អានតួអត្ថបទ
ជប៉ុន-ចិន

ហ្វ៊ូគូស្ហ៊ីម៉ា៖ ជប៉ុន​អំពាវនាវឲ្យរដ្ឋាភិបាល​ចិន ប្រាប់ពលរដ្ឋខ្លួន​ឲ្យ​រក្សាការស្ងៀមស្ងាត់

បន្ទាប់ពី​អាជ្ញាធរជប៉ុន បានចាប់ផ្តើម​បង្ហូរទឹកកាកសំណល់ នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅក្នុងសមុទ្រ សកម្មភាពតវ៉ាបាន​ស្ទុះឡើងកាន់តែខ្លាំង ពីសំណាក់​ប្រជាជនចិន​។ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ មានករណី​ជនជាតិចិន ហៅទូរស័ព្ទមករំខាន និងជេរប្រមាថ​មកលើ​ប្រជាជនជប៉ុន នៅតំបន់ហ្វ៊ូគូស្ហ៊ីម៉ា។

ប្រជាជនចិននៅហុងកុង ធ្វើបាតុកម្មប្រឆាំងនឹង​ការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រ Fukushima ចូលទៅក្នុងសមុទ្រ។ ហុងកុង ថ្ងៃទី ២៤ សីហា ២០២៣
ប្រជាជនចិននៅហុងកុង ធ្វើបាតុកម្មប្រឆាំងនឹង​ការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រ Fukushima ចូលទៅក្នុងសមុទ្រ។ ហុងកុង ថ្ងៃទី ២៤ សីហា ២០២៣ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃព្រហស្បតិ៍ លេខទូរស័ព្ទចិនបានហៅមកកាន់ សហគ្រាស ភោជនីយដ្ឋាន សាលារៀន និងទីតាំងរដ្ឋបាលនានា នៅតំបន់ហ្វូគូស៊ីម៉ា។ ម្ចាស់ភោជនីយដ្ឋានម្នាក់ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Kyodo ថា គ្រាន់តែក្នុងមួយថ្ងៃសុក្រ ខ្លួនបានទទួលការហៅទូរស័ព្ទមករំខាន ចំនួន​ប្រមាណ​១០០០ដង ដែលភាគច្រើន សុទ្ធតែជាលេខទូរស័ព្ទហៅមកពីចិន។ ដូចគ្នាដែរ លោកអភិបាលក្រុងហ្វ៊ូគូស្ហ៊ីម៉ា បានសរសេរនៅលើ​ Facebook ថា សាលាក្រុងលោក ​បានទទួលការហៅទូរស័ព្ទ​រំខាន ពីជនជាតិចិន មិនតិចជាង២០០ដងទេ​ ក្នុងរវាង​២ថ្ងៃចុងក្រោយ​នេះ​។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមចិន គេឃើញ​មានជនជាតិចិនជាច្រើននាក់ បាន​បង្ហោះរូបភាពជាច្រើន បង្ហាញ​ឲ្យឃើញពួកគេចុចលេខទូរស័ព្ទជប៉ុន ដើម្បីតវ៉ា ទាក់ទិននឹងការ​បង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅកាន់សមុទ្រ​។

លោក Hiroyuki Namazu មន្ត្រីជប៉ុន​ទទួលបន្ទុក​កិច្ចការអាស៊ី បាន​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានជូនដំណឹងទៅកាន់​ស្ថានទូតចិនប្រចាំនៅទីក្រុងតូក្យូ ឲ្យ​ចាត់វិធានការប្រាប់ទៅកាន់​ប្រជាជនចិន​ ឲ្យ​រក្សាការស្ងាត់ស្ងៀម។ នៅក្នុងលិខិតនោះដែរ ក្រសួងការបរទេសជប៉ុន បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាលចិន ត្រូវតែចាត់វិធានការ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព របស់ប្រជាជនជប៉ុន ព្រមទាំងសហគ្រាសជប៉ុន ដែលស្ថិតនៅក្នុងប្រទេសចិន​។

គួរបញ្ជាក់ដែរថា ស្របពេលជាមួយ​ការចេញលិខិតអំពាវនាវនេះ ស្ថានទូតជប៉ុន​ប្រចាំនៅទីក្រុងប៉េកាំងឯនោះ​ ក៏បាន​​ប្រកាសប្រាប់ទៅកាន់​ពលរដ្ឋជប៉ុន​ ដែលកំពុងស្ថិតនៅក្នុងប្រទេសចិន កុំឲ្យ​និយាយគ្នាជាភាសាជប៉ុនឮៗ​ពេក ដើម្បី​​ការពារសុវត្ថិភាព​ផ្ទាល់ខ្លួន​​។

សូមបញ្ជាក់ថា ក្រោយការចាប់ផ្តើម​បង្ហូរទឹកកាកសំណល់ ចេញពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅក្នុងសមុទ្រ​ រដ្ឋាភិបាលចិន បាន​ប្រតិកម្ម​ខ្លាំងៗជាងគេ​ ដោយ​បាន​ប្រកាសផ្អាកការនាំចូលគ្រឿងសមុទ្រមកពីជប៉ុន​។ ប្រជាជនកូរ៉េខាងត្បូង និងប្រជាជនជប៉ុនមួយចំនួន​​ ក៏បានជួបជុំគ្នាដែរ ដើម្បីធ្វើបាតុកម្ម​​ប្រឆាំង ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Tepco និងអាជ្ញាធរ​នុយក្លេអ៊ែរជប៉ុន។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ជប៉ុន​អះអាងថា  ប្រតិបត្តិការ​បង្ហូរទឹកកាកសំណល់ ចំនួនប្រមាណ​ ១លាន​៣សែន​ម៉ែត្រគូប ចូលទៅក្នុងសមុទ្រនេះ គឺនឹងធ្វើម្តងបន្តិច ម្តងបន្តិច រហូតដល់ឆ្នាំ​២០៥០។ ជាងនេះទៀត ទឹកកាកសំណល់នេះ ត្រូវគេយកទៅបន្សុត បន្សាបជាតិវិទ្យុសកម្ម នៅសល់តែសារធាតុ Tritium មួយមុខបណ្ណោះដែល​មិនអាច​ផ្តាច់ចេញបាន។ ទឹកកាកសំណល់នេះ ត្រូវគេយកទៅលាយ​ជាមួយ​ទឹកសមុទ្រ មុននឹងបង្ហូរទៅឆ្ងាយ​ក្នុងបាតសមុទ្រ ដោយ​អនុឡោម ទៅតាម​ការអនុញ្ញាតពីសំណាក់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ​។ នៅថ្ងៃអាទិត្យ ២ថ្ងៃក្រោយ​ការចាប់ផ្តើ​ម​ប្រតិបត្តិការបង្ហូរ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនបានអះអាងថា គេបានស្រង់សំណាកជាថ្មី ពីក្នុងទឹកសមុទ្រ ដែលបង្ហាញថាគ្មានសញ្ញាអ្វីបញ្ជាក់អំពី​កម្រិត​ខ្ពស់នៃ សារធាតុ Tritium ហើយ​ក៏គ្មាន​សញ្ញាសារធាតុវិទ្យុសកម្មអ្វីដែរនៅក្នុងទឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ