អានតួអត្ថបទ

កូរ៉េខាងជើង អនុញ្ញាតឲ្យពលរដ្ឋរស់នៅបរទេសធ្វើមាតុភូមិនិវត្តន៍ ក្រោយផ្អាកដោយសារកូវីដ

កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានសម្រេចបើកព្រំដែនឲ្យពលរដ្ឋរបស់ខ្លួននៅបរទេស ធ្វើមាតុភូមិនិវត្តន៍ ក្រោយបានបិទកាលពីដើមឆ្នាំ២០២០មក ដោយសារវិបត្តិកូវីដ-១៩ ។ ការប្រកាសយ៉ាងដូច្នេះ ក៏ធ្វើឡើងក្រោយថ្មីៗនេះ មានជើងហោះហើរពាណិជ្ជកម្មមួយរបស់កូរ៉េខាងជើង បានចុះចតនៅទីក្រុងប៉េកាំង ជាលើកដំបូងផងដែរ គិតចាប់តាំងពីវិបត្តិកូវីដ-១៩មកដូចគ្នា ។ ទោះបីជាយ៉ាងណា កូរ៉េខាងជើងនៅតែតម្រូវឲ្យអ្នកធ្វើដំណើរ ធ្វើចត្តាឡីស័ក រយៈពេល១សប្ដាហ៍។

Kim Jong Un (C) inspecting the Kumsong Tractor Factory in Nampo.
Kim Jong Un (C) inspecting the Kumsong Tractor Factory in Nampo. AFP - STR
ផ្សាយពាណិជ្ជកម្ម

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានប្រកាសអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្រៅប្រទេស អាចធ្វើមាតុភូមិនិវត្តន៍ ក្រោយខកខានអស់ជាង៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។  ក៏ប៉ុន្តែការរឹតត្បឹតកូវីដមិនទាន់ត្រូវបានដកចេញអស់ទាំងស្រុងទេ ខណៈអ្នកធ្វើដំណើរនៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១សប្ដាហ៍។

យោងតាមទីស្នាក់ការកណ្ដាលទប់ស្កាត់រោគរាតត្បាតអាសន្នរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍ម្សិលមិញ ការអនុញ្ញាតនេះ ធ្វើឡើងស្របទៅតាមការកែសម្រួលកម្រិតនៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ក្រោយស្ថានភាពរាតត្បាតនៅលើពិភពលោក មានភាពធូរស្បើយឡើងវិញ។

ជាការកត់សម្គាល់ ការសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩របស់កូរ៉េខាងជើងនាពេលនេះ ធ្វើឡើងជាច្រើនខែ ក្រោយប្រទេសជាច្រើនក្នុងទ្វីបអាស៊ីផ្សេងទៀត។ ក្នុងនោះ ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាប្រទេសបានដាក់វិធានការរឹតត្បឹតកូវីដយ៉ាងតឹងរឹងនោះ បានដកចេញនូវវិធានការសូន្យកូវីដរបស់ខ្លួនតាំងពីខែធ្នូឆ្នាំ២០២២មកម្ល៉េះ។

យ៉ាងណាក៏ដោយ ទាំងនេះ គឺជាសញ្ញាមួយចំនួននៃការឈានទៅវិលត្រឡប់បើកព្រំដែនទាំងស្រុងរបស់កូរ៉េខាងជើង ខណៈកាលពីថ្ងៃអង្គារទី២២សីហាថ្មីៗនេះ ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិមួយរបស់កូរ៉េខាងជើង ក៏បានចុះចតទៅទីក្រុងប៉េកាំងជាលើកដំបូងផងដែរ គិតចាប់តាំងពីរោគរាតត្បាតកូវីដមក។ ទន្ទឹមនឹងនេះ ជើងហោះរវាងកូរ៉េខាងជើងនិងរុស្ស៊ី ក៏គ្រោងនឹងបន្តឲ្យមានឡើងវិញ ជាក់ស្ដែងក្នុងខែសីហានេះ កូរ៉េខាងជើងនឹងមានជើងហោះហើរសរុបចំនួន៤ នឹងធ្វើដំណើរទីក្រុងព្យុងយ៉ាង ទៅកាន់ក្រុង វ្លាឌីវ៉ូស្តុក (Vladivostok)នៃប្រទេសរុស្ស៊ី៕

សូមបញ្ជាក់ថា កន្លងមក ប្រតិភូបរទេសជាច្រើន បានសម្រេចបិទផ្អាកស្ថានទូតរបស់ខ្លួនក្នុងទីក្រុងព្យុយ៉ាង ដោយសារតែមិនអាចបញ្ជូនបុគ្គលិក ឬដឹកជញ្ជូនទំនិញបានងាយស្រួល អំឡុងការរាំងខ្ទប់ព្រំដែនរបស់កូរ៉េខាងជើងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ