួប​ជាមួយ​មិត្ត​អាមេរិក​។ ជា​ចម្លើយ​តប​នឹង​លោក​ឡៃ​តាម​បណ្តាញដដែល​នេះ ប្រធាន​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់ ដែល​ដោយ​ជាក់​ស្តែង​មាន​ការងារ​ជា​ស្ថានទូត​អាមេរិក​សម្រាប់​​តៃវ៉ាន់ និង​មានទីតាំង​នៅ​Virginie លោកស្រី ឡូរ៉ា រ៉ូសិនប៊ែរហ្គឺរ បាន​ឡើយ​តប​ថា វិទ្យាស្ថានអាមេរិក​រង់ចាំ​ទទួល​ស្វាគមន៍​លោក​អនុប្រធានាធិបតី​​ក្នុង​ពេល​​ធ្វើ​ដំណើរ​សំចត​ដើម្បី​ទៅ​ប៉ារ៉ាហ្គាយ។

ពោល​គឺ​ដូចដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានាធិបតី​កាលពីខែ​មេសា​ដែរ ដែល​ក្នុង​ពេល​សំចត​លើ​ទឹក​ដីអាមេរិក ​លោកស្រី​សៃអ៊ីនវេនបាន​ឆ្លៀត​ជួប​សន្ទនា​ជាមួយ​ប្រធាន​សភា​អាមេរិក​លោក ខេវីន ម៉ាកកាទី ជា​ហេតុ​​ធ្វើ​ឱ្យ​ចិន​ក្តៅក្រហាយ​យ៉ាង​ខ្លាំង។

ចិន​​បាន​ថ្កោល​ទោស​តាំង​ពី​ថ្ងៃទី​៣​សីហា ដំណើរ​សំចត​របស់​លោក​អនុប្រធានាធិបតី​តៃវ៉ាន់​នៅ​អាមេរិក ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំអាមេរិកបញ្ឈប់​ការ​ផ្តោះប្តូរ​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ដោយ​គោរព​គោលការណ៍​ចិន​តែមួយ។ ឈរ​លើគោលការណ៍​នេះ ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន​ដែល​ប៉េកាំង​អាច​នឹង​ចាប់​ក្រសោប​យក​មក​វិញ​ដោយ​កម្លាំង​បើ​ចាំបាច់។ ជាមួយ​នឹង​ពាក្យ​បរិហារ ចិន​បាន​បង្កើន​វត្តមាន​យោធា​នៅ​ជុំ​វិញ​ដែន​ទឹក និង​ដែន​អាកាស​​តៃវ៉ាន់ យ៉ាងច្រើន​សន្ធឹក​សន្ធាប់​​លើស​ធម្មតាខ្លាំង​ណាស់ នៅ​សប្តាហ៍​នេះ។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ សម្គាល់​ឃើញមាន​​​​​យន្តហោះ​៣៣គ្រឿង​និង​នាវា​សង្គ្រាម​៦​គ្រឿងរបស់​ចិន នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​ តាំងពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​សុក្រ​ម្សិលមិញ។

​សម្រាប់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់​ ដំណើរ​សំចត​របស់​លោក​ឡៃ​លើ​ទឹក​អាមេរិក​គ្មានពិសេស​សោះ លោក​ធ្លាប់​ធ្វើ​ដូច្នេះ​១១​ដង​មក​ហើយ។ នៅ​លើក​នេះ ​លោក​ ឡៃ ​ត្រូវ​​ចុះ​សំចត​​នៅក្រុង​ញូវយ៉កពេល​ទៅ​ និង​សំចត​នៅ​សាន់ហ្វាន់ស៊ីស្កូ​ពេល​ត្រលប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប៉ារ៉ាហ្គាយ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ