អានតួអត្ថបទ
កូរ៉េខាងជើង-រុស្ស៊ី

អាមេរិក​អះអាងថា គីម ជុងអ៊ុន ចង់ទៅជួបពូទីន ដើម្បីនិយាយពីរឿងលក់អាវុធ

មេដឹកនាំរបបផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន មានបំណងចង់ទៅរុស្ស៊ី ដើម្បីជួបជាមួយ​លោក​ពូទីន និយាយពីរឿងអាវុធ ដែលកូរ៉េខាងជើង ចង់លក់ទៅ​ឲ្យរុស្ស៊ី។ នេះបើផ្អែកតាមការអះអាង នៅថ្ងៃចន្ទទី​៥កញ្ញា ពីសំណាក់សេតវិមាន។

លោក គីម ជុងអ៊ុន និងលោក​ ពូទីន ជល់កែវគ្នាក្នុង​ឱកាសជួបគ្នា នៅ​ក្រុងវ្លាឌីវ៉ូស្តុក ថ្ងៃទី ២៥ មេសា ២០១៩
លោក គីម ជុងអ៊ុន និងលោក​ ពូទីន ជល់កែវគ្នាក្នុង​ឱកាសជួបគ្នា នៅ​ក្រុងវ្លាឌីវ៉ូស្តុក ថ្ងៃទី ២៥ មេសា ២០១៩ AP - 朝鮮通信社
ផ្សាយពាណិជ្ជកម្ម

លោកស្រី Adrienne Watson អ្នកនាំពាក្យម្នាក់​នៃ​​ក្រុមប្រឹក្សាសន្តិសុខជាតិ នៅសេតវិមានអាមេរិក បាន​អះអាងថា ការចរចាទិញលក់​គ្រឿងសព្វាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើង បាននិងកំពុងប្រព្រឹត្តិធ្វើទៅ​យ៉ាងសកម្ម​។ ផ្អែកតាមអ្នកនាំពាក្យ​រូបនេះ គេដឹងច្បាស់ថា មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន មានបំណង​ចង់ឲ្យការចរចានេះ បន្តទៅមុខ ដោយ​មានជាអាទិ៍ ការ​ពិភាក្សាការទូត ជាន់ខ្ពស់បំផុត រវាង​ព្យុងយ៉ាង និងម៉ូស្គូ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍​កន្លងទៅ ​លោក John Kirby អ្នកនាំពាក្យ​ម្នាក់ទៀត នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​បញ្ជាក់ អំពីដំណើរឈានទៅមុខ​កាន់តែខ្លាំង ស្តីអំពីការ​ចរចាលក់អាវុធ ដែល​កូរ៉េខាងជើង និង​បញ្ជូនទៅឲ្យ​រុស្ស៊ី។ ដំណើរការគ្រោះថ្នាក់ ដែល​រដ្ឋាភិបាល​អាមេរិក បានអំពាវនាវ ឲ្យ​របបផ្តាច់ការព្យុងយ៉ាង ត្រូវតែបញ្ឈប់ជាបន្ទាន់​។

ផ្អែកតាមលោក John Kirby បើការចរចាបានសម្រេច កូរ៉េខាងជើងអាចនឹងលក់គ្រឿងសព្វាវុធក្នុងទំហំដ៏ធំ ទៅឲ្យរុស្ស៊ី ដែលមានជាអាទិ៍ គ្រាប់កាំភ្លើងធំ​ គ្រាប់កាំភ្លើងត្បាល់ ព្រមទាំង​វត្ថុធាតុដើមចាំបាច់ផ្សេងទៀត ដែលប្រើប្រាស់​ក្នុង​វិស័យកងទ័ព​។ លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ បានបន្ថែមថា គ្រឿងសព្វាវុធទាំងអស់នេះ គឺរុស្ស៊ី នឹងយកទៅធ្វើសង្គ្រាម​នៅអ៊ុយក្រែន​។

យោងតាម​ការចុះផ្សាយ​របស់កាសែត New York Times មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន អាចនឹងធ្វើដំណើរតាមរថភ្លើង ទៅ​​ទីក្រុងវ្លាឌីវ៉ូស្តុក​ ដែលស្ថិតនៅភាគខាងកើតបង្អស់ នៃទឹកដីរុស្ស៊ី ដើម្បីជួបលោកពូទីន ក្នុងរវាងខែកញ្ញានេះ​។ ប្រភពដដែលនេះ លើកឡើងថា លោកពូទីនចង់ទិញពីកូរ៉េខាងជើង នូវ​​គ្រាប់កាំភ្លើងធំ និងមីស៊ីលបាញ់កម្ទេចរថក្រោះ​។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ ធ្វើការ​នៅ​ក្រសួងបង្រួបបង្រួមកូរ៉េ បាន​អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាពិតជាមាន​ការចរចា​លក់អាវុធ រវាង​កូរ៉េខាងជើងនិងរុស្ស៊ី មែន​។ ជាថ្នូរវិញ កូរ៉េខាងជើង ចង់បានការជួយពីរុស្ស៊ី នៅក្នុងវិស័យ​បច្ចេកវិទ្យាទំនើប ប្រើលើ​ផ្កាយរណប និងនាវាមុជទឹកបាតសមុទ្រ ព្រមទាំងជំនួយស្បៀងអាហារផងដែរ​។

គួររំលឹកថា កាលពីចុងខែកក្កដា រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី លោក ស៊ែរហ្កី ឆយហ្គូ បានទៅ​មើលការដង្ហែរក្បួនព្យុហយាត្រាកងទ័ព ជាមួយ​លោក​គីម ជុងអ៊ុន នៅ​ព្យុងយ៉ាង ដែលតាមការអះអាងរបស់វ៉ាស៊ីនតោន ក្នុងឱកាសនោះ លោក ស៊ែរហ្កី ឆយហ្គូ ទំនងជាបាន​បញ្ចុះបញ្ចូល​ឲ្យកូរ៉េខាងជើងលក់គ្រាប់កាំភ្លើងធំឲ្យ​។ ហើយ​ក្រោយ​ដំណើររបស់​លោកស៊ែរហ្កី ឆយហ្គូ គណប្រតិភូរុស្ស៊ីមួយក្រុមទៀត បានទៅកូរ៉េខាងជើងដើម្បី​បន្តចរចាទិញអាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ